អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋមានទំនាស់ដីធ្លីស្នាក់នៅវត្តសាមគ្គីរង្ស៊ី ព្រមត្រឡប់ទៅខេត្តកោះកុងវិញនៅថ្ងៃស្អែក

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ ជាង​មួយរយ​គ្រួសារ ដែល​បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​កោះកុង​ ដើម្បី​​មក​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​ក្រសួង​ដែនដី នគរូបនីយកម្ម​ និង​សំណង់ ​កាល​ពី​សប្តាហ៍​មុន យល់​ព្រម​ត្រឡប់​ទៅ​ខេត្ត​កោះកុង​វិញ​ហើយ​ បន្ទាប់​ពី​ មន្រ្តី​ក្រសួង​ដែនដី​ បាន​សន្យា​នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ថា នឹង​ចុះ​ទៅ​ដល់​មូលដ្ឋាន​កំពុង​មាន​ទំនាស់​ដីធ្លី​នៅ​ថ្ងៃទី​១៨ សីហា ខាង​មុខ​។ អ្នកស្រី ផាវ ញឺង តំណាង​សហគមន៍​ដី​មាន​ទំនាស់​ក្នុង ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ សរុប ១៤៧​គ្រួសារ​ បាន​បញ្ជាក់​ថា ពលរដ្ឋ​សហគមន៍​ នឹង​ត្រឡប់​ទៅខេត្ត​កោះកុង​វិញ នៅ​ថ្ងៃ​ស្អែក ដើម្បី​ត្រៀម​ឯកសារ​ផ្លូវ​ច្បាប់​រងចាំ​មន្រ្តី​ជំនាញ​ចុះ​ទៅ​ដោះស្រាយ តែ​ព្រមាន​នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​១៩ សីហា ប្រសិន​បើ​ មន្រ្តី​ក្រសួង​ដែនដី​មិន​គោរព​សន្យា។

ការរុញច្រានគ្នា​ នៅវត្តសាមគ្គីរង្ស៊ី កាលពីព្រឹកថ្ងៃទី១០ សីហា រវាង​​កងកម្លាំង​ប្រជា​ការពារ ខណ្ឌ​មាន​ជ័យ និង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លីមក​ពីខេត្តកោះកុង
ការរុញច្រានគ្នា​ នៅវត្តសាមគ្គីរង្ស៊ី កាលពីព្រឹកថ្ងៃទី១០ សីហា រវាង​​កងកម្លាំង​ប្រជា​ការពារ ខណ្ឌ​មាន​ជ័យ និង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លីមក​ពីខេត្តកោះកុង @CamNews
ផ្សាយពាណិជ្ជកម្ម

មាន​ការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ រវាង​កងកម្លាំង​ប្រជា​ការពារ ខណ្ឌ​មានជ័យ និង​ពលរដ្ឋ​មានទំនាស់​ដីធ្លី​ជិត ​១០០​នាក់​ ដែល​ភាគច្រើន​ជា ស្រ្តី និង​មនុស្ស​ចាស់ មក​ពី​ខេត្ត​កោះកុង កំពុង​រងចាំ​ដំណោះស្រាយ​ ក្នុង​ក្រុង​ភ្នំពេញ បណ្តាល​អោយ​ពលរដ្ឋ​សហគមន៍​យ៉ាង​តិច​ប្រាំនាក់​រង​របួស​ស្រាល​។ អ្នកស្រី ផាវ ញឺង តំណាង​សហគមន៍​ដី​មាន​ទំនាស់​ក្នុង ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ បាន​អះអាង​ថា អ្នកស្រី​ត្រូវកង​កម្លាំង​អាជ្ញាធរ​រុញ​ច្រាន វាយ​ក្បាល និង​ទាត់​ផង នៅ​ចំណុច​ខ្លោង​ទ្វា​វត្ត​សាមគ្តីរង្ស៊ី ខណៈ​កងកម្លាំង​សន្តិសុខ​ព្យាយាម​បិទ​ទ្វា​វត្ត មិន​អោយ​ពលរដ្ឋ​សហគមន៍​ប្រមាណ ៨៤​នាក់ ​ដើរក្បួន​ ទៅ​ក្រសួង​ដែនដី នគរូប​នីយកម្ម​ និង​សំណង់ ដើម្បី​សាកសួរ​រក​ដំណោះ​ស្រាយ​ បន្ទាប់​ពី​ដាក់​ញត្តិ​កាល​ពី​សប្តាហ៍​មុន​។

កង​កម្លាំង​សន្តិសុខ​បាន​ចាក​ចេញ​ពី វត្ត​បន្ទាប់​ពី ប្រជា​សហគមន៍ ព្រម​ចូល​វត្ត​វិញ​។ អភិបាល​រង ខណ្ឌ​មានជ័យ លោក ឌី រ័ត្នខេមរុណ បាន​បដិសេធន៍​ថា គ្មាន​ការ​ប៉ះ​ទង្គិច​គ្នា​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។ លោក​បញ្ជាក់​ដោយ​ខ្លីថា វា​គ្រាន់​ជា​ការ​ទប់ស្កាត់ ដើម្បី​រងចាំ​តំណាង​ក្រសួង​ដែនដី មក​ដោះស្រាយ​នៅ​កន្លែង​ប៉ុណ្ណោះ។

ទោះបី​យ៉ាងណា ភ្លាមៗ​បន្ទាប់ពី​មាន​ការ​ប៉ះទង្គិច​គ្នា មន្រ្តី​ក្រសួង​ដែនដី នគរូបនីយកម្ម​ និង​សំណង់ ​បាន​ចុះទៅ​ជួប​ផ្ទាល់​ជាមួយ​នឹង​ពលរដ្ឋ​សហគមន៍ នៅ​វត្ត​សាមគ្គីរង្ស៊ី ព្រម​ទាំង​បាន​ សន្យា​ថា នឹង​ចុះ​ទៅ​ពិនិត្យ​ដល់​មូលដ្ឋាន​កំពុង​មាន​ទំនាស់​ដី​ធ្លី​ ក្នុង​ខេត្ត​កោះកុង តប​តាម​ញត្តិ​ នៅ​ថ្ងៃទី​១៨ សីហា ខាង​មុខ។

អ្នកស្រី ផាវ ញឺង តំណាង​សហគមន៍ បាន​បញ្ជាក់​ថា ប្រជាសហគមន៍​នឹង​វិល​ត្រឡប់​ទៅ​ខេត្ត​កោះកុង​វិញ នៅ​ថ្ងៃ​ស្អែក ដើម្បី​ត្រៀម​ឯកសារ​ផ្លូវ​ច្បាប់​រងចាំ​មន្រ្តី​ជំនាញ​ចុះ​ទៅ​ដោះស្រាយ​ផ្ទាល់ តែ​ក៏​បាន​ព្រមាន ​នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​១៩ សីហា ប្រសិន​បើ​ មន្រ្តី​ក្រសួង​ដែនដី​ មិន​បាន​ចុះ​ដល់​មូលដ្ឋាន​តាម​ការ​ណាត់​។
 
គួរ​រំលឹក​ថា កាល​ពី​ថ្ងៃទី​៤ សីហា ​តំណាង​ពលរដ្ឋ​សហគមន៍​មាន​ទំនាស់​ដីធ្លី ក្នុង​ស្រុក​ស្រែអំបិល និង​ស្រុកបុទុមសាគរ ចំនួន ១៤៧ គ្រួសារ បាន​ដាក់​ញត្តិ​ទៅ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ សហភាព​អឺរ៉ុប រដ្ឋ​សភា និង​ក្រសួង​កសិកម្ម ដើម្បី​ទាម​ទារ​កាត់​ដី ៧៨២.១៦ ហិក​តា ពី​ក្រុមហ៊ុន Koh Kong Sugar និង ​Koh Kong Plantation ជូន​ពលរដ្ឋ​សហគមន៍​ដែល​ធ្លាប់​ប្រើប្រាស់​ជាក់​ស្តែង​វិញ។ ការ​ឡើង​មក​ដាក់​ញត្តិ​របស់ពលរដ្ឋ​សហគមន៍​ ដល់​រាជធានី ដោយ​សារ​ គ្មាន​ដំណោះ​ស្រាយ​សមរម្យ នៅ​ថ្នាក់​ខេត្ត ហើយ​ពលរដ្ឋ​មួយចំនួន​ ក៏​រង​បណ្តឹង​តុលាការ​ដោយ​សារ​ វិវាទ​ដីធ្លី ជាមួយ​នឹង ក្រុមហ៊ុន​ផលិត​ស្ករ​ស ខេត្ត​កោះកុង​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ