អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ខ្មែរ​​ងាយ​​ទទួល​យក​​ភាព​​ចម្រុះ​​នៃ​​វប្បធម៌​​ជាង​​ភាព​​ចម្រុះ​​នៃ​​នយោបាយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពិធី​បុណ្យ​​ណូអែល​​ឬ​គ្រី​ស្មាស់ ​និង​​ពិធី​បុណ្យ​ចូល​ឆ្នាំ​​សាកល​​ហាក់​ដូច​ជា​​កំពុង​តែ​​ពេញ​និយម​​ឡើង​​ក្នុង​ចំណោម​​ពលរដ្ឋ​​ខ្មែរ​​បន្ទាប់​ពី​​ពិធី​បុណ្យ​​ចូល​ឆ្នាំ​​ចិន​។ ​នេះ​​គឺ​ជា​​ភស្តុតាង​​ដែល​​បង្ហាញ​​ឲ្យ​​ឃើញ​ថា ​ជនជាតិ​ខ្មែរ​ ទាំង​​អ្នក​នយោបាយ​ ទាំង​​ពលរដ្ឋ​​សាមញ្ញ​​បាន​ទទួល​​យ​ក​​ភាព​​ចម្រុះ​​នៃ​​វប្បធម៌​​ដោយ​​ងាយ​ស្រួល​​បំផុត។​ ពួកគេ ​នាំគ្នា​​សប្បាយ​រីករាយ​​​ទទួល​​អំណរ​​ឆ្នាំ​​ថ្មី​​ទាំង​នោះ​​បើទោះបី​​មិនមែន​ជា​​ប្រពៃណី​​របស់​ខ្លួន​​ក៏​ដោយ​។ ​ប៉ុន្តែ ​ជនជាតិ​ខ្មែរ​​ហាក់​ដូច​ជា​​ពិបាក​​ទទួល​យក​​ភាព​​ចម្រុះ​​នៃ​​ទស្សនៈ​​នយោបាយ​​ឬ​​វប្បធម៌​​ពហុ​​គំនិត​​ទៅ​វិញ​។ ​តើ​​ហេតុអ្វី​​បាន​ជា​​ដូច្នេះ?​

ពិធីបុណ្យ ​Christmas ​កំពុង​ពេញនិយម​ខ្លាំង​សម្រាប់​ពលរដ្ឋ​​ខ្មែរ​​មួយ​ចំនួន​​ក្នុង​ពេល​បច្ចប្បន្ន​
ពិធីបុណ្យ ​Christmas ​កំពុង​ពេញនិយម​ខ្លាំង​សម្រាប់​ពលរដ្ឋ​​ខ្មែរ​​មួយ​ចំនួន​​ក្នុង​ពេល​បច្ចប្បន្ន​ REUTERS/
ផ្សាយពាណិជ្ជកម្ម

កាលពី​មុនគេ​ធ្លាប់​លឺ​ពាក្យ​ថា«ចូលឆ្នាំ​ចិន​ស្រវឹង​ខ្មែរ»ដែល​គេ​និយម​លើក​មក​និយាយ​កំប្លែង​លេងសើច​ក្នុងពេល​បុណ្យចូលឆ្នាំ​ចិនម្តង។ ថ្វីដ្បិតតែ​វា​ជា​ពាក្យ​កំប្លែង ប៉ុន្តែ វា​បាន​បង្កប់​អត្ថន័យ​យ៉ាងច្បាស់​លាស់​មួយ​អំពី​តថៈ​ភាព​សង្គម​ខ្មែរ។ ពាក្យ​នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ចាប់តាំងពី​អ្នកដឹកនាំ​កំពូល អ្នកនយោបាយ រហូតដល់​រាស្ត្រសាមញ្ញ សុទ្ធតែ​បាន​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ចិន។ យ៉ាងហោចណាស់ ក៏​ពួកគេ​រីករាយ​ទទួល​អំណរ​បុណ្យចូលឆ្នាំ​បរទេសមួយ​នេះដែរ។

បច្ចុប្បន្ន ពិធីបុណ្យ​ណូអែល(  Noel) ឬ​គ្រី​ស្មាស់(Christmas) និង​ចូលឆ្នាំ​សាកល ក៏​កំពុង​ពេញនិយម​យ៉ាងខ្លាំង​ដែរ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ក្នុងចំណោម​យុវវ័យ​តែម្តង។ ពួកគេ​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ទាំងនេះ​ដោយ​ក្តី​អំណរ​សាទរ​និង​ដោយ​ចុះសម្រុង។ នេះ​ស​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ទទួលយក​ភាព​ចម្រុះ​នៃ​វប្បធម៌​យ៉ាង​ងាយស្រួល​ដែល​ហាក់ដូចជា​គ្មាន​ឧបសគ្គ​ខាង​ផ្លូវចិត្ត​អ្វី​ឡើយ។

តាមពិត ការទទួលយក​ភាព​ចម្រុះ​នៃ​វប្បធម៌ ឬ​សាសនា គឺជា​លក្ខណៈពិសេស​មួយ​របស់​ជនជាតិខ្មែរ​តាំងពី​យូរណាស់​មកហើយ។ នេះ​អាច​ចាត់ទុកថា​ជា​គុណសម្បត្តិ​មួយ​ក៏​ថា​បានដែរ​ពីព្រោះ​វា​បានអនុញ្ញាត​ឲ្យ​ជនជាតិខ្មែរ​រស់នៅ​ដោយ​ចុះសម្រុង​គ្មាន​បញ្ហា​ជាតិ​សាសន៍​ឬ​បញ្ហា​សាសនា​ឡើយ​បើទោះបីជា​ប្រទេស​នេះ​ប្រកាន់យក​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​ក៏ដោយ។ ប៉ុន្តែ ការទទួលយក​វប្បធម៌​បរទេស​ដោយ​ងាយ​ពេក​ធ្វើ​ឲ្យ​កូន​ខ្មែរ​ច្រើនតែ​មិនសូវ​ដឹង​ពី​ឫសគល់​របស់ខ្លួន​និង​មិនសូវមាន​មោទនភាព​ជាតិ។

នៅលើ​ទិដ្ឋភាព​នយោបាយ ប្រសិនបើ​ខ្មែរ​បើក​ចិត្ត​ឲ្យ​ទូលំទូលាយ​ទទួលយក​វប្បធម៌​ពហុ​គំនិត​ដោយ​ចុះសម្រុង​ដូចជា​ការទទួលយក​ភាព​ចម្រុះ​នៃ​វប្បធម៌​និង​សាសនា​វិញ​នោះ ប្រហែលជា​សង្គម​មួយ​នេះ​មិនបាន​ស្គាល់​ការបែកបាក់​ដល់​ម្លឹ​ង​ទេ​ហើយក៏​គ្មាន​វិបត្តិ​ន​យោន​បាយ​ធ្ងន់ធ្ងរ​ដូច​សព្វដង​ដែរ។

តើ​ហេតុអ្វី​បានជា​ខ្មែរ​ងាយ​ទទួលយក​ភាព​ចខ​ម្រុះ​នៃ​វប្បធម៌​ជាង​ភាព​ចម្រុះ​នៃ​នយោបាយ?

មូលហេតុ​ទី១៖ ខ្មែរ​ច្រើនតែ​ផ្តល់​តម្លៃ​ខ្លាំង​ទៅលើ​អ្វី​ដែលជា​បរទេស។ មិន​ថា​ជាម​នុស្ស វត្ថុ ឬក៏​វប្បធម៌​ឡើយ ឲ្យ​តែ​មកពី​បរទេស ជនជាតិខ្មែរ​ច្រើនតែ​ទទួលស្គាល់​និង​ផ្តល់​តម្លៃ​ជាង​របស់ ខ្មែរ​ខ្លួនឯង។ នេះ​ប្រហែលជា​មកពី​ខ្មែរ​បាត់បង់​មោទនភាព​ជាតិ​ខ្លួន​យ៉ាងខ្លាំង​ដោយសារតែ​ប្រទេសជាតិ​បាន​ឆ្លងកាត់​សង្គ្រាម​វិនាសកម្ម​អស់​ជាច្រើន​ទសវត្សរ៍​រហូត​ធ្លាក់​ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម។ រហូតមកដល់​ពេលនេះ នៅពេល​មាន​វិបត្តិ​នយោបាយ​ដោះស្រាយ​មិន​ចេញ ខ្មែរ​ក៏​នៅតែរ​ត់រក​បរទេស​ឲ្យ​ជួយ​អន្តរាគមន៍​មិនសូវ​លស់​ពេល​ដែរ។

មូលហេតុ​ទី២៖ ការបាត់បង់​ជំនឿ​ចិត្ត​លើ​ខ្មែរ​គ្នាឯង។ សង្គម​មួយ​ដែល​ធ្លាប់​បែកបាក់​និង​កំពុង​បន្ត​បែកបាក់​ដូចជា​កម្ពុជា ពលរដ្ឋ​នៃ​សង្គម​នោះ​រាប់ទាំង​អ្នកនយោបាយ​ផង​តែង​បាត់បង់​ជំនឿ​ចិត្ត​លើ​គ្នា​ដោយ​ចៀស​មិន​ផុត។ ការបាត់​ជំនឿ​លើ​ខ្លួនឯង ក៏ដូចជា​លើ​ខ្មែរ​ដូចគ្នា​ដែរ​មាន​ដើមហេតុ​មកពី​ទម្លាប់​ធ្វើ​នយោបាយ​ដោយ​ប្រើ​ល្បិចកល​ផ្តួលរំលំ​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។ នៅពេលដែល​អ្នកនយោបាយ​តែង​លាក់​ល្បិច​ពីក្រោយ​ខ្នង និង​នៅពេលដែល​សំឡេង​ប្រជាពលរដ្ឋ​មិនត្រូវ​បាន​អ្នកដឹកនាំ​យកចិត្តទុកដាក់ ជំនឿ​លើ​ខ្លួនឯង​និង​លើ​ខ្មែរ​ដូចគ្នា​ត្រូវបាន​បំផ្លាញ​ជា​ស្វ័យប្រវត្តិ។

មូលហេតុ​ទី៣៖ សាកលភាវូបនីយកម្ម​ដែល​កំពុង​បោកបក់​យ៉ាង​ពេញទំហឹង​ដូច​ទឹកបាក់​ទំនប់​មកលើ​ប្រទេស​កម្ពុជា។ ជាធម្មតា​ទេ សង្គម​មួយ​ដែល​ទន់ខ្សោយ​និង​ប្រេះស្រាំ​ដូច​កម្ពុជា វប្បធម៌​បរទេស​ងាយ​នឹង​វាយលុក​ខ្លាំងណាស់​ជាពិសេស​មកលើ​យុវវ័យ​តែម្តង។ វា​មិន​ខុស​អ្វី​ពី​មនុស្ស​ដែលមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ទន់ខ្សោយ​ដែល​ងាយ​ធ្វើ​ឲ្យ​ជំងឺ​វាយលុក​នោះឡើយ។

សរុប​មកវិញ ភាពទន់ភ្លន់​ក្នុងការ​ទទួលយក​ភាព​ចម្រុះ​នៃ​វប្បធម៌ សាសនា​ឬ​ជាតិ​សាសន៍​គឺជា​ចំណុច​វិជ្ជមាន​មួយ​ទៅវិញ​ទេ​សម្រាប់​មនុស្ស​នៅក្នុង​សម័យ​ជើងមេឃ​បើកចំហ​ដូចជា​បច្ចុប្បន្ន។ យ៉ាងណាក៏ដោយ កូន​ខ្មែរ​គួរតែ​ស្គាល់​ឫសគល់​របស់ខ្លួន​ឲ្យ​បាន​ច្បាស់​ដើម្បី​ចៀសវាង​កុំ​ឲ្យ វង្វេង​នឹង​វប្បធម៌​បរទេស​រហូត​ភ្លេច​អស់​អត្តសញ្ញាណ​របស់ខ្លួន។

ប៉ុន្តែ អ្វីដែល​សំខាន់​នៅពេលនេះ​គឺ ខ្មែរ​ក៏​គួរតែ​រៀន​រស់​ដោយ​ចុះសម្រុង​គ្នា​នៅក្នុង​ភាព​ចម្រុះ​នៃ​ទស្សនៈ​នយោបាយ​ឲ្យ​ដូចជា​ការទទួលយក​ភាព​ចម្រុះ​នៃ​វប្បធម៌​យ៉ាង​ដូច្នោះ​ដែរ ពីព្រោះ​ក្នុងសង្គម​ប្រជាធិបតេយ្យ គេ​មិនអាច​ប្រកាន់​ជំហរ​រឹងកំព្រឹស​ដោយ​មិន​ស្តាប់​មតិយោបល់​អ្នកដទៃ ហើយ​លាប​ពណ៌​និង​ផាត់​ចោល​អ្នក​ដែលមាន​ទស្សនៈ​ផ្ទុយ​ពី​ខ្លួន​នោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ