អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ល្បែង​ប្រជាប្រិយ​កំពុងតែ​សាប​រលាប​ពី​សង្គម​ខ្មែរ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ល្បែង​ប្រជាប្រិយ​ខ្មែរ គឺ​ជា​ល្បែង​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​លេង​កម្សាន្ត ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។ សម័យ​មុន ការ​លេង​ល្បែង​ប្រជាប្រិយ​ចាប់​ផ្ដើម​តាំង​ពី​មួយ​ឬ​ពីរ​ខែ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ឈាន​ចូល​មក​ដល់​។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ពលរដ្ឋ​ខ្មែរ​ពិសេស​យុវជន លែង​សូវ​និយម​លេង​​ល្បែង​ប្រជាប្រិយ​ដូច​មុន​ទៀត​ហើយ​។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ?

ល្បែង​​ប្រជាប្រិយ​​កំពុង​តែ​​សាប​​រលាប​​​ពី​​សង្គម​​ខ្មែរ?
ល្បែង​​ប្រជាប្រិយ​​កំពុង​តែ​​សាប​​រលាប​​​ពី​​សង្គម​​ខ្មែរ? RFI
ផ្សាយពាណិជ្ជកម្ម

ល្បែង​ប្រជាប្រិយ​ គឺ​ជា​គូ​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​តាំង​ពី​យូរលង់​ណាស់​​មកហើយ​​។ តាម​ទំនៀម​ទម្លាប់ ល្បែង​ប្រជាប្រិយ​ខ្មែរ​ដូច​ជា ​ល្បែង​បោះ​អង្គុញ ចោល​ឈូង ចាប់​កូន​ខ្លែង ស្ដេច​ចង់ និង​ទាញ​ព្រ័ទ្រ​ជា​ដើម គឺ​ជា​ល្បែង​ដែល​ពេញ​និយម​នាំ​មក​លេង​កម្សាន្ត តាំង​ពីមួយ ឬ​ពីរ​ខែ​មុន​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ឈាន​ចូល​មក​ដល់ ហើយ​លេង​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ នៅ​តាម​វត្ត​អារាម​​និង​ភូមិឋាន​នានា​។

ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ ប្រាំ ប្រាំមួយ​ឆ្នាំ​កន្លង​មក​នេះ ល្បែង​ប្រជាប្រិយ​ខ្មែរ​មិន​សូវ​ឃើញ​មាន​គេ​លេង​កម្សាន្ត​ច្រើន​ដូច​មុន​ទេ ទាំង​មុន​ពេល​ចូល​ឆ្នាំ ឬ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ក្ដី​។

មាន​មូលហេតុ​សំខាន់​យ៉ាង​ហោច​ណាស់​៣ ដែល​អាច​ពន្យល់​ពី​ការ​ប្រែប្រួល​នេះ​។ ទី​១៖ គឺ​កត្តា​សេដ្ឋកិច្ច។ ទី​២៖ គឺ​ការ​ហូរ​ចូល​នៃ​វប្បធម៌​បរទេស​។ និង​ទី​៣៖ គឺ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​។

ដំបូង​និយាយ​ពី​កត្តា​សេដ្ឋកិច្ច​។ សព្វ​ថ្ងៃ​នេះ ដើម្បីទ្រទ្រង់​ជីវភាព ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ជា​យុវជន បាន​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក ពី​ជនបទទៅ​ទីក្រុង ឬ​ទៅ​ក្រៅ​ប្រទេស ដើម្បី​រក​ប្រាក់​ចំណូល​។ អវត្តមាន​នៃ​យុវជន​​ពី​ស្រុក​កំណើត​​ដូច្នេះ បាន​ធ្វើ​ឲ្យ​ភូមិ​ឋាន​ខ្មែរ​ស្ងប់ស្ងាត់ គ្មាន​សកម្មភាព​លេង​ល្បែង​ប្រជាប្រិយ​ហ៊ឹកហ៊ាក់​នៅ​ពេល​បុណ្យ​ទាន​ម្ដង​ៗ​។ ក្រៅ​ពី​ការ​ធ្វើ​ចំណាក​ស្រុក ភាព​មមាញឹក​​និង​ភាព​នឿយ​ហត់​ពី​ការ​ប្រកប​របរ​រក​ស៊ី​ប្រចាំ​ថ្ងៃ​ដើម្បី​ជីវភាព ក៏​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ខ្មែរ លះ​បង់​ចោល​ទម្លាប់​លេង​ល្បែង​ប្រជាប្រិយ​ដើម្បី​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ផង​ដែរ​។ នេះ​សម្រាប់​អ្នក​ដែល​មិន​សូវ​មាន​ជីវភាព​ធូរធារ​។ ចំណែក​អ្នក​ដែល​មាន​ជីវភាព​ធូរធារ​នោះ​ទៀត​សោត ក៏​មិន​និយម​លេង​ល្បែង​ប្រជាប្រិយ​ដែរ​ ដោយ​និយម​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តាម​រមនីយដ្ឋាន​នានា​ជំនួស​វិញ​។

ខណៈ​ដែល​​មិន​សូវ​និយម​លេង​ល្បែង​ប្រជាប្រិយ យុវជន​ខ្មែរ​ភាគ​ច្រើន​បាន​នាំ​គ្នា​ងាក​មក​រាំ​ ​បទ​សម័យ​ទំនើប​ញាក់​កន្ត្រាក់​អារម្មណ៍​វិញ ដើម្បី​អបអរ​ឆ្នាំ​ថ្មី​។ នេះ​សរ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ហូរ​ចូល​នៃ​វប្បធម៌​បរទេស​មក​ក្នុង​សង្គម​ខ្មែរ ហើយ​ដែល​យុវជន​ខ្មែរ​ភាគ​ច្រើន ទទួល​ស្វាគមន៍​​មក​ប្រតិបត្តិយ៉ាង​គគ្រឹក​គគ្រេង​ជាទី​បំផុត​។

ចំណែក​ពលរដ្ឋ​មួយ​ចំនួនទៀត ត្បិត​តែ​​មិន​បាន​ភ្លើត​ភ្លើន​នឹង​វប្បធម៌​បរទេស​ក៏​ដោយ ក៏​មិន​មែន​មាន​ន័យ​ថា ពួក​គាត់​ចាប់​អារម្មណ៍​ចង់ងាក​មក​​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​វិញ​ដែរ ខណៈ​សព្វ​ថ្ងៃ​នេះ បច្ចេកវិទ្យា​កាន់​តែ​រីក​ចម្រើន ហើយ​ពលរដ្ឋ​មាន​ជម្រើស​កាន់​តែ​សម្បូរ​បែប​ក្នុង​ការ​លម្ហែ​កម្សាន្ត។ មិន​ដូច​ពី​សម័យ​មុន​ដែល​គ្មាន​អ៊ីនធឺណែត គ្មាន​ទូរសព្ទ​ទំនើប ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​ទើបបាន​​សប្បាយ​​នោះ​ឡើយ​។

គួរ​កត់​សម្គាល់​ថា ដោយ​សារ​តែ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ហាក់​កំពុង​តែ​សាប​រលាប​ពី​សង្គម​ខ្មែរ​ដូច្នេះ​ហើយ ទើប​បាន​ជា​អាជ្ញាធរ​ក៏​ដូច​ជា​ក្រុម​យុវជន​នានា បាន​រៀបចំ​កម្មវិធី​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​នៅ​តាម​ទីសាធារណៈ ពិសេស​តាម​កញ្ចក់​ទូរទស្សន៍ ​ដើម្បី​អបអរ​​ពិធី​បុណ្យ​ចូល​ឆ្នាំប្រពៃណី​ជាតិ ពិសេស​​ដើម្បី​ថែ​រក្សា​ទំនៀម​ទម្លាប់​នេះ​ឲ្យ​គង់វង្ស កុំ​ឲ្យ​រសាត់​ទៅ​បាត់​តាម​ពេល​វេលា​​។ ប៉ុន្តែការ​រៀបចំ​កម្មវិធី​លេង​ល្បែង​ប្រជាប្រិយ​ទាំង​នោះ ហាក់​នៅ​មិន​ទាន់​បាន​ច្រើន​និង​ទូលំទូលាយ​នៅ​ឡើយ បើ​ធៀប​នឹងកម្មវិធី​រាំ​កម្សាន្ត​បែបទំនើប​​។​

ក្នុង​ន័យ​នេះ ចំណាត់ការ​របស់​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​គឺ​ជា​រឿង​ចាំ​បាច់ ប្រសិន​បើ​ចង់​ឲ្យ​ល្បែង​ប្រជាប្រិយ​ខ្មែរ​នៅ​រស់​ជា​និច្ច​ក្នុង​សង្គម ជាជាង​នៅ​ក្នុង​ក្បួន​គម្ពីរ​។ ការ​រៀបចំ​កម្មវិធី​លេង​ល្បែង​ប្រជាប្រិយ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ នៅ​តាម​សាលារៀន​នានា ទាំង​ថ្នាក់​តូច​និង​ថ្នាក់​ធំ គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​បាន​ខ្លាំង​ក្លា ខណៈ​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​តែ​ម្ដង គួរ​តែ​រៀបចំ​ឲ្យ​មាន​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ នៅ​តាម​រមនីយដ្ឋាន​ទេសចរណ៍ និង​វត្ត​អារាម​នានា​ទូទាំង​ប្រទេស​។

ល្បែង​ប្រជាប្រិយ​ខ្មែរ ដែល​មាន​រហូត​ដល់​ទៅ​ជាង​២០​ទម្រង់ មិន​ត្រឹម​តែ​មាន​ប្រយោជន៍​ពង្រឹង​សាមគ្គីភាព ធ្វើ​ឲ្យ​សប្បាយ មាន​សុខភាព​កម្លាំង​កាយ​​និង​ស្មារតី​រឹងមាំ​ទេ វា​ក៏​ជា​អត្តសញ្ញាណ​មួយ​របស់​ខ្មែរ ដែល​បន្សល់​ទុក​តាំង​ពី​បូរាណកាលដែរ​​។ ការ​លើក​តម្កើង​ល្បែង​ប្រជាប្រិយ​ខ្មែរ ចង​ក្រង​ជា​ឯកសារ ឬ​ចាក់​បញ្ចាំង​ការ​លេង​ល្បែង​នេះ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​​គឺ​ជា​រឿង​ល្អមួយ​ហើយ​។ ប៉ុន្តែ​ប្រសិន​បើ​​ជាក់​ស្ដែង ល្បែង​អស់​នេះ​​គ្មាន​សកម្មភាព​លេង​ឲ្យ​បាន​ផុលផុស​ទេ នៅ​ទី​បំផុតវា​អាច​នឹង​បាត់បង់​នៅ​ថ្ងៃណាមួយ​ជាក់​ជា​ពុំ​ខាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ