ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
កម្ពុជា

​កន្លែង​ដាក់​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​​មិនល្អ ស្រប​ពេល​បទ​ល្មើស​គ្រឿង​ញៀន​កើន​ឡើង​

media  
សកម្មភាពដុតបំផ្លាញ គ្រឿងញៀនប្រមាណ ១៦០០ គីឡូក្រាម ដែលរឹបអូសបាន ដោយអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៦។ @RFI/Soeung Pheareak

ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​កម្ពុជា​កំពុង​តែ​រាល​ដាល​ទៅ​ដល់​តំបន់​ជន​បទ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​អាជ្ញាធរ​បញ្ជាក់ថា​មិន​មាន​កន្លែង​ត្រឹម​ត្រូវ​សម្រាប់​ដាក់​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន និង​អ្នក​ចែក​ចាយ​គ្រឿង​ញៀន។ នេះ​បើ​តាម​ប្រធានអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន នៅ​ថ្ងៃ​ទី២៦ មិថុនា​នេះ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ការ​ព្យាបាល​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ផង​ដែរ។  

 

នៅ​ថ្ងៃ​ទី២៦ ខែមិថុនានេះ លោកកែ គឹមយ៉ាន ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​ថា បច្ចុប្បន្ន​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​កន្លែង​ទុក​ដាក់​មិន​ល្អ មិន​សូវ​រលូន ។ លោក​បន្ថែម​ថា​នៅ​ពេល​ចាប់​អ្នក​ដែល​ប្រើប្រាស់​គ្រឿង​ញៀន​មក​ច្រើន អាជ្ញាធរ​ត្រូវ​តែ​មាន​កន្លែងទុក​ដាក់​ពួក​គាត់​ឲ្យ​បាន​សមរម្យ។

 
ជុំវិញ​ការ​ព្យាបាល​វិញ លោក​បាន​លើក​ឡើង​ពី​ចំណុច​ខ្សោយ​របស់​អាជ្ញាធរ​នេះ ដោយ​សារ​តែ​បាន​បង្កើត​មន្ទីរពេទ្យ​ ឬកន្លែង​ព្យាបាល​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ហើយ ប៉ុន្តែ​មិន​មាន​អ្នក​ទៅ​ព្យាបាល។ លោក​បញ្ជាក់​ពី​មូល​ហេតុ ដែល​មិនមាន​អ្នក​ទៅ​ព្យាបាល​ថា ដោយ​សារ​តែ​ប្រជាពលរដ្ឋ​មិន​ដឹង​ថា​មន្ទីរពេទ្យ​ណា​ខ្លះ​ ដែល​ទទួល​ព្យាបាល​ ហើយ​អាណាព្យាបាល​ខ្លះ​ព្យាយាម​លាក់​មិន​ចង់​ឲ្យ​គេ​ដឹង​ថា​កូន​ចៅ​របស់​ខ្លួន​ប្រើ​ប្រាស់​គ្រឿង​ញៀន ដោយ​មិន​យក​ទៅ​ព្យាបាល។

សូម​បញ្ជាក់​ថា​កន្លែង​ព្យាបាល​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន ឬ​អ្នក​ញៀន​គ្រឿង​ញៀន មាន​ប្រមាណ​១៧០​កន្លែង​ទូទាំងប្រទេស ហើយ​ក្នុង​រាជធានីភ្នំពេញ​មាន​ប្រមាណ​២១​កន្លែង។ 

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ឲ្យ​ដឹង​ទៀត​ថា​នៅ​ដើម​ឆ្នាំ​២០១៦​នេះ អាជ្ញាធរ​បាន​ឃាត់​ខ្លួន​អ្នកប្រើ​ប្រាស់​គ្រឿង​ញៀន​ប្រមាណ​៧០០​នាក់ និងអ្នក​ចែក​ចាយ​គ្រឿង​ញៀន​ប្រមាណ​៤០០​នាក់ នេះ​បើ​គិត​តែ​ក្នុង​រាជធានីភ្នំពេញ ដែល​ជា​កន្លែង​ប្រើប្រាស់​គ្រឿង​ញៀន​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា។

កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ សមត្ថកិច្ច​បាន​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​សរុប​ចំនួន ៣.០៦១ករណី កើន​ឡើង​ប្រមាណ១២៩​ភាគរយ ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៤​កន្លង​ទៅ។ អាជ្ញាធរ​ក៏​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រមាណ​៧.០០៨នាក់ កើន​ឡើងប្រមាណ​១២៣​ភាគ​រយ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៤។ ដោយ​ឡែក​អ្នក​ញៀន​គ្រឿង​ញៀនប្រមាណ​ ៨.៨២២នាក់ នៅ​មិនទាន់​បាន​ទទួល​សេវា​ព្យាបាល និង​ការ​គ្រប់​គ្រង​បាន​នៅ​ឡើយ។

នៅ​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​ថ្ងៃទី២៦មិថុនា ក៏​មាន​ការ​ដុត​បំផ្លាញ​គ្រឿងញៀន​ប្រមាណ១,៦៤តោន រួម​មាន​មេ​តំហ្វេតាមីន ហេរ៉ូអ៊ីន កញ្ឆាស្ងួត ដែល​រឹប​អូស និង​ចាប់​បាន​កាល​ពី​ឆ្នាំ​២០១៥។ នេះ​បើ​តាម​លោក​សៀង សុខ ប្រធាន​គណៈកម្មការ​ដុតបំផ្លាញ​គ្រឿងញៀន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ