ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
កម្ពុជា

​ម៉ាឡេស៊ី​ថា​មិន​ទាន់​ទទួល​បាន​ដីកា​ចាប់​ខ្លួន លោក សម រង្ស៊ី ខណៈ​កម្ពុជា​ថា​បាន​ផ្ញើ​ទៅ​រួច​ហើយ​

media  
លោក សម រង្ស៊ី @RFI

ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ កាល​ពី​សប្ដាហ៍​មុន​ថា អាជ្ញាធរ​ម៉ាឡេស៊ី មិន​បាន​ទទួល​សាលដីកា​របស់​តុលាការ​កម្ពុជា បង្គាប់​ឱ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី​ នៅឡើយ។ ប៉ុន្តែ​ប្រមុខ​ការទូត​កម្ពុជា​អះអាងថា អាជ្ញាធរកម្ពុជាបាន​ផ្ញើដីកាចាប់ខ្លួននោះ ​ទៅ​កាន់​ស្ថាប័ន​​ពាក់​ព័ន្ធ​​រួច​ហើយ តែប្រហែល​ជា​មិន​ទាន់​ទៅ​ដល់​​ដោយសារ​តែ​បញ្ហា​នីតិ​វិធី​នៃ​ការ​បញ្ជូន​។ 

បើទោះបីជាមិនទាន់​ទទួលបានដីកាចាប់​ខ្លួន​ លោក សម រង្ស៊ី ក៏ដោយ ប៉ុន្តែ​លោកនាយក​រដ្ឋមន្រ្តី ម៉ាឡេស៊ី មហាធៀ មហាម៉ាត់ បាន​គូស​បញ្ជាក់​ថា​ម៉ាឡេស៊ី​មិន​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​បណ្ដា​ប្រទេស​ណា​មួយ​ទេ។ ការ​លើក​ឡើងយ៉ាងដូច្នេះ គឺ​ក្នុង​ពេល​ដែល​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​បូរី​ញូយ៉ក ក្រៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៤​កាលពីសប្តាហ៍មុន។

ចំណែក លោក ​ប្រាក់ សុខុន ប្រមុខ​ការទូត​កម្ពុជា ​បាន​បញ្ជាក់ថា ការមិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ជា​រឿង​ផ្សេង​ ប៉ុន្តែ​​រឿង​សហការ​គ្នា​ក្នុង​ការ​ចាប់​ឧក្រិដ្ឋជន គឺ​ជា​រឿង​ផ្សឹង។

បើ​តាម​ប្រមុខ​ការទូត​​ អាជ្ញាធរ​កម្ពុជា​បាន​ផ្ញើ​ដីកា​ចាប់​ខ្លួន​នោះ​ ទៅ​កាន់​ស្ថាប័ន​​ពាក់​ព័ន្ធ​​រួច​ហើយ តែប្រហែល​ជា​មិន​ទាន់​ទៅ​ដល់​​ដោយសារ​តែ​បញ្ហា​នីតិ​វិធី​នៃ​ការ​បញ្ជូន​។

សូមរំឭកថា នៅចំពោះ​មុខ​នាយករដ្ឋមន្រ្តីឡាវ​ដែលមកបំពេញទស្សនៈកិច្ចនៅកម្ពុជា កាល​ពី​ថ្ងៃ​ទី​១២​ខែ​កញ្ញា​ឆ្នាំ​២០១៩ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​​ថា ​ដីកា​ចាប់​ខ្លួន​លោក​ សម រង្ស៊ី ត្រូវ​​បញ្ជូន​ទៅ​កាន់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០។ ការប្រកាសបែបនេះគឺស្រប​ពេល​ដែល​លោក​ សម រង្ស៊ី បាន​ប្រកាស​វិល​ត្រឡប់​ចូល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា ខាងមុខ ដែល​ជាថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ។

យ៉ាង​ណា​ក៏​ដោយ លោក សម រង្ស៊ី អះអាង​ថា​លោក​មិន​ខ្វល់​ចំពោះ​ដីកា​ចាប់​ខ្លួន​រូប​លោក​ដែល​ចេញ​ជា​បន្ត​បន្ទាប់​ដោយ​តុលាការ​កម្ពុជា​នោះ​ទេ ដោយ​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ​។ ​មិន​តែ​ប៉ុណ្ណោះ មេដឹក​នាំ​បក្ស​ប្រឆាំង​រូបនេះ អះ​អាង​ទៀត​ថា ដរាប​ណា​មាន​ការ​កាត់​ទោស​លោក​កាន់​តែ​ច្រើន​លោក​ក៏​បាន​ពាន​រង្វាន់​ជើង​ឯង​ខាង​លទ្ធិ​ប្រជា​ធបិតេយ្យ​កាន់​តែ​ច្រើន​ថែម​ទៀត​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ