ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/11 12h00 GMT
កម្ពុជា

​តុលាការ​សម្រេច​ចោទ​ប្រកាន់​យុវជន គង់ រៃយ៉ា ​ពី​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ក្រោយ​ការ​សាក​សួរ​រយៈ​ពេល​ពី​រ​ថ្ងៃ​

media  
តុលាការសម្រេចចោទប្រកាន់យុវជន គង់ រៃយ៉ា ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ @សហការី

តុលាការ​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ១១ កក្កដា នេះ បាន​សម្រេច​ចោទ​ប្រកាន់​យុវជន​ឈ្មោះ គង់ រ៉ៃយ៉ា ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ខណៈ​ដែល​យុវជន​ម្នាក់​ទៀត​ឈ្មោះ សួង នាគព័ន្ធ ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ឃាត់​ខ្លួន​កាល​ពីថ្ងៃទី ១០ កក្កដា នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​រសៀល​ថ្ងៃទី១១ កក្កដា​នេះ​។ ភ្លាមៗ​នេះ អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស អាជ្ញាធរ​ទីក្រុង​ភ្នំពេញ និង​បាន​ទាម​ទារ​ឲ្យ​ដោះ​លែង​យុវជន​ទាំង​ពីរ​នាក់​ជា​បន្ទាន់​។ 

លោក រៀល សុភិន ព្រះ​រាជ​អាជ្ញា​រង​នៃ​តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​យុវជន គង់ រ៉ៃយ៉ា ពី​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ បន្ទាប់​ពី​យុវជន​រូប​នេះ បាន​បោះ​ពុម្ព​អាវ​យឺត ដែល​មាន​ភ្ជាប់​នូវ​ពាក្យ​ស្លោក​របស់​លោក​បណ្ឌិត កែម ឡី នៅ​មុន​ខួប៣ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​នយោបាយ​និង​សង្គម​រូប​នេះ​។ បើ​តាម​លោក រៀល សុភិន យុវជន គង់ រ៉ៃយ៉ា នឹង​ត្រូវ​បញ្ជូន​ខ្លួន​បន្ត ទៅ​កាន់​ចៅ​ក្រម​ស៊ើប​សួរ ដើម្បី​បន្ត​នីតិ​វិធី​របស់​តុលា​ការ​។

គួរ​ជំរាប​ជូន​ថា យុវ​ជន គង់ រ៉ៃយ៉ា រួម​ជាមួយ​ភរិយា​និង​បង​ប្អូន​ពីរ​នាក់​ទៀត ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ឃាត់​ខ្លួន​កាល​ពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់​ពី​ពួក​គេ​បាន​បោះ​ពុម្ព ទ្រឹស្ដី របស់​លោក​បណ្ឌិត កែម ឡី នៅ​លើ​អាវ​យឺត​ពណ៌​ខ្មៅ និង​ស ដែល​សមត្ថកិច្ច​កម្ពុជា​ចាត់​ទុក​ថា មាន​ខ្លឹម​សារ​ញុះ​ញង់​ដោយ​ភ្ជាប់​នឹង​ថ្ងៃ​មរណ​ភាព​របស់​លោក​បណ្ឌិត កែម ឡី និង ដើម្បី​វាយ​ប្រហារ​ទៅ​លើ​រដ្ឋា​ភិបាល​កម្ពុជា​។ ប៉ុន្តែ​ក្រោយ​មក ភរិយា និង​បង​ប្អូន​ពីរ​នាក់​របស់​យុវជន​រូប​នេះ ត្រូវ​បាន​ដោះ​លែង​វិញ​។

ចំណែក​យុវជន​ម្នាក់​ទៀត​ឈ្មោះ សួង នាគព័ន្ធ ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន កាល​ពី​ថ្ងៃទី ១០កក្កដា ក៏​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី ១១ ខែ​កក្កដា​នេះ បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថា បាន​ប្រឆាំង​នឹង​ការ​ហាម​ឃាត់​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដើម្បី​ដឹក​នាំ​មនុស្ស​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី នៅ​ហាង​ស្តារ​ម៉ាត​កាល់​តិច ស្តុប​បូក​គោ​។

យ៉ាង​ណា​ក៏​ដោយ ជុំវិញ​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​លើ​យុវជន ដែល​មាន​ភក្តី​ភាព​ចំពោះ​លោក​បណ្ឌិត កែម ឡី ទាំង​ពីរ​នាក់​ខាង​លើ​នេះ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាល​ពី​ឆ្នាំ​២០១៦​នោះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស និង​បាន​ទាម​ទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង​យុវជន​ទាំង​ពីរ​នាក់​នេះ​ជា​បន្ទាន់​និង​ឥត​លក្ខណ្ឌ​។ បើ​តាម​សេចក្តី​ថ្លែង​ការណ៍ យុវជន គង់ រ៉ៃយ៉ា គ្រាន់​តែ​ប្រកាស​លក់​អាវ​យឺត ដែល​មាន​រូប​លោក​បណ្ឌិត កែម ឡី លើ​បណ្តាញ​សង្គម​ហ្វេស​បុក​ប៉ុណ្ណោះ​។ ចំណែក​ឯ​យុវជន សួង នាគព័ន្ធ វិញ គ្រាន់​តែ​ចូល​រួម​ដាក់​កម្រង​ផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​ទីតាំង​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ប៉ុណ្ណោះ​។ ជាមួយ​គ្នា​នេះ សេចក្តី​ថ្លែង​ការណ៍ អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវ​នាវ​ដល់​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​វែក​មុខ​រក​ឃាតករ​ពិត និង​អ្នក​នៅ​ពីក្រោយ​ឃាតករ យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ ជា​ជាង​ប្រើ​ប្រាស់​កម្លាំង ដើម្បី​រារាំង និង​បង្រ្កាប​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​ពល​រដ្ឋ​អ្នក​ស្រលាញ់​គាំទ្រ​លោក​បណ្ឌិត កែម ឡី​។

សូម​បញ្ជាក់​ដែរ​ថា យុវជន​ឈ្មោះ គង់ រ៉ៃយ៉ា ធ្លាប់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​១៨​ខែ​ម្តង​រួច​មក​ហើយ កាល​ពីថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០១៦ ពី​បទ ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ដោយ​សារ​តែ​យុវជន​រូប​នេះ បាន​អំពាវ​នាវ​ឲ្យ​មហាជន​ចូល​រួម​ធ្វើ​បដិវត្តន៍​ពណ៌​តាម​រយៈ​បណ្ដាញ​សង្គម ហ្វេសបុក​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ