ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

លោកស្រីរ៉ូណា ស្មីត ស្វាគមន៍​ការ​បន្ធួរ​បន្ថយ​លើ លោក កឹម សុខា តែ​បារម្ភ​ការ​ឃុំ​ខ្លួន​អ្នក​គាំទ្រ លោក សម រង្ស៊ី

media លោកកឹម សុខា @Facebook Kem Sokha

លោកស្រី រ៉ូណា ស្មីត អ្នក​ករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ បាន​ស្វាគមន៍​ចំពោះសេចក្ដី​សម្រេច តុលាការ​ក្នុងការបន្ធូរបន្ថយ​លក្ខខណ្ឌមួយចំនួន តាម​ផ្លូវ​តុលាការ​លើ​ករណី​ ​លោក ​កឹម ​សុខា។ ទន្ទឹម​នឹង​ការ​ស្វាគមន៍​លោកស្រី​ស្មីត ​បាន​បង្ហាញ​កង្វល់​ដាច់​ដោយ​ឡែក ចំពោះ​ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​ជាង​៨០នាក់​ ដែល​គាំទ្រ​ដំណើរ​មាតុ​ភូមិនិវត្តន៍​របស់ លោក សម រង្ស៊ី ។ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​អះអាងថា ទោះ​បីជា​ផែនការ​វិលចូល​ស្រុក​របស់​លោក សម រង្ស៊ី មិន​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​សកម្មជន​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​រួម​គំនិត​ក្បត់មិន​រួច​ខ្លួន​ឡើយ។

កង្វល់​របស់​លោកស្រី រ៉ូណា ស្មីត អ្នក​ករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ធ្វើ​ឡើង​មួយថ្ងៃ តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញកាលពីថ្ងៃទី១០ខែវិច្ឆិកា​ ​បាន​សម្រេច​បន្ធូរបន្ថយ​កាតព្វកិច្ច​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​លើ​ករណី​របស់​លោក ​កឹម ​សុខា ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​ បើ​តាម​សេចក្តី​សម្រេច​ថ្មី​នេះ ​លោក​ កឹម ​សុខា ​អាច​មាន​សិទ្ធិ​ដើរ​ហើរ​បាន​គ្រប់​ទីកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ប៉ុន្តែ​មិន​អាច​ធ្វើ​នយោបាយ​និង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​បាន​ឡើយ​។

លោកស្រី រ៉ូណា ស្មីត មើល​ឃើញ​ថា ទោះ​បី​លោក​កឹម សុខា អាច​ដើរ​ហើរ​ដោយ​សេរី​ក្នុងប្រទេស​កម្ពុជា​បាន តែ​លោកស្រី​សោកស្តាយ ដែល​តុលាការ​នៅ​តែ​រឹតត្បិត​លើ​សិទ្ធិ​ធ្វើនយោបាយ និង​សិទ្ធិ​សេរីភាព​នានា របស់​លោក​កឹម សុខា។ ប្រឈម​បែប​នេះ លោកស្រី អំពាវនាវ​ឲ្យ​ពន្លឿន​ដំណើរការ​ស៊ើប​អង្កេត​លើ​ករណី​លោកកឹម សុខា ព្រម​ទាំង​ទម្លាក់​ចោល​បទចោទប្រកាន់​ទាំង​អស់​ប្រឆាំង​រូប​លោក។

ដំណាល​គ្នា​នឹង​ការស្វាគមន៍​នេះ លោកស្រី​ស្មីត ក៏​មិនភ្លេច​លើក​ឡើង​នូវ​កង្វល់ ចំពោះ​ការ​បន្ត​ឃុំខ្លួន​សកម្មជន​ជាង​៨០​នាក់​ ដែល​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់ លោក សម រង្ស៊ី ។

ជុំវិញក្ដី​ព្រួយ​បារម្ភ​នេះ លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​គូស​បញ្ជាក់​នៅ​ថ្ងៃអង្គារ៍​នេះ​ថា សំណុំ​រឿង​សកម្មជន​ទាំង​ជាង​៨០​នាក់​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ។ ក្នុងករណី​ដែល​ចៅ​ក្រម​ស៊ើប​សួរ​រក​ឃើញ​ថា ពួកគេ​មិន​មូលដ្ឋាន​ក្នុង​ការ​ចោទ​ប្រកាន់ ត្រូវ​បានទម្លាក់​បទចោទ​ក្នុង​សំណុំ​រឿង​រួម​គំនិត​ក្បត់​ជាមួយ លោក សម រង្ស៊ី ។

តែ​បើ​តាម​លោក ជិន ម៉ាលីន ទោះ​បីជា​ផែនការ​វិល​ចូល​វិញ​របស់​លោក សម រង្ស៊ី មិន​ទទួល​បាន​ជោគជ័យ​ក៏​ដោយ​ប៉ុន្តែសកម្មជន​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ទាំង​ប៉ុន្មាន​នឹង​មិន​រួច​ខ្លួន​ឡើយ ព្រោះ​បទល្មើស​បាន​កើតឡើង​រួច​ទៅ​ហើយ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចូល​រួមរួម​ផែន​ការ​ខុស​ច្បាប់៕

 

 

 

 

 

 

 

 

 

 

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ