អានតួអត្ថបទ
កម្ពុជា

សា​លា​ក្រុង​​មិន​​អនុញ្ញាត​​ឲ្យ​​សហភាព​​ការងារ​​កម្ពុជា​​ដង្ហែ​​ក្បួន​​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា​

ក្នុង​ថ្ងៃ​ទី​១ ខែ​ឧ​សភា ខាង​មុខ សហភាព​ការងារ​កម្ពុជា មាន​គម្រោង​ជួប​ជុំ​សមាជិក​ជាង ៣០០០​នាក់ ដង្ហែ​ក្បួន​ចេញ​ពី សួន​ច្បារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឆ្ពោះ​ទៅ​កាន់ រដ្ឋ​សភា ដើម្បី​អបអរ​សា​ទរ ទិវា​ពលកម្ម​អន្តរជាតិ ខួប​លើក​ទី​១៣១​។ ក៏​ប៉ុន្តែ​សាលារាជធានី​ភ្នំពេញ បាន​​ច្រានចោល​សំណើ​នេះ ហើយ​បាន​ណែនាំ​ឲ្យ​ សហភាព​ការងារ​កម្ពុជា រៀបចំ​ពិធី​អបអរ នៅ​តាម​ទីស្នាក់​ការ​សហជីព ឬទី​កន្លែង​ឯកជន​ណាមួយ​ដោយ​មិនមាន​ការ​ដង្ហែ​ក្បួន​វិញ​។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ដឹកនាំ ការហែក្បួន​អបអរទិវាពលកម្មអន្តរជាតិ កាលពីឆ្នាំកន្លងមក។
លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ដឹកនាំ ការហែក្បួន​អបអរទិវាពលកម្មអន្តរជាតិ កាលពីឆ្នាំកន្លងមក។ @Google
ផ្សាយពាណិជ្ជកម្ម

លោក​ អាត់​ ធន់​ ប្រធាន​​សហភាព​ការងារ​កម្ពុជា បាន​ថ្លែង​ថា នៅថ្ងៃទី០១​ ឧសភា ខាងមុខ សហភា​ព​​ការងារ​កម្ពុជា នឹង​​រៀបចំ​កម្មវិធី​ហែក្បួន​ដ៏​ធំ​មួយ​ ចេញ​ពី សួនច្បារ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា (វត្តភ្នំ) ឆ្ពោះ​ទៅ​កាន់ រដ្ឋ​សភា ដើម្បី អបអរ​ ទិវាពលកម្ម​អន្តរជាតិ និង​ជួប​ជុំ​គ្នា​ថ្លែង​សារ ដឹង​គុណ​ចំ​ពោះ បុព្វបុរស កម្មករ សហជីព ដែល​បាន​បូជា​ជីវិត ចំពោះ​វិស័យ​ការងា​រ​នៅ​កម្ពុជា ព្រម​ទាំង​បង្ហាញ​ពី​ទុក្ខ​កង្វល់​របស់ កម្មករ ទៅ​ដល់ សភា និង​រាជ​រដ្ឋាភិបាល​កម្ពុជា​។

 
លោក អាត់ ធន់ បន្ថែមថា ក្នុង​ឆ្នាំ២០១៧​នេះ សមាជិក សហភាពការងារ​កម្ពុជា ដែល​មក​ពី​វិស័យ​កាត់ដេរ ទេសចរ ដឹក​ជញ្ជូន សេដ្ឋកិច្ច​​ក្រៅ​ប្រព័ន្ធ ជាដើម​ ​សរុប ជាង ៣០០០នាក់ នឹង​រួម​គ្នា​ប្រារព្ធ​ពិធី​នេះ​ឡើ​ង​វិញ​។ លោក បញ្ជាក់​ថា សហភាពការងារ​កម្ពុជា បាន​ជូនដំណឹង​ទៅ សាលា​ក្រុង តាំង​ពី​ថ្ងៃទី​១០ ខែ​មេ​សា មក​ម៉្លេះ តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅឡើយ​ទេ​។

លោក ម៉េត មាសភក្តី អ្នកនាំ​ពាក្យ​សាលារាជធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការ​ជួបជុំគ្នា​​នៅ​តាម​សួនច្បារ និង​ដង្ហែក្បួន ដែល​មាន​មនុស្ស​ច្រើន​ទ្រង់​ទ្រាយ​ធំ របស់ សហភាព​ការងារ​កម្ពុជា សាលារាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ទេ​។ សាលា​ក្រុងភ្នំពេញ បាន​​ណែនាំ​ឲ្យ សហភាព​ការងារ​កម្ពុជា រៀបចំ ពិធី​អបអរសាទរ នៅតាម​ទីស្នាក់ការ​របស់​ខ្លួន ឬ​ទី​កន្លែង​ឯកជន​ណា​មួយ ដែល​មិន​មាន​ការ​ដង្ហែ​ក្បួន​​។​

ដោយ​ឡែក លោក ហេង សួរ អ្នកនាំពាក្យ ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​ថា នៅថ្ងៃទី០១ ឧសភា រាជរដ្ឋាភិបាលកម្ពុជា នឹង​រៀបចំ​អបអរសាទរ ដូច​ឆ្នាំមុនដែ​រ រួម​មាន​​ ពិធី​ជួបជុំ ថា្នក់​​ដឹកនាំ​ក្រសួង អង្គការ​វិជ្ជាជីវៈ សហ​ជីព សមាគម​និយោជក ដើម្បី​ពិភាក្សា​គ្នា​រក​ចំណុច​ប្រឈម នៃ​វិស័យ​ការងារ​នៅ​កម្ពុជា​។ ហើយ​​នៅ​ពេល​ល្ងាច មានរៀបចំ​​ កម្មវិធី​ប្រកួត​ សម្រស់​ឯក​ផ្នែក​វាយនភណ្ឌ​ឆ្នាំ​២០១៧ នៅ​ទីស្តី​ការ​ក្រសួង ដែល​រំពឹង​ថា នឹង​​មាន​អ្នក​ចូល​រួម សរុប ៤៥០​នាក់​។​ លោក​ បន្ថែម​ថា  ក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើកទី​១៣១ ទិវា​ពលកម្ម​អន្តរជាតិ ១ឧសភា ខាងមុខ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​មាន​គម្រោង​ជួបជាមួយ កម្មករ​​និយោជិត នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បន្ទាប់ពី ជំនួប​ប្រចាំឆ្នាំ រវាង​ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយ​នឹង​​ក្រសួងការងារ សហជីព កម្មករ និយោជិត នៅ​មជ្ឈមណ្ឌលកោះពេជ្រ នាព្រឹក​ថ្ងៃអាទិត្យ ទី២៣ មេសានេះ។

បើតាម​​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពលករខ្មែរ​ដែលធ្វើការនៅក្រៅប្រទេស គិតត្រឹមឆ្នាំ២០១៦ មានជាង ១លាន១សែន​៥ម៉ឺននាក់ ហើយព​លករ​ទាំងអស់នេះ បាន​ផ្តល់​ប្រាក់​ចំណូល​ចូល​ក្នុង​ប្រទេស​ប្រមាណ ១.៧ពាន់ លានដុល្លារអាមេរិក ក្នុង​មួយ​ឆ្នាំ​។ នៅ​ក្នុង​ស្រុក​​ឯនេះ​វិញ រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន ដែល​បាន​ចុះប​ញ្ជី​ត្រឹម​ត្រូវ ទៅ​តាម​ច្បាប់​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​មាន​ចំនួន ១១,១៦៨ គ្រឹះស្ថាន ដោយ​បាន​ផ្តល់​ការងារ ជូនកម្មករ និយោជិត​ជាង ១.២លាននាក់ ក្នុងនោះមាន​ស្រ្តី​ជាង ៨៣​ម៉ឺន​នាក់​។ ក្នុង​ចំណោម​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ទាំងនេះ រោងចក្រ​វាយនភណ្ឌកាត់ដេរ និង​ផលិត​ស្បែក​ជើង​មាន​ចំនួន​សរុប ១,១០៧ គ្រឹះស្ថាន និង​មាន​កម្មករ​និយោជិត​ជាង ៧៤​ម៉ឺន​នាក់​ ក្នុង​នោះ​មាន​ស្រ្តី​ជាង ៦៤​ម៉ឺន​នា​ក់។ តម្លៃ​សរុប​នៃ​ការ​នាំ​ចេញ​ផលិតផលផ្នែក កាត់ដេរ សម្លៀកបំពាក់ និង​ផលិត​ស្បែក​ជើង ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​ប្រមាណ​ជាង ៧,៣ពាន់លាន ដុល្លារ​អាមេរិ​ក​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ