អានតួអត្ថបទ
កម្ពុជា-តុលាការ

លោក​គឹម សុខ​ថា សុខ​ចិត្ត​ដើរ​ចូល​គុក​ដោយ​ខ្លួន​ឯង បើ​លោក​ហ៊ុន សែន​ព្រម​នឹង​លក្ខ​ខណ្ឌ​ពីរ​របស់​លោក​

តុលាការ​ក្រុង​ភ្នំពេញ​ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ បាន​ចេញ​ដី​កា​បង្គាប់​ឲ្យ​អាជ្ញាធរ​ស្វែង​រក​ចាប់​ខ្លួន និង​ឃុំ​លោក​គឹម សុខ ក្នុង​សំណុំ​រឿង​ថ្មី​ ដែល​ប្តឹង​ដោយ​រដ្ឋាភិបាល​កម្ពុជា ​ដឹក​នាំ​ដោយ​លោក​ហ៊ុន សែន​។ ភ្លាមៗ ពោល គឺ​នៅ​យប់​ថ្ងៃ​ចន្ទ​តែ​ម្តង តាម​រយៈ​សារ​តាម​គណនី​ហ្វេសប៊ុក លោក​គឹម សុខ ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ បាន​អះ​អាង​ថា លោក​នឹង​ដើរ​ចូល​គុក​ដោយ​ខ្លួន​ឯង ប្រសិន​បើ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន យល់​ព្រម​លើ​លក្ខ​ខណ្ឌ​របស់​លោក​២​ចំណុច​នោះ​។ 

លោក គឹម សុខ ជាអ្នកវិភាគនយោបាយ និងបញ្ហាសង្គម
លោក គឹម សុខ ជាអ្នកវិភាគនយោបាយ និងបញ្ហាសង្គម @RFI
ផ្សាយពាណិជ្ជកម្ម

លក្ខ​ខណ្ឌ​ទាំង​ពីរ​ចំណុច ​ដែល​លោក​គឹម សុខ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ ដាក់​ទៅ​លោក ​ហ៊ុន សែន ដែល​ជា​ដើម​បណ្តឹង​ប្តឹង​លោក​នោះ គឺ​ទី​មួយ ​​ត្រូវ​ព្រម​សន្យា​ការពារ​សុវត្ថិភាព​កូន​ស្រី​តូច​របស់​លោក និង​ទី​២ លោក​នាយក​រដ្ឋ​មន្រ្តី​ត្រូវ​ហ៊ាន​ឡើង​សវនាការ ត​តាំង​គ្នា​ដោយ​ផ្ទាល់​ជាមួយ​លោក ក្នុង​នាម​ជា​ដើម​បណ្តឹង​។ លោក ​គឹម សុខ អះ​អាង​ថា ប្រសិន​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន យល់​ព្រម​ជាមួយ​លោក​នោះ គឺ​លោក​សុខ​ចិត្ត​ដើរ​ចូល​ពន្ធនាគារ​ដោយ​ខ្លួន​ឯង​តែ​ម្តង​។

លោក​ សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ​គឹម សុខ ​នេះ​ថា មាន​ចេតនា​ខាង​នយោបាយ និង​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ​។ លោក​បាន​គូស​បញ្ជាក់​ទៀត​ថា លោក ​គឹម សុខ ដែល​ជា​ចុង​បណ្តឹង​គ្មាន​សិទ្ធិ​ដាក់​លក្ខ​ខណ្ឌ​លើ​ដើម​បណ្តឹង​ឡើយ ហើយ​រឿង​នេះ គឺ​ជា​រឿង​ផ្លូវ​ច្បាប់​ដែល​វា​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​តុលាការ​។

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ តាម​រយៈ​ដីកា​ចុះ​ថ្ងៃ​ទី ១៤កញ្ញា តែ​ទើប​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ចន្ទ បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​ស្វែង​រក​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​លោក​គឹម សុខ ដើម្បី​រង់​ចាំ​ជំ​នុំ​ជម្រះ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍ និង​បរិហា​កេរ្តិ៍​ជា​សាធារណៈ​ទៅ​លើ​រដ្ឋា​ភិបាល​កម្ពុជា​។ ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន ធ្វើ​ឡើង​ក្រោយ​ពី​លោក​គឹម សុខ មិន​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​តាម​ការ​កោះ​ហៅ​កាល​ពី​ថ្ងៃ​១៤ ខែ​កញ្ញា​កន្លង​ទៅ​។ លោក គឹម សុខ ​បាន​​ហៅ​​ចំណាត់​ការ​របស់​តុលាការ​នេះថា​ បាន​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​។

យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​នេះ អាជ្ញាធរ​កម្ពុជា​កំពុង​ស្វែង​រក​ចាប់​ខ្លួន ​លោក ​គឹម សុខ តាម​ដីកា​បង្គាប់​របស់​តុលាការ​ហើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី ​លោក​ ខៀវ សុភ័គ ដែល​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​កម្ពុជា​។ ប៉ុន្តែ​បើ​តាម​ព័ត៌មាន លោក​ គឹម សុខ បាន​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស ​តាំង​ពី​មុន​មាន​ដីកា​កោះ​ហៅ​គាត់​ចូល​តុលាការ​មក​ម្លេះ​។

សូម​បញ្ជាក់​ថា លោក ​គឹម សុខ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ទៅ​កាន់​តុលាការ បន្ទាប់​ពី​លោក កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី ដោយ​លើក​ឡើង​ថា រដ្ឋា​ភិបាល​កម្ពុជា បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស ហើយ​រក​មុខ​ឃាតករ​មិន​ឃើញ​។ ប៉ុន្តែ​លោក​គឹម សុខ ធ្លាប់​បាន​បដិសេធ​ថា លោក​មិន​បាន​និយាយ​ដូច្នោះ​ទេ តែ​លោក​បាន​និយាយ​បែប​នេះ​វិញ​ថា ប្រព័ន្ធ​មួយ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋា​ភិបាល វា​បាន​បណ្តោយ​ឲ្យ​មាន​ការ​សម្លាប់​មនុស្ស ហើយ​រក​មុខ​ឃាតករ​មិន​ឃើញ​។ នេះ​​​បើ​​​តាម​កិច្ច​​សម្ភាស​​របស់​​លោក ជា​មួយ​វិទ្យុ​បារាំង​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ​កន្លង​ទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ