អានតួអត្ថបទ
កម្ពុជា

ព្រះមហាក្សត្រ​ជូន​ព្រះ​រាជ​ដំណាក់​សម្តេច​ឳ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​ជួយ​សម្រាល​ដល់​បញ្ហា​ថវិកា​

ព្រះ​មហាក្សត្រ​ប្រទេស​កម្ពុជា​ព្រះ​បាទ​នរោត្តម​ សីហមុនី ​បាន​សម្រេច​កាល​ពី​ចុង​សប្តាហ៍​មុន​ជូន​​ព្រះ​​រាជ​​ដំណាក់​​សម្តេច​​ឳ​​នៅ​​ខេត្ត​​កោះកុង ​​ដល់​​មន្ទីរ​​ពេទ្យ​​គន្ធបុប្ផា។​​ ការ​សម្រេច​ព្រះទ័យ​របស់​ព្រះ​មហាក្សត្រ​ខ្មែរ​នៅ​ពេល​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ ព្រះអង្គ​សម្តែង​ព្រះទ័យ​ព្រួយ​បារម្ភ​ខ្លាំង​ពី​ស្ថានភាព​ហិរញ្ញ​វត្ថុ​របស់​មន្ទីរ​ពេទ្យ​ដ៏​សប្បុរស​មួយ​នេះ​ ដែល​ប្រឈម​នឹង​ការ​ខ្វះខាត។​

អ្នក​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។​
អ្នក​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ព្រះ​ករុណា​ព្រះបាទ​សម្តេ​ចព្រះ​នរោត្ត​ម សីហមុនី ​ព្រះ​មហាក្សត្រ​នៃ​ប្រទេស​កម្ពុជា​ បាន​សព្វ​ព្រះ​រាជ​ហឬទ័យ​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍មុ​ន សម្រេច​ជូន​ព្រះ​រាជ​ដំណាក់​ ដែល​ជា​ព្រះរាជ​ទ្រព្យ​ផ្ទាល់​របស់​ព្រះបិតា​ព្រះ​អង្គ​ គឺ​សម្តេច​ឪនរោត្តម​ សីហនុ ​​នៅ​ខេត្ត​កោះកុង​នា​សម័យ​សង្គម​រាស្ត្រ​និយម​ទសវត្ស​ឆ្នាំ​៦០​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា។

​នៅក្នុង​ព្រះ​រាជ​សារ​លិខិត​របស់​ព្រះ​មហាក្សត្រ​ចុះ​ថ្ងៃ​ទី​ ១៧​តុលា ​ឆ្នាំ​២០១៥​នេះ ​ជា​ភាសា​បារាំង​ផ្ញើរ​ជូន​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat RICHNER ​ព្រះអង្គ​សម្តែង​នូវ​ព្រះទ័យ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំ​ង ​ដោយ​សម្គាល់​ឃើញ​ថា​សមិទ្ធិផល​ដ៏​អស្ចារ្យ​របស់​លោក​នាយក​មន្ទីរពេទ្យ ​ទាំង​នៅ​ភ្នំពេញ​ និ​ង​នៅ​ខេត្ត​សៀមរាប ​កំពុង​ប្រឈម​មុខ​នឹង​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ។​

ដោយ​មាន​ការ​កោត​សរសើរ ​និង​គាំទ្រ​នូវ​ស្នាដៃរ​បស់​លោក​នាយក​មន្ទីរពេទ្យ​គន្ធបុប្ផា​ ព្រះរាជ​សារ​លិខិត​ព្រះ​មហាក្សត្រ​បន្ថែម​ថា ​ព្រះអង្គ​មាន​ក្តី​សង្ឃឹម​ថា​ព្រះរាជ​អំណោយ​នេះ​នឹង​ជួយ​រំលែក​និង​ដោះស្រាយ​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ និង​បំរើ​ផល​ប្រយោជន៍​ជូន​កុមារ​ទី​ទ័ល​ក្រ​។

សូម​បញ្ជាក់​ថា​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ចំនួន​៥​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជា​បន្ត​បន្ទាប់​ចាប់​តាំង​​ពី​ដើម​ទសវត្ស​កាល​ពី​ឆ្នាំ​៩០​មក ​ពេលនេះ​កំពុងតែ​មាន​បញ្ហា​ហិរញ្ញ​វត្ថុ​ខ្លាំង​ បើ​ទោះ​ណា​ជា​មាន​ សប្បុរស​ជនជាតិ ​មូលនិធិ ​និងសហគ្រាស​បរទេស​មួយ​ចំ​នួន​នៅប​ន្ត​ជួយ​ឧបត្ថម្ភ​ជា​រៀងរាល់​ឆ្នាំ​យ៉ាង​ណា​ក៏​ដោយ។

តាមការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ​Beat RECHNER ប្រធាន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ នៅឆ្នាំ​២០១៥​នេះ​មន្ទីរ​ពេទ្យគន្ធបុផ្ផា​ទាំង​អស់ ត្រូវ​ការ​ចំណាយ​ថវិកា​ចំនួន​៤៣,៥លាន​ដុល្លារ។​រីឯ​ប្រភព​ថវិកា​វិញ​នោះ​គឺ​បាន​មក​​ពី​កញ្ចប់​ជំនួយ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​កើន​ឡើង​ជាង​៥​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ បាន​មក​ពី​រដ្ឋាភិបាល​ស្វីស ​និង​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ