ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 29/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 29/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 28/05 12h00 GMT

យុវជន​មិន​សូវ​ចាប់​អារម្មណ៍ ថ្ងៃ១៧​មេសា​ ខួប​​នៃ​ការ​ឡើង​កាន់​អំណាច​របស់​ខ្មែរ​ក្រហម

យុវជន​មិន​សូវ​ចាប់​អារម្មណ៍ ថ្ងៃ១៧​មេសា​ ខួប​​នៃ​ការ​ឡើង​កាន់​អំណាច​របស់​ខ្មែរ​ក្រហម
 
១៧មេសា ថ្ងៃ​ឡើង​កាន់​អំណាច​របស់​ខ្មែរ​ក្រហម

១៧​មេសា​១៩៧៥-១៧​មេសា​២០១៧។ ថ្ងៃ​ទី​១៧​មេសា​នេះ គឺ​ជា​ខួប​លើក​ទី​​៤២​នៃ​ការ​ឡើង​កាន់​អំណាច​របស់​ពួក​ខ្មែរ​ក្រហម​។ អ្នក​ប្រវត្តិសាស្ត្រ​និង​អ្នក​នយោបាយ​បាន​ចាត់​ទុក​ថ្ងៃ​ទី​១៧​មេសា​នេះ​ថា ជា​ថ្ងៃដ៏​សំខាន់ ដែល​ខ្មែរ​ត្រូវ​​រៀនសូត្រ​និង​ចង​ចាំ​ទុក​។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ យុវជន​ខ្មែរ​ជំនាន់​ថ្មី ហាក់​មិន​បាន​ចាប់​អារម្មណ៍ និង ​ផ្ដល់​តម្លៃ​អ្វី​ខ្លាំង ​ចំពោះ​ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ​នេះ​ទេ​។

ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​១៩៧៥ គឺ​ជា​ថ្ងៃ​ដែល​ពួក​ទាហាន​ខ្មែរ​ក្រហម​បានទទួល​ជ័យ​ជំនះ​លើ​រដ្ឋាភិបាល​របស់​សេនាប្រមុខ​លន់ ណុល ដោយ​បាន​ចូល​កាន់​កាប់​រាជធានី​ភ្នំពេញ​។ ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​មួយ​ចំនួន​បាន​សម្ដែង​ការ​អបអរ​សាទរ​ចំពោះ​ការ​ផ្ដួល​រំលំ​នេះ​ដោយ​គិត​ថា សង្គ្រាម​បាន​ចប់​សព្វ​គ្រប់ ហើយ​មេ​ដឹក​នាំ​ថ្មី​នឹង​នាំ​មក​នូវ​សន្តិភាព សុវត្ថិភាព និង​ការ​កសាង​ប្រទេស​។ ប៉ុន្តែ​ផ្ទុយ​ស្រឡះ កង​ទ័ព​ខ្មែរ​ក្រហម​បាន​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុងភ្នំពេញ​​និង​ទីប្រជុំជន​ទាំង​អស់ដោយ​បង្ខំ ទៅ​តំបន់ជនបទ​ដាច់​ស្រយាល​។

ក្រោយ​ថ្ងៃ​១៧​មេសា​១៩៧៥ កម្ពុជា​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​នៃ​របប​ថ្មី​មួយ​ទៀត ជា​របប​កុម្មុយនីស្ត សម្លាប់​រង្គាល ដឹកនាំ​ដោយ​ពួក​ខ្មែរ​ក្រហម​។ ចំណង​គ្រួសារ របៀប​របប​រស់​នៅ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ប្រជាជន​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​។ ក្រោមមនោគម​វិជ្ជា​របស់​ពួក​ខ្មែរ​ក្រហម​​រយៈ​ពេល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​ ប្រជាពលរដ្ឋ​ខ្មែរ​៧​លាន​នកា់​ត្រូវ​រស់​នៅ​រង​ទុក្ខ​វេទនា​ដូច​ធ្លាក់​នរក​ទាំង​រស់ ហើយ​ក្នុង​ចំណោម​នោះ មាន​ជិត​២​លាន​នាក់​ត្រូវ​ស្លាប់បាត់​បង់​ជីវិត។

សម្រាប់​អ្នក​ប្រវត្តិសាស្ត្រ ថ្ងៃ​ទី​១៧​មេសា​ឆ្នាំ​១៩៧៥ គឺ​ជា​របត់​ដ៏​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ទាំង​អស់​ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ។ ប្រជាជន​ខ្មែរ​ត្រូវ​កាន់​ទុក្ខ ចងចាំ និង​រៀនសូត្រ​អំពី​ឫសគល់ ដើម​កំណើត នៃ​ថ្ងៃ​ដ៏​សំខាន់​នេះ​។

ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ បើ​ទោះ​បី​ជា​អ្នក​ប្រវត្តិសាស្ត្រ​និង​អ្នក​នយោបាយ ចាត់​ទុក​ថ្ងៃ​១៧​មេសា​ឆ្នាំ​១៩៧៥​ថា ជា​មេរៀន​ដ៏​សំខាន់ ដែល​ខ្មែរ​​ត្រូវ​រៀនសូត្រ​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា យុវជន​​ខ្មែរ​ជំនាន់​ក្រោយ ហាក់​មិន​បាន​ដឹង ឬ​មិន​បាន​ចាប់​អារម្មណ៍ ផ្ដល់​តម្លៃ​​សោះ​តែ​ម្ដង ចំពោះ​ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ​នេះ​។

មាន​មូលហេតុ​សំខាន់​យ៉ាង​ហោច​ណាស់​ពីរ ដែល​អាច​ពន្យល់​ពី​ការណ៍​នេះ​បាន​។ ទី១៖ ការ​អប់រំ​អំពី​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​ក្នុង​កម្មវិធី​សិក្សា​នៅមាន​កម្រិត ខណៈ​យុវជន​ខ្លួន​ឯង​ផ្ទាល់ ភាគ​ច្រើន​មិន​ទាន់​បាន​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ឲ្យ​បាន​ស៊ី​ជម្រៅ​នៅ​ឡើយ​។ ទី​២៖ យុវជន​មួយ​ចំនួន​យល់​ឃើញ​ថា របប​ខ្មែរ​ក្រហម​គឺ​ជា​រឿង​ឈឺ​ចាប់ ដែល​មិន​គួរ​ឲ្យ​រំឭក​។ ម្យ៉ាង យុវជន​សម័យ​ថ្មី​នេះ ផ្ដល់​ភាព​សំខាន់​ដល់​​អនាគត​ច្រើន​ជាង​អតីតកាល។ នេះ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​សូវ​ចាប់​អារម្មណ៍ ឬ​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​របប​ខ្មែរ​ក្រហម​ប៉ុន្មាន​ទេ​។

ប៉ុន្តែ​សម្រាប់​អ្នក​ស្រាវ​ជ្រាវ​ប្រវត្តិសាស្ត្រ ការ​មិន​ស្វែង​យល់​ពីអតីតកាល​ឲ្យ​បាន​ស៊ី​ជម្រៅ មិន​អាច​ឲ្យ​យុវជន​ដើរ​ទៅ​រក​អនាគត​ដ៏​ប្រសើរ​ទេ​។ ក្នុង​ន័យ​នេះ អ្នក​ជំនាញ​ណែនាំ​ឲ្យ​យុវជន ងាក​មក​យក​ចិត្ត​ទុក​ដាក់​សិក្សា​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ ជា​ពិសេស​អំពី​កំណើត​របប​ខ្មែរ​ក្រហម​១៧​មេសា និង​របប​ខ្មែរ​ក្រហម​នេះ​ទាំង​មូល​។

គឺ​ការ​សិក្សា​នេះ​ហើយ ដែល​នឹង​ឈាន​ទៅ​បញ្ជៀស​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​នេះ កើត​ឡើង​ច្រំដែល​លើ​ដែនដី​កម្ពុជា​ទៀត។ គឺ ការ​សិក្សា​ដដែល​នេះ​ហើយ ដែល​នឹង​ជួយ​ផ្សះផ្សារ​ស្មារតី​របស់​ប្រជាជន​ខ្មែរ ទាំង​អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​របប​ខ្មៅ​ងងឹត​នេះ​ក៏​ដោយ និង​មិន​បាន​ឆ្លង​កាត់​ក៏​ដោយ ឲ្យ​យល់​ពី​សច្ចភាពពិត​ប្រាកដ​​នៃ​របប​នេះ។

ជា​ការ​ពិត​ហើយ​ថា ការ​សិក្សា​ពី​របប​ខ្មែរ​ក្រហម​គឺ​ជា​ការងារ​ដ៏​ទូលំទូលាយ និង​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​។ តើ​ហេតុ​អ្វី​បាន​ជា​មាន​របប​ខ្មែរ​ក្រហម? តើ​ការ​ដួល​រំលំ​នៃ​របប​សេនា​ប្រមុខ​លន់ណុល គឺ​ជា​កំណើត​នៃ​របប​ខ្មែរ​ក្រហម ឬ​មែន​ទែន​ទៅ ចលនា​ខ្មែរ​ក្រហម​មាន​កំណើត​យូរ​លង់​មុន​នេះមក​ហើយ? តើ​ហេតុអ្វី​បាន​ជា​របប​នេះ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង? តើ​ការ​កាប់​សម្លាប់​ខ្មែរ​គ្នា​ឯង ផ្អែក​លើ​គំនិត​ជាតិ​និយមដែរ​ឬ​ទេ? នេះ​គឺ​ជា​សំណួរ​ចាំ​បាច់​ទាំង​ឡាយ​ដែល​យុវជន​គួរ​ស្វែង​រក​ចម្លើយ​ឲ្យ​បាន បើ​មិន​បាន​ទាំង​ស្រុង ក៏​គួរ​តែ​បាន​មួយ​ផ្នែក​ដែរ​៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កម្ពុជា

    ខួប៤១ឆ្នាំរបបខ្មែរក្រហម! CNRP នៅតែសង្ឃឹម​លើ​វប្បធម៌សន្ទនា ដើម្បី​បញ្ចប់​ហិង្សា!

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ