អានតួអត្ថបទ
កម្ពុជា

សត្វ​ដំរី​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ មាន​ការ​កើន​ឡើង​បើ​ប្រៀបធៀប​នឹង​១០​ឆ្នាំ​មុន

សត្វ​ដំរី​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ មាន​ការ​កើន​ឡើង​បើ​ប្រៀប​ធៀប​នឹង​១០​ឆ្នាំ​មុន។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​អង្កការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ (Wildlife Alliance) នៅ​ក្នុង​សន្និសិទ​សារព័ត៌មាន​មួយ ស្តីពី ការ​អបអរ​សមិទ្ធផល​របស់​ខ្លួន​ ដែល​សម្រេច​បាន ដោយ​ធ្វើ​ឱ្យ​ការ​បរបាញ់​សត្វ​ដំរី អាស៊ី​ក្នុង​តំបន់​ព្រៃឈើ​ជួរ​ភ្នំ​ក្រវាញ ក្នុង​រយៈពេល​មួយ​ទស្សវត្សរ៍​ចុង​ក្រោយ​នេះ មាន​ចំនួន​សូន្យ។ អត្តបទដោយ ប៉ុន សោភ័ណ៖

សត្វដំរីនៅតំបន់ជួរភ្នំក្រវាញ មានការកើនឡើងបើប្រៀបធៀបនឹង១០ឆ្នាំមុន។
សត្វដំរីនៅតំបន់ជួរភ្នំក្រវាញ មានការកើនឡើងបើប្រៀបធៀបនឹង១០ឆ្នាំមុន។ @WCS Cambodia
ផ្សាយពាណិជ្ជកម្ម

ស្រប​ពេល​នឹង​ទិវា​សត្វ​ដំរី​ពិភព​លោក​ថ្ងៃទី ១២ សីហា ឆ្នាំនេះ អង្ក​ការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ​នៅ​កម្ពុជា (Wildlife Alliance) នឹង​ប្រារព្ធ​ពិធី​អបអរ​សមិទ្ធិផល​ ដែល​ខ្លួន​សម្រេច​បាន ដោយ​ធ្វើ​ឱ្យ​គ្មាន​ការ​បរបាញ់ សត្វ​ដំរី​នៅ​អាស៊ី នៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ។ នៅ​ក្នុង​នោះ អង្កការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ ក៏​បាន​បញ្ជាក់​ដោយ​ស្រង់​សិ្ថតិ​ពី​ការ​ចុះ​សិក្សា​ស្រាវជ្រាវ​របស់ អង្កការ​រុក្ខជាតិ និង​សត្វ​អន្តរជាតិ (FFI) ថា​ចំនួន​សត្វ​ដំរី នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​មាន​ចំនួន​ចន្លោះ​ពី ១៧០​ក្បាល ទៅ ២០០ ក្បាល និង​ចន្លោះ​ពី ២០០​ក្បាល ទៅ​៣០០​ក្បាល ផ្សេង​ទៀត រស់​នៅ​តំបន់​ទេសភាព​ខ្ពង់​រាប​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា​។ យ៉ាងណា​ក៏​ដោយ អង្កការ​​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ​បាន​បញ្ជាក់​ថា នេះ​គ្រាន់តែ​ជា​តួលេខ​បឋម​ប៉ុណ្ណោះ មិន​ទាន់​មាន​ការ​សិក្សា​ច្បាស់​លាស់ណា​មួយ ពី​ចំនួន​សត្វ​ដំរី​ ដែល​រស់នៅ​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ។

កាល​ពី​ដើម​ឆ្នាំ ២០០០ ព្រៃឈើ​ជួរ​ភ្នំ​ក្រវាញ គឺ​ជា​ទី​ប្រមាញ់​សត្វ​ដំរី និង​ខ្លា​ធំ​ដ៏​ក្តៅ​គគុក។ ដែល​នៅ​ចន្លោះពី​ ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៦ មាន​សត្វ​ដំរី​អាស៊ី​ចំនួន​៣៧​ក្បាល និង​សត្វ​ខ្លា​ធំ ២៩​ក្បាល​ត្រូវ​បាន​គេ​សម្លាប់។ ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​នៃ​ការ​បរបាញ់​នេះ អង្កការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ (Wildlife Alliance)បាន​ចុះ​ល្បាត និង​ពង្រឹង​ការ​អនុវត្តន៍ ចាប់​តាំង​ឆ្នាំ​២០០៦​រហូត​មក​ដល់​ពេល​នេះ ដោយ​បាន​សហការណ៍​ជា​រដ្ឋបាល​ព្រៃឈើ ក្រសួង​បរិស្ថាន ព្រម​ទាំង​ភាគី​ពាក់ព័ន្ធ​បាន​ចាប់​អន្ទាក់​ចំនួន​ជាង​១៤​ម៉ឺន អន្ទាក់ ព្រម​ទាំង​ចាប់​បាន​ជនល្មើស​ជាង​៣០០​នាក់​បញ្ជូន​ទៅ​តុលាការ​ផង​ដែរ។ 

នាយិកា​ប្រតិបត្តិការ​អង្កការ​សម្ព័ន្ត​មិត្ត​សត្វ​ព្រៃ កញ្ញា Sowanna Gauntlett បាន​គូស​បញ្ជាក់​ថា គោល​ដៅ ដែល​បាន​កំណត់​រហូត​ដល់​ទទួល​បាន​ជោគជ័យ​ នៃ​សមិទ្ធិផល​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ បាន​ឆ្លុះ​បញ្ចាំង​ថា ការ​វិនិយោគ លើ​ការ​ពង្រឹង ការ​អនុវត្តន៍​ច្បាប់ គឺ​ជា​វិធី​ដ៏​ប្រសើរ​បំផុត​ក្នុង​ការ​សម្រេច​បាន​នូវ​លទ្ធផល​ការងារ​អភិរក្ស។ ក៏​ប៉ុន្តែ​ដើម្បី​បន្ត​ជោគ​ជ័យ​នេះ ឧទ្យានុរក្ស​ត្រូវ​តែ​បង្កើន​ការ​ចុះ​ល្បាត​បន្ថែ​មទៀត ហើយ​ត្រូវ​តែ​ពង្រឹង​ច្បាប់​ ដែល​ហាម​ឃាត់​ការ​បរបាញ់​ប្រភេទ​សត្វ​ ដែល​ត្រូវ​អភិរក្ស និង​ច្បាប់​ដែល​ទប់​ស្កាត់​ការ​ដាក់​អន្ទាក់​ផង​ដែរ។

សូម​បញ្ជាក់​ថា អង្កការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ (Wildlife Alliance) ដែល​ធ្វើ​ការ​អភិរក្ស​ព្រៃឈើ​ និង​សត្វ​ព្រៃ​នៅ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា នា​បណ្តា​ឆ្នាំ​កន្លង​ទៅ អង្កការ​បាន​ដាក់​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ​បាន​ចំនួន ១១ ម៉ាស៊ីន នៅ​ជុំវិញ​តំបន់​ជីផាត ក្នុង​តំបន់​ទេសភាព​ព្រៃឈើ​ជួរ​ភ្នំ​ក្រវាញ ដើម្បី​ស្វែង​យល់​អំពី​ចលនា​បន្លាស់​ទី និង​រចនាសម្ព័ន សង្គម​របស់​ក្រុម​សត្វ​ដំរី។

ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ​ខាង​ត្បូង ជា​ឧទ្យាន​ជាតិ​ ដែល​ទើប​ត្រូវ​បាន​បង្កើត​ថ្មី មាន​ទំហំ ៤១​ម៉ឺន​ហិចតា ស្ថិត​នៅ​ចំ​កណ្តាល​ជម្រក​ដំរី​តែ​ម្តង និង​ជួយ​ថែរក្សា​ដែន​ជម្រក​នេះ សម្រាប់​ជា​តំបន់​ទេសភាព​សត្វ​ដំរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ