ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
កម្ពុជា

​លោក គឹម សុខ និង​កូន​ស្រី​អាយុ​៦​ឆ្នាំ បាន​ទទួល​សិទ្ធិ​ជ្រក​កោន​ផ្នែក​នយោបាយ​ពី​ប្រទេស​ហ្វាំង​ឡង់​

media  
លោក គឹម សុខ កំពុងរៀបចំវ៉ាលី (នៅកណ្ដាល) @FB/ Kim Sok

លោក គឹម សុខ អ្នក​វិភាគ​មិន​សំចៃ​មាត់ បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​ថៃ ឆ្ពោះ​ទៅ​កាន់​ប្រទេស​ហ្វាំង​ឡង់ (Finland) កាល​ពី​យប់​ថ្ងៃ​ទី ១១ តុលា បន្ទាប់​ពី​ទទួល​បាន​សិទ្ធិ​ជ្រក​កោន​ខាង​ផ្នែក​នយោបាយ​។ សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា កន្លង​ទៅ លោក គឹម សុខ និង​កូន​ស្រី បាន​បង្ខំ​ចិត្ត​និរទេស​ខ្លួន​ចេញ​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​ថៃ បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដី​ការ​ចាប់​ខ្លួន​លោក នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​លោក​ចេញ​ពី​ពន្ធ​នាគារ​។ 

ដំណឹង​នៃ​ការ​ចាក​ចេញ​របស់​លោក គឹម សុខ និង​កូន​ស្រី បាន​បែក​ធ្លាយ​កាល​ពី​យប់​ថ្ងៃ​ទី​១១​តុលា នៅ​ពេល​អ្នក​វិភាគ​រូប​នេះ​និង​កូន​ស្រី រៀប​ចំ​វ៉ាលី​ឡើង​យន្ត​ហោះ​ពី​ប្រទេស​ថៃ ឆ្ពោះ​ទៅ​កាន់​ប្រទេស​ហ្វាំង​ឡង់ Finland។ ប្រទេស​ហ្វាំង​ឡង់ គឺ​ជា​ប្រទេស​ទី​៣ ដែល​អ្នក​វិភាគ​សង្គម​និង​នយោបាយ រួម​នឹង​កូន​ស្រី​អាយុ​៦​ឆ្នាំ បាន​ទទួល​សិទ្ធិ​ជ្រក​កោន​ផ្នែក​នយោបាយ តាម​រយៈ​ការ​ជួយ​សម្រប​សម្រួល​ពី​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ខាង​ជន​ភៀស​ខ្លួន ប្រចាំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។

លោក គឹម សុខ ដែល​គេ​ស្គាល់​ថា ជា​អ្នក​វិភាគ​សង្គម​និង​នយោបាយ​មិន​សំចៃ​មាត់ រួម​ជាមួយ​កូន​ស្រី បាន​បង្ខំ​ចិត្ត​និរទេស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​៣០​ខែ​សីហា បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ ​ចេញ​ដីការ​ចាប់​ខ្លួន​លោក​ជា​ថ្មី នៅ​ថ្ងៃ​ទី​១៤​កញ្ញា ក្នុង​សំណុំ​រឿង «​បរិហា​កេរ្តិ៍​ជា​សាធារណៈ និង​​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍» ទៅ​លើ​រដ្ឋា​ភិបាល​កម្ពុជា​។ ពាក្យ​បណ្តឹង​ថ្មី​នេះ បាន​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​លោក គឹម សុខ ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី​១៧​សីហា និង​ក្រោយ​ពី​ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​ព្រមាន​ប្តឹង​លោក គឹម សុខ ដាក់​ពន្ធនាគារ​ជា​ថ្មី ប្រសិន​បើ​អ្នក​វិភាគ​រូប​នេះ មិន​សង​ប្រាក់​៨០០​លាន​រៀល ឬ ស្មើ​នឹង​ប្រមាណ​២០​ម៉ឺន​ដុល្លារ មក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​នោះ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ប្រឈម​នឹង​ពាក្យ​បណ្តឹង​ថ្មី​ចុង​ក្រោយ​នោះ លោក គឹម សុខ បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ជាមួយ​កូន​ស្រី ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ខាង​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស​ទី៣​។

គួរ​រំឭក​ជូន​ថា លោក ​គឹម សុខ បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​១៨​ខែ ដោយ​សារ​បណ្ដឹង​របស់​​រដ្ឋាភិបាល​កម្ពុជា​ កាល​ពីខែ​កុម្ភៈ​ឆ្នាំ​២០១៧ ដោយ​សារ​លោក​គឹម សុខ បានផ្តល់បទសម្ភាសន៍ដល់​សារព័ត៌មាន​​ថា រដ្ឋា​ភិបាល​កម្ពុជា បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស ហើយ​រក​មុខ​ឃាតករ​មិន​ឃើញ​។ ប៉ុន្តែ​លោក​គឹម សុខ ធ្លាប់​បាន​បដិសេធ​ថា លោក​មិន​បាន​និយាយ​ដូច្នោះ​ទេ តែ​លោក​បាន​និយាយ​បែប​នេះ​វិញ​ថា «ប្រព័ន្ធ​មួយ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋា​ភិបាល វា​បាន​បណ្តោយ​ឲ្យ​មាន​ការ​សម្លាប់​មនុស្ស ហើយ​រក​មុខ​ឃាតករ​មិន​ឃើញ»។ ការ​លើក​ឡើង​របស់​លោក គឹម សុខ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​ល្បី គឺ​លោក កែម ឡី កាល​ពី​ថ្ងៃ​ទី ១០ កក្កដា ឆ្នាំ ២០១៧ កន្លង​ទៅ​។

សូម​បញ្ជាក់​ដែរ​ថា លោក គឹម សុខ និងកូនស្រី បាន​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​អស់​រយៈ​ពេល​១​ខែ និង​៣​ថ្ងៃ មុន​ទទួល​បាន​សិទ្ធិ​ជ្រក​កោណ​ខាង​ផ្នែក​នយោបាយ​ពី​ប្រទេស​ហ្វាំង​ឡង់​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ