អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គោរព​វិញ្ញាណខន្ត​ជន​រងគ្រោះ​សម័យ​ខ្មែរ​ក្រហម​៖ «គោលដៅ​ដូចគ្នា​តែ​កាល​បរិច្ឆេទ​ផ្សេង​គ្នា»

ចុះផ្សាយ​នៅ​ថ្ងៃ៖

មន្ត្រី​និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​ការ​ចូលរួម​ពី​ប្រជាជន ​បាន​បន្ត​ប្រារព្ធ​ថ្ងៃ​២០​ឧសភា ដែល​គេ​យល់​ថា​ជា​ថ្ងៃ​គោរព្ធ​វិញ្ញាណខន្ត​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​ទៅ​ ក្នុង​របប​ខ្មែរ​ក្រហម។ ការ​ប្រារព្ធ​ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ប្រទេស​តាម​រូបភាព​តូច ៗ​ ដោយសារ​ពិធី​នេះ​នៅ​មិន​ទាន់​ចាត់​ចូល​ជា​ថ្ងៃ​បុណ្យ​ជាតិ​នៅ​ឡើយ។ ខុស​ពី​គណបក្ស​កាន់​អំណាច​ បក្សប្រឆាំង​បាន​ជ្រើសរើស​យក​ថ្ងៃ​១៧​មេសា​ទៅ​វិញ​ទេ​សម្រាប់​ធ្វើ​ការ​គោរព​វិញ្ញាណខន្ត​ជន​រងគ្រោះ​សម័យ​ខ្មែរ​ក្រហម។ តែ​ការ​កំណត់​ពេល​វេលា​ខុស​គ្នា​នេះ​ គឺ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​គោលដៅ​និង​ខ្លឹម​សារ​តែ​មួយ។

ការ​សម្តែង​ពី​របប​ខ្មែរ​ក្រហម​ ក្នុង​ទិវា​«ចង​កំហឹង» កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​ឧសភា ​ឆ្នាំ​២០១៥។
ការ​សម្តែង​ពី​របប​ខ្មែរ​ក្រហម​ ក្នុង​ទិវា​«ចង​កំហឹង» កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​ឧសភា ​ឆ្នាំ​២០១៥។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​២០​ឧសភា​ កាល​ពី​ជាង​២០​ឆ្នាំ​មុន​ ក្នុង​សម័យ​កាល​អតីត​រដ្ឋ​កម្ពុជា​ ត្រូវ​បាន​គេ​ប្រារព្ធ​យ៉ាង​ខ្ជាប់​ខ្ជួន​ថា​ជា​«ទិវា​ចង​កំហឹង»ដែល​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​ បាន​សម្លាប់​ប្រជាជន​ខ្មែរ​យ៉ាង​រង្គាល។ ថ្ងៃ​ដែល​គេ​គិត​ថា​អាច​ជួយ​លុប​លាង​ទឹកភ្នែក ​និង​មុខ​របួស​ កាល​ពី​ជាង​៣០​ឆ្នាំ​មុន​នោះ​ បាន​បាត់​ជា​ផ្លូវ​ការ​ពី​ប្រតិទិន​ថា​ជា​ថ្មី​បុណ្យ​របស់​ជាតិ​មួយ​រយៈ​ចុងក្រោយ​នេះ​ ក៏​ប៉ុន្តែ​អាជ្ញាធរ​នានា ​និង​អ្នក​ស្ម័គ្រ​ស្មោះ​របស់​គណបក្ស​ប្រជាជន​នៅ​តែ​រក្សា​បាន​ និង​ប្រារព្ធ​ទិវា​បុណ្យ២០​ឧសភា​នេះ​ សម្រាប់​ជា​ការ​ចង់ចាំ ​តាម​រូបភាព​ទ្រង់​ទ្រាយ​តូច​ៗ ​នៅ​ទូទាំង​ប្រទេស។

ជា​ការ​កត់​សម្គាល់​ការ​ប្រារព្ធ​ទិវា​ ២០ឧសភានេះ​ឡើង​ទោះ​ផ្លូវ​ការ​ ឬ​មិន​ផ្លូវ​ការ​ក្តី គេ​មើល​មិន​ឃើញ​ពី​ចំណុច​អវិជ្ជមាន​ពី​ការ​គោរព​ថ្ងៃ​នេះ​ឡើង​ បើ​ទោះ​ណា​ជា​ប្រជាជន​ខ្មែរ​គ្រប់​និន្នាការ​ដែល​ធ្លាប់​ទទួល​រង​អំពើ​ព្រៃផ្សៃ​ពី​របប​ប្រល័យ​ពូជសាសន៍​មិន​បាន​ធ្វើ​ព្រម​ៗ​គ្នា​ ដូចកាល​ពី​សម័យ​ក្រោយ​រំដោះ ​៧មករា ​១៩៧៩ក៏​ដោយ។

ជា​ការ​ពិត​ថ្ងៃ​២០ ​ឧសភា ​កំពុង​អាច​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សំណង​រដ្ឋប្បវេណី​នៃ​សម័យ​ខ្មែរ​ក្រហម​ ខណៈ​ដែល​មេដឹកនាំ​កំពូល​នៃ​របប​នេះ​ កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​កាត់​ទោស​នៃ​តុលាការ​ចំរុះ​នៅ​ឡើយ។ នៅ​ពេល​ដែល​មាន​សាលក្រម​ស្ថាពរ​ សំណង​រដ្ឋប្បវេណី​សម្រាប់​ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម​នោះ​ ត្រូវ​បាន​គេ​គិត​ថា​ជា​ការ​សង់​ស្តូប ​ហើយ​អាច​នឹង​កំណត់​យក​ថ្ងៃ​២០​ឧសភា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ​សម្រាប់​ជា​ការ​រំលឹក​វិញ្ញាណខន្ត​សាច់ញាតិ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ទៅ​ នា​ពេល​នោះ។

គេ​អាច​និយាយ​បាន​ថា​នៅ​ថ្ងៃ​ខាង​មុខ​ថ្ងៃ​២០​ឧសភា​នឹង​ក្លាយ​ជា​ថ្ងៃ​បុណ្យ​ជាតិ​ដ៏​សំខាន់​បំផុត​ ទី​មួយ​វា​អាច​ជួយ​លួង​លោម​ទឹក​ចិត្ត​អ្នក​ដែល​នៅ​សល់​ពី​ការ​កាប់​សម្លាប់​ឲ្យ​អស់​ចិត្ត​ និង​មួយ​ទៀត​ ២០ឧសភា គឺ​ជា​ថ្ងៃ​ដែល​ខ្មែរ​ក្រហម​បន្ទាប់​ពី​ឡើង​កាន់​អំណាច​ នៅ​ថ្ងៃទី​១៧​មេសា ឆ្នាំ​១៩៧៥ ក្រោម​ការ​ដឹក​នាំ​របស់​សាឡុត ​ស ហៅ ​ប៉ុលពត ​បាន​ដាក់​ចេញ​នូវ​ផែន​ការ​បន្សុទ្ធ​ផ្ទៃ​ក្នុង​បក្ខ​កុម្មុយនីស្ត​កម្ពុជា ដែល​នាំ​ដល់​ការ​កាប់​សម្លាប់​មនុស្ស​យ៉ាង​ព្រៃ​ផ្សៃ​បំផុត។

តាម​រយៈ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​វាយ​កំទេច​និង​លុប​បំបាត់​របប​ខ្មែរ​ក្រហម​នៅ​ប្រទេស​កម្ពុជា​ ជា​ញឹកញយ​បាន​ប្រកាន់​យក​ថ្ងៃ​នោះ​ជា​ថ្ងៃ​ចង​កំហឹង​រហូត​មក​ គ្រាន់​តែ​ថា​ ម្តង​ផ្លូវ​ការ​ ម្តង​មិន​ផ្លូវ​ការ​ ពោល​គឺ​មួយ​រយៈ​កន្លង​មក​ប្រែប្រួល​ទៅ​តាម​កាលៈទេសៈ​នយោបាយ។

ទាក់ទង​ទៅ​នឹង​ថ្ងៃ​២០​ឧសភា​នេះ​ និយាយ​ពី​ទិដ្ឋភាព​ទូទៅ ភាគី​ខ្មែរ​ដែល​ពាក់ព័ន្ធ​ ទទួល​បាន​ផល​ចំណេញ​ទាំង​អស់​គ្នា​ក្នុង​នោះ​មាន​ជន​រងគ្រោះ​ រដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​បង្ហាញ​ពី​ស្នាដៃ​របស់​ខ្លួន​ដែល​បាន​កំទេច​ខ្មែរ​ក្រហម​ហើយ​ បាន​បន្សល់​ទុក​នូវ​ថ្ងៃ​មួយ​ ឲ្យ​គេ​ចងចាំ​ក្នុង​ជីវិត​ជា​ប្រវត្តិសាស្ត្រ។

ចំណែក​ឯ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​វិញ​ ខាង​ផ្លូវ​ចិត្ត​ភាគ​ច្រើន​ពួកគេ​ពិត​ជា​មាន​ការ​សុខ​ចិត្ត​បើទោះ​ណា​ជា​សាច់​ញាតិ​របស់​គេ​ស្លាប់​ទៅ​ហើយ​ក៏​ដោយ​ ក៏​ប៉ុន្តែ​ពួកគេ​មាន​ថ្ងៃ​មួយ​សម្រាប់​ប្រាប់​គ្នី​គ្នា​ត​កូន​ត​ចៅ ​ថា​ជី​ដូន​ជីតា​របស់​ពួក​គេ ​បាន​ស្លាប់​នៅ​ក្នុង​សម័យ​ប៉ុល ពត ហើយ​របប​ហ្នឹង​ត្រូវ​គេ​នៅ​ចង​ចាំ​តាម​រយៈ​ថ្ងៃ​មួយ​គឺ​២០​ឧសភា​នេះ​ឯង។

មើល​ទៅ​លើ​ជ្រុង​ម្ខាង​ទៀត​នៃ​ប្រទេស​កម្ពុជា ​គណបក្ស​ប្រឆាំង​ដែល​កំពុង​មាន​ឥទ្ធិពល​នយោបាយ​គួរសម​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហាក់​ដូចជា​មិន​បាន​ចាប់​អារម្មណ៍​នឹង​ថ្ងៃ​២០​ឧសភានេះ​ទេ ​ដោយសារ​តែ​ថ្ងៃ​២០​ឧសភា​នេះ​ ជា​ការ​ជួយ​បង្ហាញ​ពី​ស្នាដៃ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។ក៏​ប៉ុន្តែ​គណបក្ស​ប្រឆាំង​មាន​ហេតុផល​ផ្សេង​ពី​នេះ ​ដោយ​បាន​ជ្រើសរើស​យក​ថ្ងៃ​១៧​មេសា​ជាមួយ​នឹង​ការ​យល់​ថា​ថ្ងៃ​១៧​មេសា​គឺ​ជា​ថ្ងៃ​ដែល​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច ​ហើយ​ដោយសារ​តែ​ថ្ងៃ​នោះ​ហើយ​នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់ ​និង​យក​ថ្ងៃ​នោះ​រំលឹក​វិញ្ញាណខន្ត​អ្នក​ស្លាប់​តែ​ម្តង។

ទោះ​យ៉ាង​នេះ​ក្តី​ថ្ងៃ​១៧​មេសា​ក៏​ដោយ​ ថ្ងៃ​២០​ឧសភា​ក៏​ដោយ ​អ្វី​ដែល​សំខាន់​គឺ​ជា​ការ​រំលឹក​អតីតកាល​ជូរចត់​មួយ​ ហើយ​អតីតកាល​ជូរ​ចត់​នេះ​ គឺ​ជា​អំពើ​ព្រៃផ្សៃ​ ដែល​សាធារណៈ​មតិ​ជាតិ​និង​អន្តរជាតិ​មិន​អាច​អត់​ឱន​ឲ្យ​បាន​ និង​ចាំបាច់​ត្រូវ​តែ​នាំ​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​សម្លាប់​រង្គាល​នេះ​មក​កាត់​ទោស​នៅ​ពេល​នេះ។

សរុប​មក​វា​គឺ​ជា​ប្រវត្តិសាស្ត្រ ​បើ​ទោះ​ជា​មាន​ការ​រំលឹក​វិញ្ញាណខន្ត​ខុស​ថ្ងៃ​គ្នា​ក៏​ដោយ​ទាក់​ទង​ទៅ​នឹង​ខ្មែរ​ក្រហម​ក៏​ប៉ុន្តែ​អ្នក​ទាំងពីរ​គឺ​រដ្ឋាភិបាល​និង​បក្ស​ប្រឆាំង ​ពិត​ជា​ស្ថិត​នៅ​ក្នុង​គោល​ដៅ​ចង់​ឲ្យ​មាន​ការ​ចងចាំ​នូវ​ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ទារុណ​កម្ម​ផ្សេង​ៗ​និង​ការ​កាប់​សម្លាប់​ក្រៅ​ច្បាប់​ មក​លើ​ប្រជាជន​ខ្មែរ​គ្នាឯង។ ហើយ​ចំណុច​ទាំង​អស់​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​កាត់​ទោស​ ដែល​មាន​ការ​ជ្រោមជ្រែង​ពី​អន្តរជាតិ​ទូទាំង​ពិភព​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ