អានតួអត្ថបទ
កម្ពុជា-វប្បធម៌

​កម្ពុជា​ត្រូវ​ការ​ពេល​៤​ឆ្នាំ ដើម្បី​រៀប​ឯកសារ​ប្រាសាទ​កោះ​កេរ ទៅ​ក្នុង​សម្បត្តិ​បេតិកភ័ណ្ឌ​ពិភព​លោក​

ក្រសួង​វប្បធម៌ បាន​និង​កំពុង​រៀប​ចំ​ឯកសារ​ស្នើ​សុំ​ដាក់​ប្រាសាទ​កោះ​កេរ ទៅ​ក្នុង​សម្បត្តិ​បេតិកភ័ណ្ឌ​ពិភពលោក ខណៈ​ក្រសួង​វប្បធម៌ លើក​ឡើង​ថា ការងារ​នេះ​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​ទៅ​៤​ឆ្នាំ​។ ការ​ប៉ុន​ប៉ង​របស់​កម្ពុជា ដើម្បី​បញ្ចូល​សម្បត្តិ​វប្បធម៌​ថ្មី​របស់​ខ្លួន ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ពេល​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ UNESCO ទទួល​ស្គាល់​ប្រាសាទ​សំបូរ​ព្រៃ​គុក កាល​ពី​ឆ្នាំ​ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ 

ប្រាសាទកោះកេរ្ដ៍
ប្រាសាទកោះកេរ្ដ៍ @RFI
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​កិច្ច​ប្រជុំ​បច្ចេក​ទេស​លើក​ទី៤ នា​ខេត្ត​សៀមរាប​ស្តី​ពី គណៈ​កម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស និង​លើក​តម្លៃ​ប្រាសាទ​ព្រះវិហារ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២០​ខែ​កញ្ញា ម្សិល​មិញ រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ លោក​ស្រី ភឿង សកុណា បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា ប្រាសាទ​កោះកេរ ជា​ប្រាសាទ​បុរាណ​ខ្មែរ​មួយ​ដ៍​អស្ចារ្យ ដែល​អ្នក​ជំនាញ​ក្រសួង​វប្បធម៌ បាន​និង​កំពុង​រៀប​ចំ​ឯកសារ​ស្នើ​សុំ​ដាក់​បញ្ជូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក ក្នុង​បញ្ជី​របស់​អង្គការ UNESCO បន្ទាប់​ពី​ប្រាសាទ​សំបូរ​ព្រៃ​គុក​។

លោក​ស្រី​រដ្ឋ​មន្ត្រី បញ្ជាក់​ថា​ការ​រៀប​ចំ​ឯកសារ ដាក់​ទៅ​កាន់​អង្គការ​ពិភព​លោក​ខាង​សម្បត្តិ​បេតិកភណ្ឌ​នេះ កម្ពុជា​អាច​នឹង​ប្រឈម​នូវ​ការ​លំបាក​ច្រើន ដោយសារ​លក្ខ​ខណ្ឌ​អង្គការ UNESCO មាន​លក្ខណៈ​តឹង​តែង និង​ទាម​ទារ​ពេល​វេលា​យូរ រហូត​ដល់​ទៅ​៤ឆ្នាំ​ឯណោះ​។ ទោះ​យ៉ាង​ណា អាជ្ញាធរ​ព្រះវិហារ អ្នក​ជំនាញ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​អន្តរជាតិ កំពុង​តែ​ធ្វើ​ការ​និង​រៀប​ចំ​នូវ​ឯកសារ​ពាក់​ព័ន្ធ​នឹង​ប្រាសាទ​កោះ​កេរ​នេះ ដោយ​មាន​ការ​វិវត្តន៍​ទៅ​មុខ​បន្តិច​ហើយ​។
 

យោង​តាម​ឯកសារ​ប្រវត្តិ​សាស្ត្រ ប្រាសាទ​កោះកេរ ដែល​មាន​៧​ជាន់ កំពស់​៣៥​ម៉ែត្រ ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ គឺ​អតីត​រាជធានី​របស់​អាណាចក្រ​ខ្មែរ កសាង​ឡើង​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី៤​(៩២៨-៩៤២) គឺ​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះឥសូរ តាម​បែប​ព្រហ្មញ្ញ​សាសនា​។ ប្រាសាទ​កោះ​កេរ ពី​មុន​មាន​ឈ្មោះ​ថា ឆក​គគីរ ដែល​មាន​ផ្ទៃ​ដី​ប្រមាណ​២៥៦​គីឡូ​ម៉ែត្រ​ការ៉េ ដោយ​រួម​មាន​ប្រសាទ​ចំនួន​៩៨ សង់​ដាច់ៗ​ពី​គ្នា ចន្លោះ​ពី​៣ ឬ​៤​គីឡូ​ម៉ែត្រ នៅ​ក្នុង​តំបន់​នោះ​។

សូម​បញ្ជាក់​ថា ការ​ដាក់​ប្រាសាទ​កោះកេរ ទៅ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក នៅ​ពេល​នេះ គឺ​ជា​ការ​បន្ថែម​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ​ថ្មី​មួយ​ទៀត ទៅ​ក្នុង​អង្គការ​វប្បធម៌​កំពូល​នេះ បន្ទាប់​ពី​អង្គការ UNESCO បាន​ទទួល​ស្គាល់​រួច​មក​ហើយ នូវ​ប្រាសាទ​អង្គរវត្ត ប្រាសាទ​ព្រះ​វិហារ​ប្រាសាទ​សំបូរ​ព្រៃ​គុក រួម​នឹង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបិយ​សម្រាប់​មនុស្ស​ជាតិ​មួយ​ចំនួន​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ