អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

៤០​ឆ្នាំ​ក្រោយ​មក ​កុន​ស្ដី​ពី​របប​វាល​ពិឃាត​នៅ​តែ​ត្រូវ​ប៉ាន់!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រៅ​ពី​សៀវភៅ​និង​ឯកសារ​ស្រាវ​ជ្រាវ​នានា ខ្សែ​ភាពយន្ត​ក៏​ជា​ទម្រង់​ពេញ​និយម​មួយ​ប្រភេទ​ដែរ ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​និយាយ​ពី​របប​ខ្មែរ​ក្រហម​។ ចុង​សប្ដាហ៍​នេះ ពលរដ្ឋ​ខ្មែរ​នឹង​បាន​ទស្សនា​កុន​ថ្មី​មួយ​ទៀត​ស្ដី​ពី​របប​វាល​ពិឃាត នោះ​គឺ​ខ្សែ​ភាពយន្ត​រឿង មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​។ តិច​ឬ​ច្រើន កុន​ដែល​ផលិត​ឡើង​ដោយ​តារា​ហូលីវូដ អេនជេលី​ណា ជូលី ដ៏​ថ្មី​ស្រឡាង​នេះ នឹង​គាស់​រំលើង​មនោសញ្ចេតនា ក៏​ដូច​ជា​ការ​ចង​ចាំ​របស់​ប្រជាជន​​ខ្មែរ ស្ដី​ពី​របប​វាល​ពិឃាត ដែលបិទ​បញ្ចប់​​ទៅ​ជិត​៤០​ឆ្នាំ​ហើយ​។

លោក​ស្រី សុទ្ធោ គូលីកា ផលិត​ករ​រឿង​ដុំ​ហ្វីល​ចុង​ក្រោយ
លោក​ស្រី សុទ្ធោ គូលីកា ផលិត​ករ​រឿង​ដុំ​ហ្វីល​ចុង​ក្រោយ @ google
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​សៀវភៅ​និង​ឯកសារ​ស្រាវ​ជ្រាវ​នានា កុន​គឺ​ជា​ទម្រង់​ដ៏​ពេញ​និយម​មួយ​ប្រភេទ​ទៀត​ដែល​គេ​ប្រើ ដើម្បី​និយាយ​ពី​របប​ខ្មែរ​ក្រហម​។ ជិត​ ៤០​ឆ្នាំ​បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​បិទ​បញ្ចប់ ​ខ្សែ​ភាពយន្ត​ពី​របប​ដ៏​ខ្មៅ​ងងឹត​នេះ មាន​ច្រើន​មិន​ខ្វះ។ ខ្លះ​ថត​ដោយ​ផលិតករ​បរទេស ខ្លះ​ទៀត​ផលិត​ដោយ​ផលិតករ​ខ្មែរ​។ ខ្លះ​ល្បី​ល្បាញ​ទទួល​បាន​ពាន​រង្វាន់​ច្រើន ចំណែក​ខ្លះ​ទៀត​មិន​សូវ​មាន​ការ​គាំទ្រ​។

បើ​និយាយ​ដល់​កុន​ស្ដី​ពី​របប​ខ្មែរ​ក្រហម រឿង​ដែល​គេ​ចាំ​បាន​និង​ទំនង​ជា​នឹក​ឃើញ​មុន​គេ​គឺ​រឿង វាល​ពិឃាត ឬ The Killing Fields ដឹក​នាំ​ដោយ​លោក Roland Joffé ចាក់​បញ្ចាំង​នៅ​ឆ្នាំ​ ១៩៨៤។ រឿង​វាល​ពិឃាត ស្ថិត​ក្នុង​ចំណោម​ខ្សែ​ភាពយន្ត​ដំបូង​ៗ​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​ដឹង​ពី​របប​ខ្មែរ​ក្រហម និង​ចាប់​ផ្ដើម​និយាយ​ពី​របប​ខ្មែរ​ក្រហម។ តំណាល​ពី​បទ​ពិសោធន៍​អ្នក​កាសែត​ពីរ​នាក់​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម វាល​ពិឃាត បាន​ទទួល​ពាន​រង្វាន់​អូស្កា​ក្នុង​ផ្នែក​ចំនួន​ ៣​ផ្សេង​គ្នា នៅ​ឆ្នាំ​ ១៩៨៥ ក្នុង​នោះ​ក៏​មាន​ផង​ដែរ ផ្នែក Best Supporting Actor ដែល​មាន​ជន​ជាតិ​ខ្មែរ គឺ​លោក ហាំង ង៉ោ ជា​អ្នក​ទទួល​ពាន​រង្វាន់​។ បន្ទាប់​ពី​ទទួល​ពាន​រង្វាន់​អូស្កា លោក​វេជ្ជបណ្ឌិត ហាំង ង៉ោ ដែល​សម្ដែង​នៅ​ក្នុង​រឿង​វាល​ពិឃាត និង​កុន​រឿង​វាល​ពិឃាត​ខ្លួន​ឯង បាន​ដើរ​តួ​យ៉ាង​សំខាន់ ជា​ឧឃោសនសព្ទ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ពី​របប​ខ្មែរ​ក្រហម​ទៅ​កាន់​ពិភព​លោក​។

មិន​មែន​មាន​តែ​ផលិតករ​បរទេស​ទេ​ដែល​ផលិត​កុន​ស្ដី​ពី​របប​ខ្មែរ​ក្រហម​នៅ​កម្ពុជា​។ ផលិតករ​ខ្មែរ ទាំង​ក្មេង​ទាំង​ចាស់ ក៏​បាន​ផុល​ផុស​ផលិត​កុន​ស្ដី​ពី​របប​វាល​ពិឃាត​ដ៏​ខ្មៅ​ងងឹត​ដែរ​។ ធ្លាប់​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម លោក ប៉ាន់ រិទ្ធី គឺ​ជា​សមិទ្ធករ​ភាពយន្ត​ខ្មែរ​ម្នាក់ ដែល​ផលិត​កុន​ឯកសារ​ផ្ដោត​លើ​ផល​វិបាក​នៃ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​។ កុន​ឯកសារ​ដែល​លោក ប៉ាន់ រិទ្ធី ផលិត​កន្លង​មក រៀប​រាប់​ពីរឿង​រ៉ាវ​​ផ្សេង​ៗ​ពាក់​ព័ន្ធ​នឹង​របប​ ៣​ឆ្នាំ​ ៨​ខែ​ ២០​ថ្ងៃ​៖ ទាំង​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​របស់​ក្រុម​គ្រួសារ​លោក​តាម​រយៈ​រឿង​កង្វះ​រូប​ភាព រឿង​បុប្ផាណា​សោកនាដកម្ម​មួយ និយាយ​ពី​យុវតី​ម្នាក់​ដែល​រង​ទារុណកម្ម​ហើយ​ត្រូវ​បាន​សម្លាប់​នៅ​ពន្ធនាគារ​ស​២១ រឿង​ស ២១​ម៉ាស៊ីន​ពិឃាត​ រឿង​ឌុច គ្រូ​លត់​ដំ​នៅ​ឋាន​នរក រឿង​និរទេស និង​រឿង​ជំរុំ​សាយ​ធូ​ជា​ដើម​។ ភាពយន្ត​ឯកសារ​របស់​លោក ប៉ាន់ រិទ្ធី តែង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង​ផ្ដល់​តម្លៃ​យ៉ាង​ខ្លាំង រហូត​បាន​ទទួល​ពាន​រង្វាន់​ពី​មហោស្រព​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក​។

រឿង​សត្រូវ​របស់​ប្រជាជន ដោយ លោក ថេត សម្បត្តិ រឿង​ឃ្លាត​ទៅ​សែន​ឆ្ងាយ​ដោយ លោក ឆាយ បូរ៉ា អំពី​ជីវិត​ស្ដ្រី​ម្នាក់​តស៊ូ​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម រឿង​ដំណេក​មាស ដោយ លោក ជូ ដេវី ស្ដី​ពី​ខ្សែ​ភាពយន្ត​ខ្មែរ​ដែល​បាត់​បង់​ដោយ​សារ​របប​ខ្មែរ​ក្រហម រឿង​អាពាហ៍ពិពាហ៍​ក្រហម ដោយ ចាន់ លីដា ស្ដី​ពី​ការ​រៀប​ការ​ដោយ​បង្ខំ​ក្នុង​របប​ខ្មែរ​ក្រហម និង​រឿង​ដុំ​ហ្វីល​ចុង​ក្រោយ ដោយ​លោក​ស្រី សុទ្ធោ គូលីកា និយាយ​ពី​ឥទ្ធិពល​នៃ​របប​ខ្មែរ​ក្រហម​មក​លើ​ជីវិត​គ្រួសារ​របស់​ពលរដ្ឋ​ខ្មែរ​។ ទាំង​នេះ​សុទ្ធ​សឹង​តែ​ជា​រឿង​រ៉ាវ​​ដែល​សមិទ្ធិករ​ភាពយន្ត​ខ្មែរ ទាំង​ចាស់ ទាំង​ក្មេង ជ្រើស​រើស​មក​ផលិត​ដើម្បី​រំឭក​ពី​របប​ខ្មែរ​ក្រហម​។ 

ក្រៅ​ពី​នេះ ​នៅ​មាន​កុន​របស់​យុវផលិតករ​ខ្មែរ និង​ផលិតករ​បរទេស​ជា​ច្រើន​ផ្សេង​ទៀត ដូច​ជា​រឿង​កុំ​ស្មាន​បង​ភ្លេច ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់ រឿង​ឆ្នាំ​សូន្យ មរណភាព​ដ៏​ស្ងប់​ស្ងាត់​របស់​កម្ពុជា រឿង The Gate ជា​ដើម​។

មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ គឺ​ជា​ខ្សែ​ភាពយន្ត​ថ្មី​ស្រឡាង​មួយ​ទៀត ដែល​ត្រូវ​បាន​ផលិត​ដោយ​តារា​ហូលីវូដ​សញ្ជាតិ​ខ្មែរ អេនជេលីណា ជូលី ដើម្បី​ឧទ្ទិស​ដល់​របប​ខ្មែរ​ក្រហម​។ រឿង​រ៉ាវ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​នេះ ផ្អែក​ទាំង​ស្រុង​លើ​សៀវភៅ​ស្ដី​ពី​ខ្សែ​ជីវិត​ពិត​របស់​លោក​ស្រី លឿង អ៊ឹង ដែល​មា​ន​អាយុ​ត្រឹម​តែ​៥​ឆ្នាំ​ប៉ុណ្ណោះ នៅ​ពេល​របប​ខ្មែរ​ក្រហម​ចូល​គ្រប់​គ្រង​ប្រទេស​កម្ពុជា​។ ដូច​សៀវភៅ​ដែរ កុន​រឿង មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ ​រៀប​រាប់​ពី​ការ​ចង​ចាំ​របស់​កុមារី​វ័យ​ ៥​ឆ្នាំ​​ម្នាក់​ អំពី​សង្គ្រាម ​និង​ការ​ព្រាត់​ប្រាស​នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា​។

បើ​ទោះ​បី​ជា​ពេល​វេលា​កន្លង​ផុត​ទៅ​ជិត​ ៤០​ឆ្នាំ​ហើយ​ក៏​ពិត​មែន ប៉ុន្តែ​តិច​ឬ​ច្រើន ភាពយន្ត​នេះ​នឹង​ជួយ​គាស់​រំលើង​មនោសញ្ចេតនា ក៏​ដូច​ជា​ការ​ចង​ចាំ​របស់​ប្រជាជន​ខ្មែរ​ស្ដី​ពី​របប​វាល​ពិឃាត​ឲ្យ​វិល​ត្រឡប់​មក​វិញ​។ តិច​ឬ​ច្រើន ភាពយន្ត​នេះ​នឹង​ដើរ​តួ​ជា​ជួង​រំឭក​ប្រជាជន​ខ្មែរ​និង​ពិភពលោក​ ឲ្យ​រូតរះ​រក​ឲ្យ​បាន យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ស្លូត​ត្រង់​ជិត​ ២​លាន​នាក់​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​។

ប្រធាន​រឿង​របប​ខ្មែរ​ក្រហម គឺ​ជា​រឿង​សោកនាដកម្ម​ដ៏​ស្មុគស្មាញ​បំផុត​។ ប៉ុន្តែ​ដរាប​ណា​យុត្តិធម៌​នៅ​តែ​មិន​ទាន់​មាន ការ​ពិត​ពី​ក្រោយ​របប​នេះ​នៅ​មិន​ទាន់​អាច​រក​ឃើញ គេ​មិន​គួរ​ចោល​ទេ ការ​ជជែក​វែក​ញែក​ក៏​ដោយ ការ​ស្រាវ​ជ្រាវ​ក៏​ដោយ និង​សូម្បី​តែ​ការ​ផលិត​កុន​ក៏​ដោយ​។ ព្រោះ​ចុង​ក្រោយ សៀវភៅ​ក៏​ដោយ កុន​ក៏​ដោយ សុទ្ធ​តែ​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​តែ​ផ្សះ​ផ្សា អប់រំ និង​បញ្ចៀស​កុំ​ឲ្យ​របប​ដ៏​សាហាវ​ព្រៃ​ផ្សៃ​នេះ​កើត​ឡើង​ម្ដង​ទៀត​តែ​ប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ