អានតួអត្ថបទ
កម្ពុជា

មន្ត្រី​ច្រាន​ចោល​សំណើរ​បន្ថយ​នឹង​លើក​លែង​ទោស​ចំពោះ​អ្នក​ទោស​គ្រឿង​ញៀន

គណៈកម្មាធិការ​ជាតិ​សម្រាប់​ពិនិត្យ​ការ​លើក​លែង​ទោស​ទណ្ឌិត នឹង​ជួប​ពិភាក្សា​គ្នា​ម្ដង​ទៀត​នៅ​រសៀល​នេះ បន្ទាប់​ពី​ការ​ពិភាក្សា​នេះ​បាន​ធ្វើ​ម្ដង​រួច​មក​ហើយ​កាល​ពី​ម្សិល​មិញ ដើម្បី​ពិនិត្យ​មើល​សំណើរ បន្ធូរ​បន្ថយ​ទោស និង​លើក​លែង​ទោស​ដល់​អ្នក​ទោស​ចំនួន ៣៩១​នាក់​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នា​ពេល​ខាង​មុខ។ ក្នុង​នោះ អ្នក​ទោស​គ្រឿង​ញៀន និង​អ្នក​ទោស​ប្រព្រឹត្ត​បទ​ល្មើស​ឧក្រិដ្ឋ​ធំៗ មិន​ត្រូវ​បាន​លើក​យក​មក​ជជែក សម្រាប់​ការ​លើក​លែង និង​បន្ថូរ​បន្ថយ​ទោស​ទេ។ នេះ​ជា​ការ​អះអាង​របស់​លោក គឹម សន្តិភាព អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌។

លោកគឹម ​សន្តិភាព ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌។​
លោកគឹម ​សន្តិភាព ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌។​ @Kim Santepheap
ផ្សាយពាណិជ្ជកម្ម

លោក គឹម សន្តិភាព អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​គូស​បញ្ជាក់​ថា តាម​រយៈ​កិច្ច​ពិភាក្សា​នៅ​ថ្ងៃ ៣០​ខែ​មីនា​ម្សិល​មិញ គឺ​គ្មាន​អ្នក​ទោស​គ្រឿង​ញៀន​ណា​ម្នាក់​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ទោស​ចំនួន ៣៩១​នាក់ សម្រាប់​សំណើរ បន្ធូរ​បន្ថយ​ទោស និង​លើក​លែង​ទោស​នោះ​ទេ។ សូម្បី​តែ​អ្នក​ទោស​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ធំៗ​ក៏​ត្រូវ​ច្រាន​ចោល​ដូច​គ្នា​ដែរ។

លោក​បន្ថែម​ថា គោលការណ៍​ដែល​មិន​ពិនិត្យ​សំណើរ​បន្ថូរ​បន្ថយ​នឹង​លើក​លែង​ទោស​ដល់​អ្នក​ទោស​គ្រឿង​ញៀន និង​បទ​ឧក្រិដ្ឋ​ធំៗ​គឺ​ផ្ដើម​អនុវត្ត​ចាប់​តាំង​ពី​ឆ្នាំ ២០១៦​មក​ម្ល៉េះ។ ហើយ​នៅ​ឆ្នាំ​ ២០១៧ គោលការណ៍​នេះ​នៅ​តែ​បន្ត​អនុវត្ត​ដើម្បី​ឲ្យ​ស្រប​ជាមួយ​នឹង​យុទ្ធនាការ​បង្ក្រាប​ញៀន​របស់​រដ្ឋាភិបាល។

ទាក់​ទង​បញ្ហា​នេះ​កន្លង​មក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌ ពិនិត្យ​ឡើង​វិញ​ចំពោះ​សំណើរ​បន្ថូរ​បន្ថយ​ ឬ​លើក​លែង​ទោស​ដល់​ទណ្ឌិត​ណា​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​គ្រឿង​ញៀន និង​ករណី​ប្លន់​ជា​ដើម ។ បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី​ពួក​គេ​អាច​ប្រព្រឹត្ត​បទ​ល្មើស​ដដែល​ឡើង​វិញ​នៅ​ពេល​ចេញ​ពី​ពន្ធនាគារ។

តាម​រយៈ​កិច្ច​ពិភាក្សា​នៅ​ថ្ងៃ​ទី ៣០​មីនា​ម្សិល​មិញ គណកម្មាធិការ​ជាតិ​រក​ឃើញ​ទណ្ឌិត​ជា​ស្រ្តី​ ២៤​នាក់​ និង​ទណ្ឌិត​ចំនួន ៧០​នាក់​បាន​ស្នើ​សុំ​លើក​លែង​ទោស​ហើយ។ សម្រាប់​ទណ្ឌិត​ជាង ៣០០​នាក់​ផ្សេង​ទៀត​គឺ​កំពុង​ស្នើ​សុំ​បន្ធូរ​បន្ថយ​ទោស។ លោក គឹម សន្តិភាព ​បាន​ពន្យល់​បន្ថែម​ថា ការ​លើក​លែង​និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត គណកម្មាធិការ​ជាតិ​ពិនិត្យ​ទៅ​លើ​ទិដ្ឋភាព​ជាក់​ស្ដែង​នៃ​ប្រភេទ​បទ​ល្មើស ចរឹក​នៃ​ការ​ប្រព្រឹត្ត​បទ​ល្មើស និង​ព្យសនកម្ម​នៃ​បទ​ល្មើស។

បន្ថែម​ពី​លើ​នេះ​ទៀត ទណ្ឌិត​ត្រូវ​មាន​សេចក្ដី​សម្រេច​ស្ថាពរ​របស់​តុលាការ ឬ​ទណ្ឌិត​ទទួល​បាន​ការ​អប់​រំ​កែប្រែ​នៅ​ក្នុង​ពន្ធនាគារ។ ម្យ៉ាង​ទៀត​ប្រសិន​បើ​ទណ្ឌិត​បាន​ផ្លាស់​ប្ដូរ​ទៅ​ជា​មនុស្ស​ល្អ និង​បាន​ជាប់​ពន្ធនាគារ​ចំនួន ២/៣ នៃ​ចំនួន​ទោស​របស់​ខ្លួន​អ្នក​ទោស​ទាំង​នោះ​អាច​នឹង​ត្រូវ​បាន​ពិចារណា​ដើម្បី​បន្ធូរ​បន្ថយ​ទោស ខណៈ​ដែល​អ្នក​ទោស​ដែល​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល ២/៣​នៃ​ចំនួន​ទោស​របស់​ខ្លួន​នោះ​ពួក​គេ​អាច​ត្រូវ​បាន​លើក​លែង​ទោស​បាន។

​សូម​បញ្ជាក់​ថា ក្នុង​មួយ​ឆ្នាំ​មាន​ការ​លើក​លែង​ទោស និង​បន្ធូរ​បន្ថយ​ទោស​លើ​ទណ្ឌិត​ចំនួន​បី​ដង នៅ​ពេល​មាន​ពិធី​បុណ្យ​ធំៗ រួម​មាន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ច្រត់​ព្រះ​នង្គ័ល និងព្រះរាជ​ពិធី​បុណ្យ​អុំទូក។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ