អានតួអត្ថបទ
កម្ពុជា-កម្មករ

សហជីព​ត្រៀម​ខ្លួន​ចរចា​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៩​សម្រាប់​កម្មករ​និយោជិត​នៅ​កម្ពុជា

ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​៩​សីហា​ម្សិល​មិញ បាន​ជូន​ដំណឹង​ពី​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​ជើង ក្នុង​ឆ្នាំ​២០១៩។ ទាក់​ទង​នឹង​ការ​ចរចា​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ​ក្រោយ​នេះ សហជីព​​បាន​អះអាង​ថា ខ្លួន​​ត្រៀម​​ចរចា​ជាមួយ​ភាគី​ពាក់​ព័ន្ធ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ សហជីព​​បង្ហាញ​ពី​ក្ដី​ព្រួយ​បារម្ភ​ខ្លះ​ដែរ។ បារម្ភ​ថា ការ​ចរចា​ប្រាក់​ខែ​គោល​ឆ្នាំ​២០១៩ សម្រាប់​កម្មករ​និយោជិត អាច​ពិបាក​​បន្តិច ព្រោះ​តែ​រដ្ឋាភិបាល​ទើប​តែ​រៀប​ចំ​ការ​បោះ​ឆ្នោត​ហើយ។

កម្មករកាត់ដេរ
កម្មករកាត់ដេរ @សហការី
ផ្សាយពាណិជ្ជកម្ម

កិច្ច​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ជា​លក្ខណៈ​ផ្ទៃ​ក្នុង​របស់​ភាគី​នីមួយៗ និង​ជា​លក្ខណៈ​ទ្វេ​ភាគី នឹង​ចាប់​ផ្ដើម​នៅ​ខែ​សីហា​នេះ ខណៈ​កិច្ច​ប្រជុំ​ជា​លក្ខណៈ​ត្រី​ភាគី នឹង​ចាប់​ពិភាក្សា​នៅ​សប្ដាហ៍​ទី​០៣​នៃ​ខែ​កញ្ញា។​ ​នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​ចេញ​ផ្សាយ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​សីហា។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខៅឌូ លើក​ឡើង​ថា​ នីតិវិធី​នៃ​ការ​ចរចា​ប្រាក់​ឈ្នួល​នៅ​ក្នុង​ឆ្នាំ​២០១៩ គឺ​អនុវត្ត​ដូច​គ្នា​នឹង​ឆ្នាំ​កន្លង​មក។ ហើយ​សហជីព​របស់​លោក នឹង​ដាក់​សំណើរ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ កម្មការិនី មិន​តិច​ជាង​២០០​ដុល្លារ​ឡើយ។ ប៉ុន្តែ​ទោះ​បី​ជា​បែប​នេះ​ក៏​ដោយ លោក អាត់ ធន់ ព្រួយ​បារម្ភ​ថា លទ្ធភាព​នៃ​ការ​ដំឡើង​​ប្រាក់​ឈ្នួល​មិន​អាច​ទស្សន៍ទាយ​បាន​ទេ ព្រោះ​រដ្ឋាភិបាល​ទើប​តែ​រៀប​ចំ​ការ​បោះ​ឆ្នោត​រួច​រាល់។ នេះ​បើ​តាម​លោក អាត់ ធន់ ។

ទាក់​ទង​នឹង​ការ​ចរចា​ប្រាក់​ឈ្នួល​នេះ លោក​ រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា យល់​ឃើញ​ថា ទាល់​តែ​មាន​ប្រាក់​ខែ​គោល​២៥០​ដុល្លារ ទើប​កម្មករ​រស់​នៅ​បាន​សមរម្យ។ សម្រាប់​លោក រ៉ុង ឈុន រដ្ឋាភិបាល​មាន​លទ្ធភាព​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​ផ្ដល់​ប្រាក់​ខែ​២៥០​ដុល្លារ​ជូន​កម្មករ ហើយ​គួរ​តែ​ផ្ដល់​ប្រាក់​ខែ​គោល​២៥០​ដុល្លារ​ជូន​កម្មករ ខណៈ​និន្នាការ​គាំទ្រ​របស់​កម្មករ​ចំពោះ​បក្ស​កាន់​អំណាច​មាន​ការ​ថម​ថយ។ នេះ​បើ​តាម​លោក រ៉ុង ឈុន។

ប៉ុន្តែ​យ៉ាង​ក៏​ដោយ​ទាំង លោក រ៉ុង ឈុន និង លោក អាត់ ធន់ បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​រួម​គ្នា​ថា សំឡេង​នៃ​សហជីព​ឯករាជ្យ​ដែល​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ ត្រូវ​បាន​លុប​ដោយ​សំឡេង​ភាគ​ច្រើន​នៃ​សហជីព​ដែល​មាន​និន្នាការ​ទៅ​រក​ថៅកែ និង​រដ្ឋាភិបាល។ ដោយ​ឡែក ក្រសួង​ការងារ​បាន​អះអាង​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ខ្លួន​ថា នៅ​ក្នុង​ការ​ចរចា​ប្រាក់​ខែ​គោល​សម្រាប់​កម្មករ គ្រប់​ភាគី​ត្រូវ​ដាក់​តួ​លេខ​ផ្អែក​ទៅ​លើ​លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម និង​សេដ្ឋកិច្ច ដែល​សំដៅ​ផលិត​ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ