ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
កម្ពុជា

ជន​សង្ស័យ​ទី​៣ ពាក់​ព័ន្ធ​នឹង​ករណី​ជួញ​ដូរ​ក្រលៀន​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន

media  
ជន​សង្ស័យ​ដែល​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​ជួញ​ដូរ​ក្រលៀន @FB

ជន​សង្ស័យ​ម្នាក់​ទៀត ក្នុង​សំណុំ​រឿង​ជួញ​ដូរ​ក្រលៀន​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ហើយ កាល​ពី​ថ្ងៃ​ម្សិល​មិញ។ ការ​ឃុំ​ខ្លួន​ជន​ទី​៣ ក្នុង​សំណុំ​រឿង​នេះ ធ្វើ​ឡើង​បន្ទាប់​តុលាការ​ក្រុង កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​បាន​សម្រេច​ចោទ​ប្រកាន់​លើ​មនុស្ស​ពីរ​នាក់ ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​សរីរាង្គ​មនុស្ស​ដោយ​ខុស​ច្បាប់។

ជន​សង្ស័យ​ម្នាក់​ទៀត​ក្នុង​សំណុំ​រឿង​ជួញ​ដូរ​ក្រលៀន​ឈ្មោះ​ជឿន ធី អាយុ​៣៨​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា​កន្លង​ទៅ ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក ជន​សង្ស័យ​ខាង​លើ គឺ​ជា​អ្នក​រត់​ការ​ឯកសារ​បញ្ជូន​មនុស្ស​ឆ្លង​ដែន​ទៅ​ប្រទេស​ឥណ្ឌា ដើម្បី​វះ​កាត់​ដូរ​សរីរាង្គ​ក្រលៀន។

លោក​វរសេនីយ៍ឯក​កែវ ធា ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​បាន​បដិសេធ​ការ​ធ្វើ​អធិប្បាយ​លើ​រឿង​ខាង​លើ ដោយ​លោក​អះអាង​ថា​សំណុំ​រឿង​នេះ គឺ​ផុត​ដៃ​របស់​សមត្ថកិច្ច ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​នីតិវិធី​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ។

លោក​អ៊ី រិន្ទ ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលា​ដំបូង បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា​នេះ​ថា សំណុំ​រឿង​នេះ បាន​មក​ដល់​ដៃ​ចៅក្រម​ស៊ើប​សួរ ហើយ​ចៅក្រម​បាន​សម្រេច​ឃុំ​ខ្លួន​ឈ្មោះ ជឿន ធី បណ្តោះ​អាសន្ន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ពាក់​ព័ន្ធ​នឹង​ការ នាំ​ចេញ​ដោយ​មិន​ស្រប​ច្បាប់​ដោយ​មាន​គោល​ដៅ តាម​មាត្រា​១០​នៃ​ច្បាប់​ស្តី​ពី​ការ​បង្រ្កាប​អំពើ​ជួញ​ដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។

សូម​ជម្រាប​ជូន​ថា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា កន្លង​ទៅ​មនុស្ស​ពីរ​នាក់​ត្រូវ​បាន​តុលាការ​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន ដែល​ក្នុង​នោះ​មាន ឡាច ម៉េងហុង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​អឿ ឡាត ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ពី​បទ​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន តាម​មាត្រា​១០ និង​មាត្រា​១៥ នៃ​ច្បាប់​ស្តីពី​ការ​បង្រ្កាប​អំពើ​ជួញ​ដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។​ ក្រោយ​ពេល​ចាប់​ខ្លួន​ជន​ជាប់​ចោទ​ខាង​លើ​ធ្លាប់​បាន​បញ្ជាក់​ថា គេ​ជួញ​ដូរ​ក្រលៀន​មួយ​ក្នុង​តម្លៃ​ប្រមាណ​៤​ម៉ឺន​ដុល្លារ​អាមេរិក។

លោក​ស្រី​ជូ ប៊ុនអេង អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​កម្ពុជា បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា​នេះ​ថា ករណី​នៃ​ការ​ជួញ​ដូរ​សរីរាង្គ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​ជន​ល្មើស កាល​ពី​ខែ​ឧសភា​កន្លង​ទៅ ហាក់​មិន​មាន​ករណី​ថ្មី​កើត​ឡើង​បន្ត​ទៀត​ទេ។

លោក​ស្រី​បន្ថែម​ថា​ការ​ជួញ​ដូរ​ក្រលៀន​នេះ មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​ផ្នែក​សន្តិសុខ និង​សេដ្ឋកិច្ច ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ប៉ះ​ពាល់​ដល់​សុខភាព ដែល​អាច​ឈាន​ដល់​ការ​បាត់​បង់​អាយុ​ជីវិត​ថែម​ទៀត​ផង។ លោក​ស្រី​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គិត​គូរ​ឲ្យ​បាន​ច្បាស់​លាស់ និង​ជៀស​វាង​ឲ្យ​បាន​ពី ការ​ជួញ​ដូរ​មនុស្ស ជួញ​ដូរ​ពលកម្ម ជួញ​ដូរ​ផ្លូវ​ភេទ និង​សរីរាង្គ​មនុស្ស៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ