ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
កម្ពុជា

​សមាគម​ម្រេច​កំពត​៖ ​អ្នក​ដាំ​ម្រេច​ខ្នាត​តូច ​និង​ខ្នាត​ធំ ​បោះ​បង់​ចោល​ការ​ដាំ​ម្រេច​

media  
ម្រេចខ្មែរ ក្នុងខេត្តកំពត @Internet

អ្នក​ដាំ​ម្រេច​ខ្នាត​តូច និង​ខ្នាត​ធំ នៅ​ឯ​ខេត្ត​កំពត​ភាគ​ច្រើន​បាន​បោះ​បង់​ចោល​ការ​ដំា​ម្រេច ខណៈ​ការ​ផលិត​ម្រេច​លើស​តម្រូវ​ការ​ទីផ្សារ នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ នេះ​បើ​តាម​សមាគម​លើក​កម្ពស់​ម្រេច​កំពត​។ ប៉ុន្តែ​ការ​ដាំ​ម្រេច​លក្ខណៈ​មធ្យម​នៅ​មាន​ដដែល​។ 

ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត លោក ងួន ឡាយ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នាថ្ងៃទី២ ខែតុលា នេះ​ថា កសិករ​ដែល​ដាំ​ម្រេច​ខា្នត​តូច​ភាគ​ច្រើន​ដាំ​ម្រេច​ក្នុង​ទំហំ​ដី​ប្រមាណ​១០​អា ទៅ​១៥​អា តែ​ដោយ​មូល​ហេតុ​ខ្វះ​ថវិកា​ជួល​កម្លាំង​ពលកម្ម​ថែ​ទាំ​ម្រេច រួម​ទាំង​ទីផ្សារ​ម្រេច​មាន​លក្ខណៈ​ចង្អៀត​ផង ទើប​ពួក​គាត់​ត្រូវ​សម្រេច​ចិត្ត​ឈប់​ដាំ​ម្រេច​។

ចំណែក​កសិករ ដែល​មាន​ចម្ការ​ម្រេច​ធំៗ​វិញ បាន​សម្រេច​ចិត្ត​បោះ​បង់​ការ​ដាំ​ម្រេច​ដោយ​សារ​តែ​ការ​ចំណាយ​ខ្ពស់​លើ​ការ​ថែ​ទាំ​ម្រេច ពោល​គឺ​ប្រមាណ​ពី​៤​ទៅ​៥ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ខណៈ​ដែល​ម្រេច​ដែល​ផលិត​បាន​មិន​មាន​អ្នក​ទិញ ព្រោះ​ផលិត​លើស​ពី​តម្រូវ​ការ​ទីផ្សារ​។ នេះ​បើ​តាម​លោក ងួន ឡាយ​។

ទិន្ន​ផល​ម្រេច​កំពត​សម្រាប់​ឆ្នាំ​២០១៩​នេះ មាន​ប្រមាណ​១០២​តោន ខណៈ​ដែល​តម្រូវ​ការ​ទីផ្សារ​តាម​ការ​តាម​ការ​ប៉ាន់​ស្មាន​មាន​ប្រមាណ​ក្រោម​៧០​តោន​។ លោក ងួន ឡាយ អះ​អាង​ទៀត​ថា បច្ចុប្បន្ន​នេះ ក្រៅ​តែ​ទីផ្សារ​អាមេរិក អឺរ៉ុប និង​ក្នុង​ស្រុក សមាគម​របស់​លោក ក៏​សំឡឹង​មើល​ទីផ្សារ​មួយ​ចំនួន​ទៀត​ដូច​ជា កូរ៉េ​ខាង​ត្បូង ហុង​កុង និង​តៃវ៉ាន់​ជា​ដើម​។

បើ​តាម​ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត​រូប​នេះ ទោះបី​ជា​ទីផ្សារ​ម្រេច​កំពត​មាន​លក្ខណៈ​ចង្អៀត​ក្តី តែ​តម្លៃ​ម្រេច​កំពត​សម្រាប់​ឆ្នាំ​២០១៩​នេះ មិន​ការ​ប្រែ​ប្រួល​នោះ​ទេ ពោល​គឺ​តម្លៃ​ម្រេច​ខ្មៅ​មួយ​គីឡួ​ក្រាម​១៥​ដុល្លារ, ម្រេច​ក្រហម​តម្លៃ​២៥​ដុល្លារ, និង​ម្រេច​ស តម្លៃ​២៨​ដុល្លារ​។ តម្លៃ​ខាង​លើ​នេះ​មិន​មាន​ការ​ប្រែ​ប្រួល​ទេ នា​រយៈ​ពេល​៤ឆ្នាំ​ចុង​ក្រោយ​នេះ​។ នេះ​បើ​តាម​លោក ងួន ឡាយ​។

យោង​តាម​អគ្គ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជ​កម្ម ម្រេច គឺ​ជា​ផលិតផល​មួយ​ ក្នុង​ចំណោម​ផលិត​ផល​សក្តា​នុ​ពល​សំខាន់ៗ​ទាំង​១៩​មុខ របស់​ប្រទេស​កម្ពុជា និង​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ដាក់​បញ្ចូល​ ក្នុង​បញ្ជី​មុខ​ទំនិញ​អាទិភាព​សម្រាប់​ធ្វើ​ពិពិធកម្ម និង​ជំរុញ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ នា​ពេល​បច្ចុប្បន្ន ម្រេច​ត្រូវ​បាន​ដាំដុះ​ក្នុង​ខេត្ត​ចំនួន​១៩ ចាប់​ពី​តំបន់​និរតី ភូមិ​ភាគ​ពាយ័ព្យ និង​តំបន់​ឦសាន​នៃ​ប្រទេស​កម្ពុជា​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ