អានតួអត្ថបទ
កម្ពុជា-តុលាការ

គណបក្ស​ខ្មែរ​ក្រោក​ប្តឹង លោក សុខ ទូច ទៅ​តុលាការ

គណបក្ស​ខ្មែរ​ក្រោក​បាន​រៀប​ចំ​ពាក្យ​បណ្តឹង ប្តឹង​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា ទៅ​តុលាការ​នា​រសៀល​នេះ។ ជា​បណ្តឹង​ដែល​ធ្វើ​ឡើង​បន្ទាប់​ពី​លោក សុខ ទូច គម្រាម​ចាប់​អ្នក ដែល​ដឹក​នាំ​យុទ្ធនាការ​រក​ស្នាម​មេ​ដៃ ដើម្បី​ទាម​ទារ​កោះ​ត្រល់​មក​វិញ។ នេះ​បើ​តាម​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក។

​បណ្ឌិត​ សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា
​បណ្ឌិត​ សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា @សហការី
ផ្សាយពាណិជ្ជកម្ម

ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នា​ថ្ងៃ​ទី​០៧ ខែ​សីហា ថា គណបក្ស​របស់​លោក​បាន​រៀប​ចំ​ពាក្យ​បណ្តឹង​រួច​រាល់​ហើយ ដើម្បី​ដាក់​ជូន​តុលាការ​នា​រសៀល​ថ្ងៃ​ទី​៧ ខែ​សីហា​នេះ។ លោក សារពង្ស អះអាង​ថា​គណបក្ស​របស់​លោក​នឹង​ប្តឹង​លោក​បណ្ឌិត សុខ ទូច ពី​បទ​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង និង​ពី​បទ​ជ្រៀត​ជ្រែក​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខងារ​សារធារណៈ។

លោក​បញ្ជាក់​ថា ការ​ប្តឹង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បណ្ឌិត សុខ ទូច បាន​ប្រើ​ងារ​ជា​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​វាយ​តម្លៃ​រឿង​នយោបាយ​ផ្តេស​ផ្តាស់ និង​វាយ​ប្រហារ​មក​លើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេ​ដៃ ដើម្បី​តវ៉ា​យក​កោះ​ត្រល់​មក​វិញ។ លោក​បន្ថែម​ថា លោក សុខ ទូច ថែម​ទាំង​គំរាម​ចាប់​អ្នក​ធ្វើ​យុទ្ធនាការ​ដាក់​ពន្ធនាគារ​ប្រសិន​បើ​លោក​ជា​រដ្ឋាភិបាល។

ប៉ុន្តែ​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​លើក​ឡើង​ថា លោក​មិន​បាន​គំរាម​អ្នក​ណា​ទេ។ លោក​បន្ត​ថា​ការ​ដាក់​ពាក្យ​បណ្តឹង​របស់​គណបក្ស​ខ្មែរ​ក្រោក គឺ​ជា​សិទ្ធិ​របស់​គណបក្ស​នេះ ហើយ​លោក​រងចាំ​ដើរ​តាម​ក្រោយ។ លោក​បន្ថែម​ថា ជា​ការ​ពិត​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​គ្រាន់​តែ​ចង់​ល្បី​ប៉ុណ្ណោះ ដើម្បី​ផ្សាយ​ពាណិជ្ជកម្ម​លក់​ដី​ឡូដ៍។

យ៉ាង​ណា​ក៏​ដោយ គណបក្ស​ខ្មែរ​ក្រោក​របស់​លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស អះអាង​ថា​នឹង​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេ​ដៃ​ចំនួន ៥​ម៉ឺន ក្នុង​បំណង​ទាម​ទារ​កោះ​ត្រល់​មក​វិញ។ យុទ្ធនាការ​របស់​គណបក្ស​លោក​នឹង​ចាប់​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា នៅ​ស្នាក់ការ​កណ្តាល​គណបក្ស។ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​លោក​អះអាង​ថា ប្រសិន​បើ​យន្តការ​ថ្នាក់​ជាតិ ដែល​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មិន​ត្រូវ​បាន​ដោះ​ស្រាយ នោះ​គណបក្ស​របស់​លោក​នឹង​បន្ត​ទៅ​យន្តការ​អន្តរជាតិ នៅ​តុលាការ​ក្រុង​ឡាអេ បន្ថែម​ទៀត។

សម្រាប់​លោក សុខ ទូច ការ​ប្តឹង​ទាមទារ​កោះ​ត្រង់​មក​វិញ​មិន​អាច​ទៅ​រួច​នោះ​ទេ​ ព្រោះ​ករណី​កោះ​ត្រល់​មិន​មែន​ជា​រឿង​គណបក្ស​ទេ គឺ​ជា​រឿង​រវាង​រដ្ឋាភិបាល នឹង​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ