អានតួអត្ថបទ
កម្ពុជា

អង្គការ​ក្រៅ​រដ្ឋាភិបាល​ចង់​ឲ្យ គជប រៀប​ចំ​ចុះ​ឈ្មោះ​ពលករ​ចំណាក​ស្រុក​នៅ​ក្រៅ​ប្រទេស​

នៅ​ថ្ងៃ​នេះ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​បាន​ជជែក​គ្នា​ពី​សេចក្តី​ព្រាង​នីតិវិធី​សម្រាប់​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះ​ឆ្នោត បាន​ស្នើ​ឲ្យ គ.ជ.ប ពិចារណា​ក្នុង​ការ​រៀប​ចំ​ឲ្យ​ពលករ​ចំណាក​ស្រុក​នៅ​ក្រៅ​ប្រទេស​បាន​ចូល​រួម​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដែល​គ្រោង​រៀប​ចំ​ធ្វើ​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆកា។

RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក​មឿន តុលា ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ ​និង​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា​ដើម្បី​ធានា​សិទ្ធិ​ពលករ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​អាច​បោះ​ឆ្នោត​បាន គឺ​មាន​តែ​ការ​បង្កើត​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​បោះ​ឆ្នោត​នៅ​តាម​ស្ថានទូត ឬ​ស្ថាន​អគ្គកុងស៊ុល​នៅ​ក្នុង​ប្រទេស​នោះ។ លោក​បន្ថែម​ថា គជប ក៏​អាច​បង្កើត​ការិយាល័យ​ចុះ​ឈ្មោះ និង​បោះ​ឆ្នោត​នៅ​តាម​បណ្តោយ​ព្រំដែន​សម្រាប់​ពលករ ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ។

ក្នុង​ឱកាស​នៃ​ការ​ជជែក​គ្នា​ពី​សេចក្តី​ព្រាង​បទ​បញ្ជា និង​នីតិវិធី សម្រាប់​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០១៧ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា លោក​តុលា​បន្ថែម​ថា​កន្លង​មក​រដ្ឋាភិបាល​ថៃ​ក៏​ធ្លាប់​បើក​ឱកាស​ឲ្យ​ពលករ​ខ្មែរ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​បោះ​ឆ្នោត​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ធ្វើ​សំណើ​ជា​ផ្លូវ​ការ​ទៅ​រដ្ឋាភិបាល​ថៃ។

ក្នុង​ពេល​រៀប​ចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​ធ្លាប់​បាន​លើក​ឡើង​ពី​សំណើ​ខាង​លើ​នេះ​ដែរ។ នេះ​គឺ​ជា​លើក​ទី​២​ហើយ ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើ​ឲ្យ​ គ.ជ.ប រៀប​ចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពលករ​ចំណាក​ស្រុក​នៅ​ក្រៅ​ប្រទេស ក្នុង​ឱកាស​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ចី​ឈ្មោះ​បោះ​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

លោក វ៉ន ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ឋ​ឲ្យ​ដឹង​ថា​ពលករ​ខ្មែរ ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ក៏​បាន​ទាម​ទារ​ឲ្យ​មាន​ការ​រៀប​ចំ​ការិយាល័យ​ចុះ​ឈ្មោះ និង​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ដែរ។ លោក​ស្នើ​ឲ្យ​គជប ទទួល​យក​សំណើ​នេះ​ទៅ​ពិចារណា។

លោក​ឌី ភីរុន អនុប្រធាន​លេខាធិការ​ដ្ឋាន​នៃ​អគ្គលេខាធិការ​ដ្ឋាន គជប ថា សំណើ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​គឺ​ទាក់​ទង​នឹង​ផ្លូវ​ច្បាប់​របស់​គជប ដែល​មិន​មាន​ចែង​ចំពោះ​បញ្ហា​ខាង​លើ​នេះ​ទេ។ លោក​ថា ទាល់​តែ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ទើប​អាច​អនុវត្ត​អនុសាសន៍​របស់​សង្គម​ស៊ីវិល​បាន ប៉ុន្តែ​លោក​នឹង​ទទួល​យក​សំណើ​នេះ​ទៅ​ពិភាក្សា។

លោក​សុន ឆ័យ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង បញ្ជាក់​ថា​បើ​ការងារ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ច្បាប់ ដែល​តម្រូវ​ឲ្យ​មាន​ការ​កែ​មាត្រា​ណា​មួយ​នោះ គជប អាច​បញ្ជាក់​ប្រាប់​មក​តំណាង​រាស្ត្រ ដើម្បី​ស្នើ​ឲ្យ​មាន​ការ​កែ​ប្រែ​ច្បាប់​នោះ​ភ្លាម។ លោក​ថា គជប គួរ​តែ​ស្នើ​ថវិកា​ដើម្បី​រៀប​ចំ​ការិយាល័យ​ចុះ​ឈ្មោះ និង​បោះ​ឆ្នោត​នៅ​តាម​ប្រទេស​ដែល​មាន​ពលករ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ទី​នោះ។

បើ​តាម​លោក​មឿន តុលា នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ និង​សិទ្ធិ​មនុស្ស បច្ចុប្បន្ន​មាន​ពលករ ខ្មែរ ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ប្រមាណ​១​លាន​នាក់ ម៉ាឡេស៊ី​ប្រមាណ​១០​ម៉ឺន​នាក់ និង​កូរ៉េ​ខាង​ត្បូង​ប្រមាណ​៥​ម៉ឺន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ