អានតួអត្ថបទ
កម្ពុជា-ការងារ

សហភាព​សហជីព​កម្ពុជា៖ ច្បាប់​ថ្មី​ស្តីពី​ការងារ​បើក​ឱកាស​ឲ្យ​ថៅកែ​រួច​ផុត​ពី​កាតព្វកិច្ច

សហភាព​សហជីព​កម្ពុជា របស់ លោក រ៉ុង ឈុន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ម្សិល​មិញ ដោយ​សម្តែង​ពី​កង្វល់​ចំពោះ​​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្តីពី​ការងារ។ វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាល​ពី​ដើម​ខែ​មិថុនា​នេះ ដែល​សហជីព​អះអាង​ថា​បាន​បើក​ឱកាស​ឲ្យ​និយោជក​ឬ​ថៅកែ​ រួច​ផុតពី​កាតព្វកិច្ច ទទួល​ខុស​ត្រូវ​ចំពោះកម្មករ និយោជិត​។

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា @RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​១២​មិថុនា សហភាព​សហជីព​កម្ពុជា យល់​ឃើញ​ថា តាម​ន័យ​មាត្រា​៨៧​ថ្មី វាក្យខ័ណ្ឌ​ទី​៤ ច្បាប់​វិសោធនកម្ម​នេះ បាន​បើក​ឱកាស​ឲ្យ​និយោជក ឬ​ថៅកែ រួច​ផុត​ពី​កាតព្វកិច្ច ទទួល​ខុស​ត្រូវ​ចំពោះ​កម្មករ និយោជិត ក្នុង​ករណី​សហគ្រាស​បិទ​ទ្វារ។ ចំណែក​​មាត្រា​៨៩​ថ្មី វាក្យខ័ណ្ឌ​ទី​១​ ដែល​កំណត់​រៀង​រាល់​៦ខែ​ និយោជក​​ត្រូវ​ទូទាត់​ជូន​កម្មករ នូវ​ប្រាក់​បំណាច់​អតីតភាព​ការងារ​នោះ សហជីព​នេះ យល់​ថា ស្មើ​នឹង​បញ្ចប់​កិច្ច​សន្យា​ការងារ​របស់​កម្មករ និយោជិត​តែ​ម្តង។

លើស​ពី​នេះ​ទៀត សហភាព​របស់​លោក រ៉ុង ឈុន យល់​ថា ក្រោយ​ពី​ច្បាប់​នេះ​ចាប់​អនុវត្ត​ កម្មករ និយោជិត ក្នុង​វិស័យ​កាត់​ដេរ​នឹង​ត្រូវ​ប្រើ​ប្រាស់​កិច្ច​សន្យា​ការងារ​រយៈ​ពេល​ខ្លី។ កិច្ច​សន្យា​ខ្លី​ដែល​​ជា​ការ​បើក​ផ្លូវ​ឲ្យ​ថៅកែ​ងាយ​បញ្ឈប់​កម្មករ និយោជិត នៅ​ពេល​មាន​ផ្ទៃ​ពោះ និង​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព​នៅពេល​ថៅកែ​មិនពេញ​ចិត្ត។

ត្រង់​ចំណុច​នេះ លោក ម៉ម ប៊ុននាង អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា បាន​បញ្ជាក់​ថា ក្រសួង​ការងារ​នឹង​មាន​អនុក្រឹត្យ​មួយ​ដោយ​ឡែក​ទៀត កំណត់​មិន​ឲ្យ​ថៅកែ​ប្រើ​ប្រាស់​កិច្ច​សន្យា​ការងារ​រយៈពេល​ខ្លី​នោះ​ទេ។ លោក​ថា ការ​បារម្ភ​របស់​លោក រ៉ុង ឈុន កើត​ឡើង​ដោយ​សារ​តែ​គាត់​មិន​បាន​ចូល​ប្រជុំ​ជាមួយ​ក្រុម​ការងារ​តាក់​តែង​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​នេះ ទើប​ចេះ​តែ​លើក​ឡើង​ពី​ចំណុច​ទាំង​នោះ។​

យ៉ាង​ណា​ក៏​ដោយ សហជីព​របស់​លោក រ៉ុង​ឈុន បាន​ស្នើ​ឲ្យ​រក្សា​ទុក​មាត្រា​៨៧​ចាស់ និង​ប្រាក់​បំណាច់​បណ្តេញ​ចេញ ហើយ​ការ​បើក​ប្រាក់​អតីតភាព​ការងារ​ត្រូវ​ធ្វើ​រៀង​រាល់​៣​ឆ្នាំ​ម្តង ដោយ​និយោជក​ត្រូវ​តម្កល់​ប្រាក់​ក្នុង​រតនាគារ​ជាតិ​ទុក​បើក​ជូន​កម្មករ ករណី​រោង​ចក្រ​បិទ​ទ្វារ។

សូម​បញ្ជាក់​ថា វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​នេះ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាល​ពី​ថ្ងៃ​ទី​៤​មិថុនា ប៉ុន្តែ​សហភាព​សហជីព​កម្ពុជា បាន​ស្នើ​ឲ្យ​សមាជិក​ព្រឹទ្ធសភា កុំ​ឲ្យ​អនុម័ត​ច្បាប់​នេះ​បន្ត​ទៀត ដោយ​ថា​ច្បាប់​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ផល​ប្រយោជន៍​កម្មករ និង​សិទ្ធិ​សេរី​ភាព​សហជីព។ តែ​បើ​តាម​​អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​នេះ នឹង​ដាក់​ចូល​ក្នុង​កិច្ច​ប្រជុំ​ព្រឹទ្ធសភា​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ