អានតួអត្ថបទ
កម្ពុជា-ច្បាប់

CCHR ៖ ការ​កាត់​ទោស​​យុវជន​ គង់​ រ៉ៃ​យ៉ា​ ​គំរាម​កំហែង​ដល់​​សិទ្ធិ​​បញ្ចេញ​មតិ​លើ​​​ហ្វេ​ស​ប៊ុ​ក

តុលាការ​​កំពូល​ នៅ​​ព្រឹ​ក​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​ បាន​សម្រេច​ តម្កល់​​សាលដីកា​​​របស់​​សាលា​ឧទ្ធរណ៍ គាំ​ទ្រ​​ការ​ផ្តន្ទាទោស ​យុវជន ​គង់ រ៉ៃ​យ៉ា ដាក់​ពន្ធនាគារ ​១៨​ខែ ​ទុក​ជា​បាន​ការ​ ពាក់ព័ន្ធ​​នឹង​​ការ​ប្រកាស​​ធ្វើ​​បដិវត្តន៍​ពណ៌ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ លោកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ចាត់ទុកថា ការបន្ត​កាត់ទោស​របស់​តុលាការ​តាំងពី​ថ្នាក់ក្រោម​ដល់​ថ្នាក់​កំពូល​នេះ ជា​ទង្វើ​ដ៏​អយុត្តិធម៌​មួយ​សម្រាប់ គង់ រ៉ៃ​យ៉ា ហើយ​ក៏​​ជាការ​គំរាមកំហែង​ដ៏​ខ្លាំង ដល់​សិទ្ធិសេរីភាព​បញ្ចេញមតិ របស់​អ្នក​ប្រើប្រាស់​បណ្តាញ​​សង្គម​នៅ​កម្ពុជា។

យុវជនគង់ រ៉ៃយ៉ា ដែល​ត្រូវ​បាន​តុលាការកំពូល សម្រេចផ្តន្ទាទោស ក្នុងរឿងបដិវត្តន៍ពណ៌។
យុវជនគង់ រ៉ៃយ៉ា ដែល​ត្រូវ​បាន​តុលាការកំពូល សម្រេចផ្តន្ទាទោស ក្នុងរឿងបដិវត្តន៍ពណ៌។ @Soriya Koko
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ យុវជន គង់ រ៉ៃ​យ៉ា បាន​សរសេរ​សារ​មួយ​ឃ្លាបង្ហោះ​លើ Facebook ឈ្មោះ សូ​រី​យា កូ​កូ (Soriya Koko) ថា៖ «តើ​មាន​នរណាម្នាក់​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ជាមួយ​ខ្ញុំ​ទេ?។ ថ្ងៃ​ណាមួយ​នៅពេល​អនាគត ខ្ញុំ​នឹងធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្លា​ស់​ប្តូរ​របប​សម្រាប់​សង្គម​ខ្មែរ ហើយ​បើទោះជា​ត្រូវ​ជាប់ពន្ធនាគារ ឬ​ស្លាប់​ក៏​នៅតែ​ធ្វើ​វា​ដដែល»។

គឺ​សារ​មួយ​ឃ្លា​នេះហើយ ដែល​នាំ​ឲ្យយុវជនវ័យ ២៥ឆ្នាំ​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី២០ សីហា ឆ្នាំ២០១៥ នៅ​សាកលវិទ្យាល័យ​ខេមរៈ ក្នុង​ខណ្ឌ​សែន​សុខ ក្រុង​ភ្នំពេញ ហើយពីរ​ថ្ងៃក្រោយ គឺនៅ​ថ្ងៃទី២២ សីហា យុវជន គង់ រ៉ៃ​យ៉ា ត្រូវបាន​សាលា​ដំបូង​​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​បណ្ដោះអាសន្ន ដោយ​ចោទ​ប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ។ រដ្ឋាភិបាលចាត់ទុកថា គង់ រ៉ៃ​យ៉ា បានប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តែ​សម្រាប់ គង់ រ៉ៃ​យ៉ា យល់ថាបដិវត្តន៍​ពណ៌មានន័យ​ត្រឹម​ជាការប្រមូលផ្តុំ​តវ៉ា​ដោយ​សន្តិវិធី ហើយ​មានន័យ​ដូចបាតុកម្មអហិង្សាដែរ។

យុវជន គង់ រ៉ៃ​យ៉ា ជា​និស្សិត​នៅ សាកលវិទ្យាល័យ​ខេមរៈ ត្រូវបាន តុលាការ​សម្រេច​ផ្ដន្ទាទោស កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ឱ្យ​ជាប់ពន្ធនាគារ ១៨ខែ ពី បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ។ បើទោះបីជា ប្រឹង​តវ៉ា​រក​ភាព​ស្អាតស្អំ​របស់ខ្លួន​មកវិញ តែនៅ​ព្រឹក​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល បានសម្រេច បិទផ្លូវ​តវ៉ា តម្កល់​ការសម្រេច​របស់ សាលាឧទ្ធរណ៍​នៅ ថ្ងៃទី២១ កក្កដា ឆ្នាំ២០១៦ បន្ត​ឃុំខ្លួន​យុវជន គង់ រ៉ៃ​យ៉ា ដដែល។

អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​បញ្ជាក់ថា ករណី គង់ រ៉ៃ​យ៉ា ជា​ករណី​មួយ ក្នុងចំណោម អ្នកប្រើប្រាស់​ហ្វែ​ក​ប៊ុ​ក ៧នាក់​ផ្សេងទៀត ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​ការបញ្ចេញមតិ ខណៈ មនុស្ស​យ៉ាងហោចណាស់ ២៤នាក់ រង​ការគំរាមកំហែង​ជា​សាធារណៈ  គិត​ត្រឹម រយះពេល ៧ខែ ចាប់ពី​ខែសីហា ឆ្នាំ២០១៥ ដល់ ខែកុម្ភៈ ឆ្នាំ២០១។ នាយិកា CCHR ចាត់ទុកថា ការបន្ត​កាត់ទោស​យុវជន គង់ រ៉ៃ​យ៉ា ជាការ​គំរាមកំហែង​ខ្លាំង ដល់​សិទ្ធិសេរីភាព​បញ្ចេញមតិ របស់ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្បិត និស្សិត​ដូច គង់ រ៉ៃ​យ៉ា គ្មាន​ឥទ្ធិពល បង្ក​ឲ្យ​អសន្តិសុខ​សង្គម ឬ ដូច​គៀងគរ​ធ្វើ​បដិវត្តន៍ រដ្ឋាភិបាល ដូច​ព្រួយបារម្ភ​ឡើយ។

គួរ​ជម្រាប​ថា យុវជន គង់ រ៉ៃ​យ៉ា អាយុ ២៥ឆ្នាំ គឺជា ពលរដ្ឋ​ខ្មែរ​ទីមួយ​ហើយ ដែល​បាន​ជាប់​ពន្ធនាគារ មួយឆ្នាំ​កន្លះ ដោយសារ​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​វាយ​ប្រហារ​រដ្ឋាភិបាល បន្ទាប់ពី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ចាប់ផ្ដើម​ប្រើប្រាស់ Facebook នៅ​អំឡុង​ខែកញ្ញា​ឆ្នាំ២០១។ ហើយ​បើ​រាប់​តាម​នីតិវិធី​ច្បាប់ ចំពោះ​ទម្ងន់ទោស​ដាក់ពន្ធនាគា​រ ១៨ខែ គង់ រ៉ៃ​យ៉ា នឹងត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​យ៉ាង​យូរ​បំផុត ចុងខែ​កុម្ភៈ​ ឆ្នាំ២០១៧ បើ​គិត​ចាប់ពី​ពេល​ឃុំខ្លួន អំឡុង​ខែសីហា ឆ្នាំ២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ