អានតួអត្ថបទ
កម្ពុជា-ការងារ

ក្រសួង​ការងារ​ដាក់​ចេញ​វិធានការ​១១​ចំណុច ដើម្បី​បញ្ចៀស​ការ​ដួល​សន្លប់​នៅតាម​រោងចក្រ

ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ដាក់​ចេញ​នូវ​វិធានការ​ចំនួន​១១​ចំណុច សម្រាប់​ម្ចាស់​រោងចក្រ​សហគ្រាស​នៅ​ស្រុក​ខ្មែរ ដើម្បី​បញ្ចៀស​ការ​ដួល​សន្លប់​របស់​កម្មករ កម្មការិនី​។ នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ដែល​ទើប​តែ​ត្រូវ​ផ្សព្វផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​៣​មករា ក្រសួង​ការងារ​បាន​សង្កត់​ធ្ងន់​ទៀត​ថា ខ្លួន​នឹង​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​ម្ចាស់​រោងចក្រ​សហគ្រាស​ណា ដែល​ល្មើស​នឹង​វិធានការ​ទាំង​១១​ចំណុចនេះ​។

រូបភាព​ចាស់៖​ កម្មការនីដួលសន្លប់នៅរោងចក្រ
រូបភាព​ចាស់៖​ កម្មការនីដួលសន្លប់នៅរោងចក្រ @FB
ផ្សាយពាណិជ្ជកម្ម

វិធានការ​ទាំង​១១​ចំណុច​របស់​ក្រសួង​ការងារ ដើម្បី​បង្ការ​ការ​ដួល​សន្លប់​របស់​កម្មករ កម្មការិនី​នៅ​តាម​រោង​ចក្រ​ មាន​ខ្លឹម​សារ​ជារួម៖ ធ្វើ​យ៉ាង​ណា​ធានា​ថា​មាន​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់​នៅ​ក្នុង​អគារ​ផលិតកម្ម, ពិនិត្យ​បរិវេណ​រោងចក្រ​សហគ្រាស​ដើម្បី​ទប់​ស្កាត់​ការ​សាយ​ភាយ​ក្លិន​សារធាតុ​គីមី ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​សារធាតុ​ដទៃ​ទៀត​ទៅ​ក្នុង​អគារ​ផលិតកម្ម​។ សម្រាប់​គ្រឹះស្ថាន​ដែល​មាន​ប្រើ​ប្រាស់​សារធាតុ​ងាយ​ឆាប​ឆេះ ក្រសួង​ការងារ​តម្រូវ​ឲ្យ​រៀបចំ​ប្រព័ន្ធ​ឆ្លើយ​តប​ក្នុង​គ្រា​អាសន្ន និង​រក្សា​ទុក​សារធាតុ​ទាំង​នោះ​ដាច់​ដោយ​ឡែក និង​ដាច់​ឆ្ងាយ​ពី​អគារ​ផលិតកម្ម​។

ក្រៅ​ពី​នោះ ក្រសួង​ក៏​តម្រូវ​ឲ្យ​រោងចក្រ​សហគ្រាស​ដាក់​ឧបករណ៍វាស់​ស្ទង់​កំដៅ​នៅ​កន្លែង​ធ្វើ​ការ ដើម្បី​ងាយ​ស្រួល​តាម​ដាន​កំដៅ​នៅ​ក្នុង​សហគ្រាស​គ្រឹះស្ថាន ក៏​ដូច​ជា​រៀបចំ​ឲ្យ​មាន​គិលានដ្ឋាន ព្រម​ទាំង​មធ្យោបាយ​សង្គ្រោះ​បន្ទាន់​ប្រចាំ​រោងចក្រ​សហគ្រាស​។ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​សម្រាប់​បរិភោគ​ដល់​កម្មករ​និយោជិត ក៏​ជា​កត្តា​ចាំ​បាច់​ដែល​ក្រសួង​ទាមទារ​ឲ្យ​រោងចក្រ​សហគ្រាស​អនុវត្ត​ផង​ដែរ​។ ចំណែក​កម្មករ​និយោជិត​ទៀត​សោត គឺ​ត្រូវ​តែ​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​ពី​របៀប​ជម្លៀស​ខ្លួន និង​សញ្ញា​ការពារ​សុវត្ថិភាព​នៅ​តាម​ប៉ុស្តិ៍​ការងារ​។

ដោយ​ឡែក ចំពោះ​រោងចក្រ​សហគ្រាស​ដែល​មាន​ប្រើប្រាស់​ប្រព័ន្ធ​ឡ​ចំហាយ គឺ​ត្រូវ​រៀបចំ​តម្លើង​ប្រព័ន្ធ​ទាំង​នោះ​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​និង​សុវត្ថិភាព ដោយ​មាន​អ្នក​ទទួល​ខុស​ត្រូវ​និង​បញ្ជា​ដែល​មាន​ការ​បណ្ដុះ​បណ្ដាល​ត្រឹម​ត្រូវ​។

ក្រសួង​ការងារ​បានគូស​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​​ទៀត​ថា ខ្លួន​នឹង​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​ម្ចាស់​រោងចក្រ​សហគ្រាស​ណា ដែល​ល្មើស​នឹង​វិធានការ​ទាំង​១១​ចំណុចនេះ​។

សូម​ជម្រាប​ជូន​ថា សេចក្ដី​ជូន​ដំណឹង​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុនណោះ ក្រោយ​ពេល​ដែល​រដ្ឋ​មន្ដ្រី​ក្រសួង​ការងារ ព្រមាន​ផ្ទាល់​មាត់ ចាត់​វិធានការ​តឹងរ៉ឹង​ចំពោះ​ការ​ដួល​សន្លប់​របស់​កម្មករ​។ នៅ​ខែ​ធ្នូ​ចុង​ឆ្នាំ​២០១៧ ក្រោយ​ពេល​មាន​ករណី​កម្មករ​និយោជិត​សន្លប់​ច្រើន​នៅ​ក្នុង​រោងចក្រ លោក​រដ្ឋ​មន្ដ្រី​ អ៊ិត សំហេង បាន​ព្រមានផាក​ពិន័យ​ឬ​​ចាត់​វិធានការ​ធ្ងន់​ៗ​លើ​រោងចក្រ បើ​មាន​ករណី​កម្មករ​និយោជិត​សន្លប់​ច្រើន​។ ទន្ទឹម​គ្នា​នោះ លោក​រដ្ឋ​មន្ដ្រី​ក៏​បាន​ប្រកាស​រៀបចំ​ក្រុម​អធិការកិច្ច​មួយ ដើម្បី​ត្រួត​ពិនិត្យ​បច្ចេកទេស និង​អនាម័យ​តាម​រោងចក្រ ដែល​ក្រុម​អធិការកិច្ច​នេះ ក៏​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ដែរ នៅ​ពេល​មាន​ករណី​កម្មករ​និយោជិត​សន្លប់​នៅ​ក្នុង​រោងចក្រ​ដែល​ពួក​គេ​ចុះ​ធ្វើ​ការ​។

របាយការណ៍​របស់​អង្គការ​អន្ដរជាតិ​ខាង​ការងារ ហៅ​កាត់​ថា ILO បាន​បង្ហាញ​ពី​មូលហេតុ​ជា​ច្រើន​ដែល​នាំ​ឲ្យ​កម្មករ​រោងចក្រ​កាត់ដេរ​ដួល​សន្លប់​នៅ​ពេល​ធ្វើ​ការ​។ មូលហេតុ​ទាំង​នោះ​រួម​មាន៖ ការ​កើន​ឡើង​កំដៅ​ខ្លាំង​នៅ​ក្នុង​រោងចក្រ ខ្វះ​ខ្យល់​ចេញ​ចូល សារធាតុ​គីមី និង​កម្មករ​ធ្វើ​ការ​ថែម​ម៉ោង​ច្រើន​ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ