អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ល្បែង​ប្រជាប្រិយ​ខ្មែរ មាន​តែ​នៅ​តាម​ពិធី​ធំៗ តែ​នៅ​តាម​ភូមិ​ជំនួស​ដោយ​ធុង​បាស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទិដ្ឋភាព​សប្បាយ​រីករាយ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​រកា នព្វស័ក ពុទ្ធស័ករាជ ២៥៦១ រយៈពេល ៣​ថ្ងៃ​កន្លង​ទៅ​នេះ បាន​រំលេច​នូវ​ភាព​សកម្ម​ព្រមៗ​គ្នា។ អ្វី​ដែល​ជា​ការ​កត់​សម្គាល់​នោះ​គឺ​ សង្ក្រាន្ត​ឆ្នាំ​ថ្មី ត្រូវ​បាន​គេ​រៀប​ចំ​ធំ​ជាង​គេ​នៅ​ខេត្ត​សៀមរាប។ អង្គរសង្រ្កាន្ត ឬ​សង្រា្កន្ត​នៅ​តាម​ខេត្ត​ផ្សេងៗ​ទៀត បាន​គ្រប​ដណ្តប់​ស្ទើរ​គ្រប់​ល្បែង​ប្រពៃណី​ខ្មែរ ដែល​គេ​តែង​លេង​កំសាន្ត​ពេល​បុណ្យ​ចូល​ឆ្នាំ។ តែ​បើ​មាន​ការ​បំផុស ឲ្យ​មាន​ការ​លេង​កំសាន្ត ដល់​មូលដ្ឋាន​បន្ថែម​ទៀត នោះ​ការ​អភិរក្ស​ល្បែង​ប្រជាប្រិយ​ខ្មែរ នឹង​មិន​មាន​អ្វី​គួរ​បារម្ភ​នោះ​ទេ។

រូបភាពចាស់៖ ល្បែង​​ប្រជាប្រិយ​​ខ្មែរ មាន​​តែ​​នៅ​​តាម​​ពិធី​​ធំៗ តែ​​នៅ​​តាម​​ភូមិ​​ជំនួស​​ដោយ​​ធុង​​បាស
រូបភាពចាស់៖ ល្បែង​​ប្រជាប្រិយ​​ខ្មែរ មាន​​តែ​​នៅ​​តាម​​ពិធី​​ធំៗ តែ​​នៅ​​តាម​​ភូមិ​​ជំនួស​​ដោយ​​ធុង​​បាស RFI
ផ្សាយពាណិជ្ជកម្ម

គ្រាន់​តែ​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប​តែ​មួយ ការ​ចូល​រួម​កំសាន្ត​ពី​ពលរដ្ឋ​ខ្មែរ និង​បរទេស ជាង​មួយ​លាន​នាក់​ទៅ​ហើយ។ បើ​និយាយ​ពី​សង្ក្រាន្ត​នៅ​តាម​ខេត្ត​ផ្សេងៗ​ទៀត នោះ​ការ​ប្រមូល​ផ្តុំ​ចូល​រួម​សប្បាយ​មាន​សភាព​កាន់​តែ​អធិកអធម​ជាង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កាល​ពី​ឆ្នាំ​មុនៗ។ កាល​ពី​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ខក​ខាន​មិន​បាន​ទៅ​ចូល​រួម​កំសាន្ត​នៅ​ក្នុង​ឱកាស​សង្ក្រាន្ត នៅ​ខេត្ត​សៀមរាប។

ការ​ខក​ខាន​នេះ បណ្តាល​មក​ពី​ចំណុច​មួយ​ចំនួន ដូច​ជា​ភាព​ចង្អៀត​ណែន​តាន់​តាប់​ដែល​មនុស្ស​មក​ពី​គ្រប់​ទិសទី​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​តែ​មួយ​កន្លែង​គឺ​ខេត្ត​សៀមរាប។ មួយ​វិញ​ទៀត អ្នក​មាន​ជីវភាព​ក្រោម​មធ្យម មិន​មាន​លទ្ធភាព​ទៅ​ចូល​រួម​កំសាន្ត​សប្បាយ​បាន​ទេ នៅ​ក្នុង​ឱកាស​អង្គរ​សង្ក្រាន្ត បើ​ពិនិត្យ​មើល​ទៅ​លើ​ការ​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ ស្នាក់​នៅ និង​អាហារ​រយៈ​ពេញ​មួយ​ចូល​ឆ្នាំ។

ក៏​ប៉ុន្តែ​មិន​ថ្វី​ទេ នៅ​ឆ្នាំ​នេះ ទោះ​ជា​មិន​បាន​ទៅ​ចូល​រួម​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប ក៏​មាន​ការ​រៀប​ចំ​សង្ក្រាន្ត​នៅ​កន្លែង​ផ្សេង​ដែរ ដែល​ការ​រៀប​ចំ​សង្ក្រាន្ត​ច្រើន​កន្លែង​បែប​នេះ អាច​ជួយ​សម្រួល​ដល់​ការ​សប្បាយ​របស់​ប្រជាពលរដ្ឋ​ដែល​មិន​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ទៅ​ចូល​រួម​អង្គរ​សង្ក្រាន្ត។ ម្យ៉ាង​ទៀត​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ ដើម្បី​សម្រួល​ឲ្យ​មាន​ការ​សប្បាយ​ទាំង​អស់​គ្នា​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ជួយ​សម្រួល​ដល់​ភាព​កកកុញ ខណៈ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ត្រូវ​គេ​ធ្វើ​ឡើង​តែ​មួយ​កន្លែង និង​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផង​ដែរ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​មិន​សូវ​ធ្វើ​ដំណើរ​ច្រើន។ រយៈ​ពេល ៥​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ មាន​មនុស្ស​ជាង ៥០​នាក់​បាន​ស្លាប់​ និង​ជាង ២០០​នាក់​រង​របួស។ នេះ​បើ​តាម​របាយការណ៍​របស់​ប៉ូលីស។

ជា​ទូទៅ វា​ជា​ចំណុច​ដ៏​វិជ្ជមាន​មួយ​ដែល​រដ្ឋ​អំណាច​ពាក់​ព័ន្ធ បាន​នាំ​គ្នា​បង្កើន​ការ​កំសាន្ត​សប្បាយ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​នីមួយៗ​ស្រុះៗ​គ្នា។ ក៏​ប៉ុន្តែ​គេ​គួរ​តែ​មាន​ការ​បំផុស និង​គាស់​រំលើង​មក​វិញ នូវ​ប្រពៃណី​បុរាណ ដែល​ការ​លេង​កំសាន្ត​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ត្រូវ​បាន​គេ​ធ្វើ យ៉ាង​ហោច​ណាស់​ក៏​ពី ១​ទៅ ២​សប្តាហ៍​ដែរ​មុន​ចូល​ឆ្នាំ​ខ្មែរ។ ក្នុង​អំឡុង​ពេល​នោះ ​រដ្ឋ​អំណាច​គួរ​ជម្រុញ​ឲ្យ​មាន​ការ​លេង​ល្បែង​ប្រជាប្រិយ ល្បែង​កំសាន្ត និង​មាន​ការ​ណែនាំ​ពី​ផ្នែក​វប្បធម៌ ផង​ដែរ ពី​របៀប​លេង​កំសាន្ត​នៃ​ល្បែង​ប្រជាប្រិយ​ខ្មែរ ចៀស​វាង​ការ​បាត់​បង់​ និង​សាប​រលាប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នូវ​ល្បែង​ប្រពៃណី​ខ្មែរ។

ជា​ការ​ទទួល​ស្គាល់​ល្បែង​របាំ​ទាំង​ឡាយ​របស់​ខ្មែរ ដែល​មាន​អត្ថន័យ​សម្រាប់​លេង​កំសាន្ត​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ត្រូវ​បាន​ដាក់​បញ្ចូល​ឲ្យ​មហាជន​លេង​កំសាន្ត ដូច​ជា​នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ជា​ដើម បង្ហាញ​នូវ​ការ​រំលឹក​ដល់​ពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​ភ្លេច ក៏​ប៉ុន្តែ​ការ​លេង​កំសាន្ត​នេះ បាន​ត្រឹម​តែ​អ្នក​ចូល​រួម តែ​មិន​បាន​ជ្រួត​ជ្រាប​សព្វ​ទី​កន្លែង ដូច​ជា​ការ​បំផុស​នៅ​តាម​មូលដ្ឋាន​នានា។ មាន​ន័យ​ថា ពី​ដើម​រៀង​មក​ល្បែង​កំសាន្ត​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ គេ​ច្រើន​នាំ​គ្នា​លេង​ភាគ​ច្រើន​នៅ​ក្នុង​វត្ត​អារ៉ាម នៅ​តាម​ភូមិ​នានា​ប្រកប​ដោយ​សាមគ្គីភាព។

សម្រាប់​របត់​ចុង​ក្រោយ​នេះ នៅ​តាម​ភូមិ និង​វត្ត​អារ៉ាម ភាគ​ច្រើន​បាន​បំភ្លេច ការ​លេង​កំសាន្ត​បែប​បុរាណ ឬ​ក៏​លេង​ដែរ តែ​មិន​គ្រប់​លក្ខណៈ បែប​ក្លាយ ឬ​មួយ​ទាំង​អស់​នេះ​ត្រូវ​ជំនួស​មក​វិញ​ដោយ​សម្លេង ធុង​បាស​ដ៏​រង្គើ​ភូមិ។ សម្លេង​ធុង​បាស និង​ការ​រាំ​កម្សាន្ត ហាក់​មាន​ភាព​ប្រជាប្រិយ​ជាង ការ​លេង​ល្បែង​ប្រពៃណី ដែល​រូបភាព​នេះ អាច​នឹង​ធ្វើ​ឲ្យ​បាត់បង់​បន្តិច​ម្តងៗ​នូវ​ល្បែង​ប្រពៃណី នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

ដូច្នេះ បើ​ទោះ​ជា​មាន​ការ​រៀប​ចំ​ឲ្យ​កំសាន្ត​ទ្រង់​ទ្រាយ​ធំ​ជុំ​គ្នា តាម​រយៈ​អង្គរ​សង្ក្រាន្ត ឬ​សង្ក្រាន្ត​តាម​កន្លែង​ប្រមូល​ផ្តុំ​ធំៗ​មួយ​ចំនួន​ក៏​ដោយ ក៏​គេ​គួរ​បន្ថែម​ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​កាន់​ខ្លាំង​ជាង​នេះ ទៅ​ទៀត​នៅ​តាម​ភូមិ ឃុំ ដែល​ការ​កំសាន្ត​សប្បាយ​នៅ​នឹង​មូល​ដ្ឋាន​ផ្ទាល់​បែប​នេះ គឺ​ជា​ការ​ផ្តល់​ឲ្យ​នូវ​លទ្ធភាព ភាព​ស្មើគ្នា​ចំពោះ​ការ​សប្បាយ និង​បង្ហាញ​ពី​សន្តិភាព​គ្រប់​ទិស​ទី។ គឺ​ជា​សន្តិភាព​ និង​ភាព​សប្បាយ​រីករាយ​ដែល​ទទួល​បាន​ទាំង​អ្នក​ក្រ និង​ទទួល​បាន​ទាំង​អ្នក​មាន នៅ​ក្នុង​សង្គម។

មួយ​វិញ​ទៀត ការ​បំផុស​ឲ្យ​មាន​ចលនា​លេង​ល្បែង​កំសាន្ត ឬ​ល្បែង​ប្រជាប្រិយ និង​ការ​លើក​ស្ទួយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដ៏​អធិកអធម​នេះ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គួរ​តែ​ធ្វើ​ឲ្យ​បាន​ជាប់​លាប់ កុំ​ធ្វើ​ទៅ​តាម​ការ​ចង់ ឬ​ហេតុផល​ផ្សេង​ក្រៅ​ពី​រក្សា​នូវ​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​ពេល​បុណ្យ​ចូល​ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ