អានតួអត្ថបទ
កម្ពុជា-ច្បាប់

​សហ​ចៅ​ក្រ​ម​ស៊ើប​អង្កេត​សាលា​ក្តី​ខ្មែរ​ក្រហម​ខ្វែង​យោបល់​គ្នា​លើ​សំណុំ​រឿង​០០៣​

សហ​ចៅក្រម​ស៊ើប​អង្កេត ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ​បាន​ចេញ​ដីកា​ដំណោះស្រាយ​ពីរ​ដាច់ដោយឡែក​ពី​គ្នា​នៅ​ក្នុង​សំណុំ​រឿង​០០៣ ​ដែល​មាន​ជន​សង្ស័យ ​មាស មុត ​ទាក់ទង​ថា ​តើ​មាស មុត ​ត្រូវ​ស្ថិត ​ឬ​មិនត្រូវ​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​បុគ្គល​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(អ​.វ​.ត​.ក​) ​ក្នុង​នាម​ជា​មេ​ដឹកនាំ​ជាន់ខ្ពស់ ​ឬ​ជា​ជន​ម្នាក់​ក្នុង​ចំណោម​ជន​ទាំងឡាយដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម ​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​រយៈកាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ 

រូបថត លោក មាស មុត
រូបថត លោក មាស មុត @RFI
ផ្សាយពាណិជ្ជកម្ម

ជុំវិញ​សំណុំ​រឿង​០០៣ ​ដែល​មាន​ជនសង្ស័យ ​មាស មុត ​នេះ ​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​ យល់​ឃើញ​ថា ​មាស មុត ​មិន​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​បុគ្គល​របស់ ​អ.​វ.​ត.​ក ​ក្នុង​នាម​ជា​មេដឹកនាំ​ជាន់​ខ្ពស់ ​ឬ​ជា​ជន​ម្នាក់​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត ​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ ​ទាមទារ​ឲ្យ​លើកលែង​ការ​ចោទប្រកាន់​លើ ​មាស មុត ​ដោយសារ​មូលហេតុ​នេះ​។

សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ ​បាន​ពិចារណា​លើ​កម្រិត​នៃ​ការ​ចូលរួម​របស់ ​មាស មុត ​និង​ស្ថាន​ទម្ងន់​នៃ​ឧក្រិដ្ឋកម្ម ​ព្រមទាំង​កត្តា​ផ្សេង​ៗ​ទៀត ​ដូចជា ​ខ្លឹមសារ​នៃ​ច្បាប់ ​និង​កិច្ច​ព្រមព្រៀង​ អ.​វ.​ត.​ក ព្រមទាំង​គោលបំណង​នៃ​អ្នក​តាក់តែង​កិច្ច​ព្រមព្រៀង ​និង​ច្បាប់​ទាំង​នោះ​។

ដោយឡែក​ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​វិញ យល់​ឃើញ​ថា មាស មុត ​ត្រូវ​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​បុគ្គល​របស់ ​អ.​វ.​ត.​ក ក្នុង​នាម​ជា​ជន​ម្នាក់​ក្នុង​ចំណោម​ជន​ទាំងឡាយ ​ដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត ​ហើយ​មាន​ភស្តុតាង​គ្រប់គ្រាន់ ​ដើម្បី​ចោទ​បញ្ជូន​គាត់​ទៅ​ជំនុំជម្រះ ​ចំពោះ​បទ​ចោទ​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​វៀតណាម ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម ​និង​អំពើ​មនុស្សឃាត​គិត​ទុក​ជា​មុន ​យោង​តាម​ច្បាប់​កម្ពុជា​។ ​បទ​ចោទ​ខ្លះ​មិន​អាច​មាន​ភស្តុតាង​បញ្ជាក់​ទេ ​នៅ​ក្នុង​អំឡុងពេល​ស៊ើបសួរ ​ហេតុនេះ​ត្រូវ​លើកលែង​បទ​ចោទ​ទាំង​នោះ​។

សូម​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​ទី​១៤ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧ ​សហ​ព្រះរាជអាជ្ញា​ជាតិ ​និង​អន្តរជាតិ ​បានដាក់​ដីកា​សន្និដ្ឋាន​ស្ថាពរ​របស់​ខ្លួន ​ក្នុង​សំណុំ​រឿង​០០៣ ​ពាក់ព័ន្ធ​នឹង​កិច្ច​ស៊ើបសួរ​លើ ​មាស មុត​។ ​សហ​ព្រះរាជអាជ្ញា​ទាំងពីរ​ បាន​ដាក់​ដីកា​សន្និដ្ឋាន​ស្ថាពរ​ដាច់​ដោយឡែក​ពី​គ្នា ​ដោយ​ឆ្លុះបញ្ចាំង​ទស្សនៈ​ខុស​គ្នា​អំពី​ថា​តើ​សហ​ចៅក្រម​ស៊ើប​អង្កេត​ត្រូវ​ចេញ​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​ប្រឆាំង​នឹង ​មាស មុត ដែរ​ឬ​យ៉ាងណា​។

សូម​រំលឹក​ដែរ​ថា ​នៅ​ថ្ងៃ​ទី​៧ ​ខែ​កញ្ញា ​ឆ្នាំ​២០០៩ ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បាន​ដាក់​ដីកា​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ចំនួន ​២ ​ទៅ​សហ​ចៅក្រម​ស៊ើប​អង្កេត ​ស្នើ​សុំ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​នឹង​ជន​សង្ស័យ ​ចំនួន​ប្រាំ​រូប​ទៀត​។ ដីកា​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ទាំងពីរ​នេះ​គឺ​សំណុំ​រឿង​០០៣ ​និង ​សំណុំ​រឿង​០០៤​។

មាស មុត ​និង ​ស៊ូ ម៉េ​ត ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ជា​ជន​សង្ស័យ​ក្នុង​សំណុំរឿង​០០៣​។ ​ការស៊ើប​អង្កេត​របស់​តុលាការ​ប្រឆាំង ​លោក ស៊ូ ម៉េ​ត ​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​២​ខែ​មិថុនា​ឆ្នាំ​២០១៥ ​បន្ទាប់ពី​គាត់​បាន​ស្លាប់​។ ​លោក ​មាស មុត ​ត្រូវ​បាន​ចោទប្រកាន់​ដោយ​កំបាំង​មុខ​នៅក្នុង​ខែ​មីនា​ឆ្នាំ ​២០១៥​។ គាត់​បាន​បង្ហាញ​ខ្លួន​ដោយ​ស្ម័គ្រចិត្ត​នៅ​ចំពោះមុខ​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​នៅ​ខែ​ធ្នូ​២០១៥ ​ជា​កន្លែង​ដែល​គាត់​ត្រូវ​បាន​គេ​ជូន​ដំណឹង​អំពី​ការ​ចោទប្រកាន់​បន្ថែម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ