អានតួអត្ថបទ
កម្ពុជា-ពលករ

ថៃ​អំពាវនាវ​ឲ្យ ពលករ​បរទេស​រួម​ទាំង​កម្ពុជា​ផង ទៅ​បញ្ជាក់​អត្តសញ្ញាណ

រដ្ឋមន្ត្រី​ក្រសួង​ការងារ បាន​អំពាវនាវ​ឲ្យ​ពលករ​បរទេស​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ ដែល​ក្នុង​នោះ​មាន​ពលករ​កម្ពុជា​ផង ​ទៅ​ចុះ​ឈ្មោះ​បញ្ជាក់​អត្តសញ្ញាណ ដើម្បី​ទទួល​បាន​ភាព​ស្រប​ច្បាប់​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ មុន​ពេល​ការ​អនុវត្ត​ច្បាប់​ត្រូវ​ធ្វើ​នា​ដំណាច់​ខែ​មិថុនា​ខាង​មុខ​នេះ។ ចំណែក​កម្ពុជា​ធ្លាប់​បាន​អះអាង​ថា ពលករ​ដែល​ធ្វើ​ការ​ខុស​ច្បាប់​ក្នុង​ប្រទេស​ថៃ បាន​ទទួល​ភាព​ស្រប​ច្បាប់​ជិត​អស់​ហើយ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថៃ លោក Pol Gen. Adul sangsingkeo
រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថៃ លោក Pol Gen. Adul sangsingkeo @The Nation
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថៃ លោក Pol Gen. Adul sangsingkeo បាន​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ ភូមា និង​ឡាវ មក​បញ្ជាក់​អត្តសញ្ញាណ និង​ចុះ​ឈ្មោះ ដើម្បី​ធ្វើ​ការងារ​ស្រប​ច្បាប់​ក្នុង​ប្រទេស មុន​ពេល​យុទ្ធនាការ​ចុះ​ឈ្មោះ​នេះ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​The Nation របស់​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា។

នាយកដ្ឋាន​ផ្នែក​ការងារ​របស់​ថៃ លោក Anurak Thossarat បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​សុក្រ​ប្រាប់​សារព័ត៌មាន The Nation ថា ការ​ចុះ​ឈ្មោះ​ពលករ​បរទេស​ក្នុង​ប្រទេស​ថៃ នឹង​មិន​មាន​ការ​ពន្យារ​ពេល​តទៅ​ទៀត​ទេ។ នាយកដ្ឋាន​ផ្នែក​ការងារ​របស់​ថៃ​បញ្ជាក់​ថា នៅ​ក្រោយ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ពលករ​ដែល​ធ្វើ​ការ​ខុស​ច្បាប់ ថៅកែ​របស់​ពួក​គេ​នឹង​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ពី​អាជ្ញាធរ​ថៃ​ក្រោម​ច្បាប់​គ្រប់​គ្រង​ពលករ​បរទេស ដែល​បាន​វិសោធនកម្ម​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​កម្ពុជា​មិន​មាន​អត្ថាធិប្បាយ​អ្វី ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​ប្រទេស​ថៃ​នា​ពេល​នេះ​ទេ។ ប៉ុន្តែ​បើ​តាម​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ កាល​ពី​ថ្ងៃ​ទី​២២ ឧសភា កម្ពុជា និង​ថៃ​បាន​សហការ​រួម​គ្នា​ផ្តល់​ភាព​ស្រប​ច្បាប់​ជូន​ពលករ​កម្ពុជា​បាន​ជាង​៣០​ម៉ឺន​នាក់​រួច​ហើយ ក្នុង​ចំណោម​ពលករ​ជាង​៤០​ម៉ឺន​នាក់ ដែល​កំពុង​បំរើ​ការងារ ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ។

លោក អ៊ិត សំហេង ថា​ពលករ​កម្ពុជា ដែល​បំរើ​ការងារ ដោយ​គ្មាន​ឯកសារ​ស្រប​ច្បាប់ នៅ​ក្នុង​ប្រទេស​ថៃ ពី​មុន​មក​នោះ ឥឡូវ​នេះ​បាន​ទទួល​ភាព​ស្រប​ច្បាប់​ជិត​អស់​ហើយ និង​កំពុង​បន្ត​ធ្វើ​កិច្ចការ​នេះ​ឱ្យ​បាន​រួច​រាល់ នៅ​មុន​ដំណាច់ ខែ មិថុនា ឆ្នាំ​២០១៨​ខាង​មុខ​នេះ។ លោក​បញ្ជាក់​ថា​នៅ​ពាក់​កណ្តាល​ខែ​មិថុនា​នេះ លោក​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​ថៃ ដើម្បី​ពិនិត្យ​ចុង​ក្រោយ និង​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​សេស​សល់។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា គណៈកម្មការ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ ដែល​ពុំ​ទាន់​បាន​មក​បញ្ជាក់​អត្តសញ្ញាណ ត្រូវ​ប្រញ៉ាប់​រួស​រាន់​មក​ធ្វើ​ការ​បញ្ជាក់​អត្តសញ្ញាណ​ជាមួយ​ក្រុម​ការងារ ដែល​មាន​ទីតាំង​នៅ​ទីក្រុង​បាងកក ខេត្ត​ផាធុមថានី ខេត្ត​រ៉ាក់យ៉ង និង​ក្រុម​ការងារ​ចល័ត​ដែល​ចុះ​ទៅ​តាម​ខេត្ត​ពលករ​ស្នាក់​នោះ​ឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មិថុនា។

សូម​ជម្រាប​ជូន​ថា ពលករ​បរទេស ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​គ្មាន​ការ​អនុញ្ញាត​នឹង​ត្រូវ​ផាក​ពិន័យ​ពី​១៥៥​ដុល្លារ ដល់​១,៥៦០​ដុល្លារ ហើយ​នឹង​មិន​អនុញ្ញាត​ឲ្យ​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​រយៈ​ពេល​២​ឆ្នាំ។ ចំណែក​ឯ​និយោជក​រូប​ណា ដែល​ទទួល​យក​ពលករ​បរទេស​មក​ធ្វើ​ការ​ខុស​ច្បាប់​នឹង​ត្រូវ​ផាក​ពិន័យ​ពី​៣១២​ដុល្លារ ដល់​៣,១២០​ដុល្លារ ក្នុង​ពលករ​ម្នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ