អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក គង់ គាំ និង​កូន​ប្រុស​ត្រៀម​ដាក់​ពាក្យ​សុំ​ធ្វើ​នយោបាយ​ឡើង​វិញ ខណៈ​រដ្ឋ​មន្ត្រី​មហាផ្ទៃ ប្រកាស​ថា​មិន​ទាន់​ឃើញ​ការ​ស្នើ​សុំ​នៅ​ឡើយ​

លោក​គង់ គាំ និង​លោក គង់ បូរ៉ា ជា​កូនប្រុស ដែលជា​អតីតមន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​នៅថ្ងៃនេះ​ថា លោក និង​កូនប្រុស នឹងដាក់​ពាក្យសុំ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ដើម្បី​សុំ​លើក​បំរាម​ធ្វើ​នយោបាយ​ភ្លាម បន្ទាប់ពី​ព្រះមហាក្សត្រ​ឡាយព្រះហស្ថលេខា​ហើយ​លើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ។ ការលើកឡើង​ដូចនេះ ខណៈ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បង្ហើប​ថា នៅ​មិនទាន់មាន​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ម្នាក់​នៅឡើយ​ទេ ដាក់ពាក្យ​ទៅកាន់​ក្រសួងមហាផ្ទៃ។ 

លោក គង់ គាំ មានបំណងចង់ស្នើសុំសិទ្ធិធ្វើនយោបាយ
លោក គង់ គាំ មានបំណងចង់ស្នើសុំសិទ្ធិធ្វើនយោបាយ រូបថត៖ គង់ គាំ
ផ្សាយពាណិជ្ជកម្ម

អតីត​ឧ​ត្ត​ម​ទីប្រឹក្សា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ គាំ ថ្លែងប្រាប់​វិទ្យុ​បារាំង RFI នៅថ្ងៃនេះ​ថា លោក​បាន​ត្រៀម​ឯកសារ​រួចរាល់​ហើយ ដើម្បី​ស្នើសុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជួយ​អន្តរាគមន៍ ឲ្យ​បាន​រួច​ផុតពី​បំរាម​ធ្វើ​នយោបាយ។ ការត្រៀម​លក្ខណៈ​នេះ គឺ​រង់ចាំតែ​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា៤៥ថ្មី(ស្ទួន) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ចូល​ជា​ធរមាន​ភ្លាម បន្ទាប់ពី​ព្រះមហាក្សត្រ​ឡាយព្រះហស្ថលេខា។ ជាមួយគ្នានេះ កូនប្រុស របស់លោក គឺ​លោក គង់ បូរ៉ា ក៏​នឹងដាក់​ពាក្យ​ដំណាលគ្នា​ដែរ រួមទាំង​អ្នក​ថ្កោ​ក​ទោស​ការអំពាវនាវ​រប​ស់លោក សម រង្សី មួយចំនួនទៀត។ នេះ​បើតាម​លោក គង់ គាំ។

កាលពី​ថ្ងៃទី២៨ធ្នូ ឆ្នាំ២០១៨ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច​ជា​ឯកច្ឆ័ន្ទ៨សម្លេង​លើ៨ ថា​ស្របតាម​រដ្ឋធម្មនុញ្ញ ចំពោះ​ច្បាប់​ស្តីពី​វិសោធនកម្ម មាត្រា៤៥ថ្មី(ស្ទួន) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​បើកផ្លូវ​ឲ្យ​អតីតមន្ត្រី គណបក្សប្រឆាំង​ទាំង១១៨រូប អាចមាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។ ទោះយ៉ាងណា​ច្បាប់​ថ្មី​នេះ នៅ​មិនទាន់​ត្រូវបាន​ព្រះមហាក្សត្រ​ឡាយព្រះហស្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​នៅឡើយ​ទេ។

ទាក់ទង​ទៅនឹង​បញ្ហា​នេះដែរ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅឯរ​ដ្ឋ​សភាជាតិ​ដែរ​ថា រហូតមកដល់​ថ្ងៃ​ម្សិលមិញ នៅ​មិនទាន់មាន​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ម្នាក់ ក្នុងចំណោម​អ្នក​ដែល​ច្បាប់​ហាម​ធ្វើ​នយោបាយ​ទាំង១១៨នាក់ ដាក់ពាក្យ​ស្នើសុំ​ធ្វើ​នយោបាយ​ឡើងវិញ​នៅឡើយ​ទេ។

សូម​រំលឹកថា រដ្ឋសភា​កម្ពុជា កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ បានប្រកាស​ពី​ការធ្វើ​វិសោធនកម្ម​ច្បាប់ គណបក្សនយោបាយ ដើម្បី​បើកផ្លូវ​ផ្តល់​សិទ្ធិ​ឲ្យ​នាយករដ្ឋមន្ត្រី ផ្តល់​សម្បទា​ដល់​អ្នកនយោបាយ១១៨រូប របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​ហាមឃាត់​ធ្វើ​នយោបាយ រយៈពេល៥ឆ្នាំ ឲ្យ​មាន​សិទ្ធិ​ធ្វើ នយោបាយ​ឡើងវិញ ដោយមាន​តំណាងរាស្ត្រ​ហត្ថលេខី ចំនួន៨៧រូប បាន​ផ្តួច​ផ្តើមធ្វើ​សេចក្តីស្នើច្បាប់ ស្តីពី​វិសោធនកម្ម​មាត្រា៤៥ថ្មី (ស្ទួន) នៃ​ច្បាប់​ស្តីពី គណបក្សនយោបាយ​នេះ។ ជុំវិញ​ការធ្វើ​វិសោធនកម្ម​មាត្រា​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នេះដែរ ក្រុម​អ្នកនយោបាយ​អតីត​បក្ស​ប្រឆាំង ក៏​មានការ​ខ្វែងយោបល់​គ្នាច្រើន​ដែរ ដោយ​លោក សម រង្ស៊ី ដែល​អះអាងថា​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសថា​អ្នក​ដែល​ដាក់​ពាក្យសុំ​ធ្វើ​នយោបាយ​ឡើងវិញ​គឺជា​អ្នក​ក្បត់បក្ស។ ក៏ប៉ុន្តែ​ការលើកឡើង​នេះ ក៏មាន​ការរិះគន់​ខ្លាំង​ពី​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឯទៀត​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ