៤០ឆ្នាំក្រោយមក កុនស្ដីពីរបបវាលពិឃាតនៅតែត្រូវប៉ាន់!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:១៥
ក្រៅពីសៀវភៅនិងឯកសារស្រាវជ្រាវនានា ខ្សែភាពយន្តក៏ជាទម្រង់ពេញនិយមមួយប្រភេទដែរ ដែលត្រូវបានគេប្រើប្រាស់ដើម្បីនិយាយពីរបបខ្មែរក្រហម។ ចុងសប្ដាហ៍នេះ ពលរដ្ឋខ្មែរនឹងបានទស្សនាកុនថ្មីមួយទៀតស្ដីពីរបបវាលពិឃាត នោះគឺខ្សែភាពយន្តរឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ។ តិចឬច្រើន កុនដែលផលិតឡើងដោយតារាហូលីវូដ អេនជេលីណា ជូលី ដ៏ថ្មីស្រឡាងនេះ នឹងគាស់រំលើងមនោសញ្ចេតនា ក៏ដូចជាការចងចាំរបស់ប្រជាជនខ្មែរ ស្ដីពីរបបវាលពិឃាត ដែលបិទបញ្ចប់ទៅជិត៤០ឆ្នាំហើយ។
ក្រៅពីសៀវភៅនិងឯកសារស្រាវជ្រាវនានា កុនគឺជាទម្រង់ដ៏ពេញនិយមមួយប្រភេទទៀតដែលគេប្រើ ដើម្បីនិយាយពីរបបខ្មែរក្រហម។ ជិត ៤០ឆ្នាំបន្ទាប់ពីរបបខ្មែរក្រហមបិទបញ្ចប់ ខ្សែភាពយន្តពីរបបដ៏ខ្មៅងងឹតនេះ មានច្រើនមិនខ្វះ។ ខ្លះថតដោយផលិតករបរទេស ខ្លះទៀតផលិតដោយផលិតករខ្មែរ។ ខ្លះល្បីល្បាញទទួលបានពានរង្វាន់ច្រើន ចំណែកខ្លះទៀតមិនសូវមានការគាំទ្រ។
បើនិយាយដល់កុនស្ដីពីរបបខ្មែរក្រហម រឿងដែលគេចាំបាននិងទំនងជានឹកឃើញមុនគេគឺរឿង វាលពិឃាត ឬ The Killing Fields ដឹកនាំដោយលោក Roland Joffé ចាក់បញ្ចាំងនៅឆ្នាំ ១៩៨៤។ រឿងវាលពិឃាត ស្ថិតក្នុងចំណោមខ្សែភាពយន្តដំបូងៗដែលធ្វើឲ្យពិភពលោកដឹងពីរបបខ្មែរក្រហម និងចាប់ផ្ដើមនិយាយពីរបបខ្មែរក្រហម។ តំណាលពីបទពិសោធន៍អ្នកកាសែតពីរនាក់ឆ្លងកាត់របបខ្មែរក្រហម វាលពិឃាត បានទទួលពានរង្វាន់អូស្កាក្នុងផ្នែកចំនួន ៣ផ្សេងគ្នា នៅឆ្នាំ ១៩៨៥ ក្នុងនោះក៏មានផងដែរ ផ្នែក Best Supporting Actor ដែលមានជនជាតិខ្មែរ គឺលោក ហាំង ង៉ោ ជាអ្នកទទួលពានរង្វាន់។ បន្ទាប់ពីទទួលពានរង្វាន់អូស្កា លោកវេជ្ជបណ្ឌិត ហាំង ង៉ោ ដែលសម្ដែងនៅក្នុងរឿងវាលពិឃាត និងកុនរឿងវាលពិឃាតខ្លួនឯង បានដើរតួយ៉ាងសំខាន់ ជាឧឃោសនសព្ទក្នុងការផ្សព្វផ្សាយពីរបបខ្មែរក្រហមទៅកាន់ពិភពលោក។
មិនមែនមានតែផលិតករបរទេសទេដែលផលិតកុនស្ដីពីរបបខ្មែរក្រហមនៅកម្ពុជា។ ផលិតករខ្មែរ ទាំងក្មេងទាំងចាស់ ក៏បានផុលផុសផលិតកុនស្ដីពីរបបវាលពិឃាតដ៏ខ្មៅងងឹតដែរ។ ធ្លាប់ឆ្លងកាត់របបខ្មែរក្រហម លោក ប៉ាន់ រិទ្ធី គឺជាសមិទ្ធករភាពយន្តខ្មែរម្នាក់ ដែលផលិតកុនឯកសារផ្ដោតលើផលវិបាកនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ កុនឯកសារដែលលោក ប៉ាន់ រិទ្ធី ផលិតកន្លងមក រៀបរាប់ពីរឿងរ៉ាវផ្សេងៗពាក់ព័ន្ធនឹងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ៖ ទាំងរឿងរ៉ាវផ្ទាល់ខ្លួនរបស់ក្រុមគ្រួសារលោកតាមរយៈរឿងកង្វះរូបភាព រឿងបុប្ផាណាសោកនាដកម្មមួយ និយាយពីយុវតីម្នាក់ដែលរងទារុណកម្មហើយត្រូវបានសម្លាប់នៅពន្ធនាគារស២១ រឿងស ២១ម៉ាស៊ីនពិឃាត រឿងឌុច គ្រូលត់ដំនៅឋាននរក រឿងនិរទេស និងរឿងជំរុំសាយធូជាដើម។ ភាពយន្តឯកសាររបស់លោក ប៉ាន់ រិទ្ធី តែងតែទទួលបានការចាប់អារម្មណ៍និងផ្ដល់តម្លៃយ៉ាងខ្លាំង រហូតបានទទួលពានរង្វាន់ពីមហោស្រពជាច្រើននៅទូទាំងពិភពលោក។
រឿងសត្រូវរបស់ប្រជាជន ដោយ លោក ថេត សម្បត្តិ រឿងឃ្លាតទៅសែនឆ្ងាយដោយ លោក ឆាយ បូរ៉ា អំពីជីវិតស្ដ្រីម្នាក់តស៊ូឆ្លងកាត់របបខ្មែរក្រហម រឿងដំណេកមាស ដោយ លោក ជូ ដេវី ស្ដីពីខ្សែភាពយន្តខ្មែរដែលបាត់បង់ដោយសាររបបខ្មែរក្រហម រឿងអាពាហ៍ពិពាហ៍ក្រហម ដោយ ចាន់ លីដា ស្ដីពីការរៀបការដោយបង្ខំក្នុងរបបខ្មែរក្រហម និងរឿងដុំហ្វីលចុងក្រោយ ដោយលោកស្រី សុទ្ធោ គូលីកា និយាយពីឥទ្ធិពលនៃរបបខ្មែរក្រហមមកលើជីវិតគ្រួសាររបស់ពលរដ្ឋខ្មែរ។ ទាំងនេះសុទ្ធសឹងតែជារឿងរ៉ាវដែលសមិទ្ធិករភាពយន្តខ្មែរ ទាំងចាស់ ទាំងក្មេង ជ្រើសរើសមកផលិតដើម្បីរំឭកពីរបបខ្មែរក្រហម។
ក្រៅពីនេះ នៅមានកុនរបស់យុវផលិតករខ្មែរ និងផលិតករបរទេសជាច្រើនផ្សេងទៀត ដូចជារឿងកុំស្មានបងភ្លេច ខ្មែរបាត់បង់តន្ត្រីរ៉ក់ រឿងឆ្នាំសូន្យ មរណភាពដ៏ស្ងប់ស្ងាត់របស់កម្ពុជា រឿង The Gate ជាដើម។
មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ គឺជាខ្សែភាពយន្តថ្មីស្រឡាងមួយទៀត ដែលត្រូវបានផលិតដោយតារាហូលីវូដសញ្ជាតិខ្មែរ អេនជេលីណា ជូលី ដើម្បីឧទ្ទិសដល់របបខ្មែរក្រហម។ រឿងរ៉ាវនៅក្នុងខ្សែភាពយន្តនេះ ផ្អែកទាំងស្រុងលើសៀវភៅស្ដីពីខ្សែជីវិតពិតរបស់លោកស្រី លឿង អ៊ឹង ដែលមានអាយុត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ នៅពេលរបបខ្មែរក្រហមចូលគ្រប់គ្រងប្រទេសកម្ពុជា។ ដូចសៀវភៅដែរ កុនរឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ រៀបរាប់ពីការចងចាំរបស់កុមារីវ័យ ៥ឆ្នាំម្នាក់ អំពីសង្គ្រាម និងការព្រាត់ប្រាសនៅក្នុងរបបប្រល័យពូជសាសន៍នៅកម្ពុជា។
បើទោះបីជាពេលវេលាកន្លងផុតទៅជិត ៤០ឆ្នាំហើយក៏ពិតមែន ប៉ុន្តែតិចឬច្រើន ភាពយន្តនេះនឹងជួយគាស់រំលើងមនោសញ្ចេតនា ក៏ដូចជាការចងចាំរបស់ប្រជាជនខ្មែរស្ដីពីរបបវាលពិឃាតឲ្យវិលត្រឡប់មកវិញ។ តិចឬច្រើន ភាពយន្តនេះនឹងដើរតួជាជួងរំឭកប្រជាជនខ្មែរនិងពិភពលោក ឲ្យរូតរះរកឲ្យបាន យុត្តិធម៌សម្រាប់ជនរងគ្រោះស្លូតត្រង់ជិត ២លាននាក់ដែលត្រូវបានសម្លាប់នៅក្នុងរបបខ្មែរក្រហម។
ប្រធានរឿងរបបខ្មែរក្រហម គឺជារឿងសោកនាដកម្មដ៏ស្មុគស្មាញបំផុត។ ប៉ុន្តែដរាបណាយុត្តិធម៌នៅតែមិនទាន់មាន ការពិតពីក្រោយរបបនេះនៅមិនទាន់អាចរកឃើញ គេមិនគួរចោលទេ ការជជែកវែកញែកក៏ដោយ ការស្រាវជ្រាវក៏ដោយ និងសូម្បីតែការផលិតកុនក៏ដោយ។ ព្រោះចុងក្រោយ សៀវភៅក៏ដោយ កុនក៏ដោយ សុទ្ធតែត្រូវបានផលិតឡើងដើម្បីតែផ្សះផ្សា អប់រំ និងបញ្ចៀសកុំឲ្យរបបដ៏សាហាវព្រៃផ្សៃនេះកើតឡើងម្ដងទៀតតែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ