អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​កម្ពុជា​រំលឹក​ខួប​៤​ឆ្នាំ ​នៃ​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ស្លាប់​ នៅ​ស្ពាន​កោះ​ពេជ្រ

រាជរដ្ឋាភិបាល​កម្ពុជា ​តាម​រយៈ​សាលា​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​សៅរិ៍​ទី​២២​វិច្ឆិការ​នេះ ​បាន​រៀប​ចំ​ប្រារព្ធ​ខួប​៤​ឆ្នាំ​នៃ​ការ​ស្លាប់​បាត់​បង់​ជីវិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ នៅ​ស្ពាន​កោះ​ពេជ្រ​ កាល​ពី​ឆ្នាំ​២០១០។​ រយៈ​ពេល​៤​ឆ្នាំ​ហើយ​ ព្រឹត្តិការណ៍​ដ៍​រន្ធត់​និង​មិន​គួរ​អោយ​ជឿ​មួយ​នេះ ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ការ​ចង​ចាំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ និង​អ្នក​នយោបាយ។

ការប្រារព្ធ​ពិធី​រំឭក​ខួប​៤​ឆ្នាំ​នៃ​ការ​ស្លាប់​បាត់​បង់​ជីវិត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ នៅ​ស្ពាន​កោះ​ពេជ្រ​ កាល​ពី​ឆ្នាំ​២០១០។
ការប្រារព្ធ​ពិធី​រំឭក​ខួប​៤​ឆ្នាំ​នៃ​ការ​ស្លាប់​បាត់​បង់​ជីវិត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ នៅ​ស្ពាន​កោះ​ពេជ្រ​ កាល​ពី​ឆ្នាំ​២០១០។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ពិធីបុណ្យ​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ ជនរងគ្រោះ នៅក្នុង​ឧបទ្ទេវហេតុ​រត់​ជាន់គ្នា​ស្លាប់​នៅលើ​ស្ពាន​ពេជ្រ​គម្រប់​ខួប៤ឆ្នាំនេះ បានរៀបចំ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​សៅ​រិ៍​នេះ នៅ​ចំពោះមុខ​ស្តូប​ជនរងគ្រោះ ដែល​ស្ថិត​នៅក្បែ​ស្ពាន​ពេជ្រ ដែល​ត្រូវបាន​គេ​វាយ​កម្ទេច​ចោល​ទៅហើយនោះ។ ស្ពាន​ពេជ្រ​ដែល​បាន​ឆក់យក​ជីវិត​មនុស្ស ៣៥៣នាក់ និង​របួស​៣៩៦នាក់ នៅក្នុង​ព្រឹត្តិការណ៍​រត់​ជាន់គ្នា​តែមួយ​យប់ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​អុំទូក កាលពី​ថ្ងៃទី២២វិច្ឆិកាឆ្នាំ២០១0។

លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើជា​អធិបតី​នៅក្នុង​ពិធី​នេះ
ព្រម​ទាំង​មន្ត្រីរាជការ សាលា​រាជធានី​ភ្នំពេញ នឹង​បងប្អូន​សាច់ញាតិ​របស់​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​សរុប​ជាង៤០០នាក់ បានធ្វើ​ពិធីរាប់បាត្រ​ព្រះសង្ឃ​ចំនួន ១០៨ អង្គ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​ព្រឹត្តិការណ៍​កាលពី៤ឆ្នាំមុន។

កាលពី​ថ្ងៃទី២១វិច្ឆិកា​ម្សិលមិញ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បានរៀបចំ​ប្រារព្ធ​ពិធី​នេះ នៅមុខ​ស្តូប​របស់​ជនរងគ្រោះ​ផងដែរ។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​វិលត្រលប់​មកពី​ប្រទេស​បារាំង​បាន​ចូលរួម​នៅក្នុង​ពិធី​នេះ​កាលពី​ថ្ងៃ​ម្សិលមិញ បាន​ថ្លែង​រិះគន់​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ថា មិនបាន​ទទួលខុសត្រូវ​ចំពោះ​ការស្លាប់​បាត់បង់​ជីវិត​មនុស្ស​រាប់រយ​នាក់​នេះ​ទេ។ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ប្រើប្រាស់​ទឹកប្រាក់ ដើម្បី​លុបបំបាត់​និទណ្ឌភាព​និង​ការទទួលខុសត្រូវ​នេះ​ទៅវិញ។

ប៉ុន្តែ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​នៅពេល​ប្រារព្ធ​ពិធី​នៅ​ថ្ងៃ​សៅរ៍​នេះ ដោយបាន​ចាត់ទុក​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ប្រារព្ធ​ពិធី​បុណ្យឧទ្ទិសកុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ជាន់គ្នា​លើ​ស្ពាន​កោះ​ពេជ្រ មុន​ថ្ងៃ​កំណត់​នោះ​ថា ជាការ​កេងចំណេញ​នយោបាយ។

យ៉ាងណា​ក៏ដោយ រយៈពេល៤ឆ្នាំ​មកនេះ អាថ៌កំបាំង​នៅ​ពីក្រោយ​ព្រឹត្តិការណ៍​នេះ​នៅតែ​កើតមាន ខណៈ​ជនរងគ្រោះ​ដែល​រួច​ពី​ស្លាប់ នៅតែ​បន្ត​ភិតភ័យ និង​មាន​ចំងល់​ថា ជា​ព្រឹត្តិការណ៍​មិនគួរ​អោយ​ជឿ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ