អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គ្រាន់តែ​ហាម​ពលរដ្ឋ​ខ្មែរ កុំ​ជួល​ដី​នៅព្រំ​ដែនឲ្យ​ជនបរទេស​គឺ​មិនទាន់​គ្រប់​គ្រាន់​ទេ​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្មីៗនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​គូស​បញ្ជាក់​យ៉ាង​ដាច់​ខាត​ថា មិន​ឲ្យ​ជួល​ដី​ជាប់​ព្រំដែន​ទៅ​ឲ្យ​ប្រជាជន​វៀតណាម។ ការ​​ប្រកាស​នេះ ​មិនមែនជា​រឿង​ថ្មីទេ ព្រោះថា កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន​ លោក​នាយករដ្ឋមន្ត្រីក៏ធ្លាប់​​បាន​ចេញ​សារាចរ​ណែនាំ​ដូច​គ្នា​នេះម្តង​ដែរ គឺ​បញ្ឈប់​រាល់​សកម្មភាព​ជួល​ដី​នៅ​ព្រំ​​ដែន​ទៅ​ឲ្យ​ប្រទេស​ជិត​ខាងទាំងអស់​។ ក៏ប៉ុន្តែចំពោះ​ក្រសែភ្នែក​វិភាគ​ គេមើល​ឃើញថា គ្រាន់តែ​ហាមប្រាមដូច្នេះ គឺ​នៅ​មិនទាន់​​គ្រប់គ្រាន់​នោះទេ។

ថ្មីៗនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​គូស​បញ្ជាក់​យ៉ាង​ដាច់​ខាត​ថា មិន​ឲ្យ​ជួល​ដី​ជាប់​ព្រំដែន​ទៅ​ឲ្យ​ប្រជាជន​វៀតណាម។
ថ្មីៗនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​គូស​បញ្ជាក់​យ៉ាង​ដាច់​ខាត​ថា មិន​ឲ្យ​ជួល​ដី​ជាប់​ព្រំដែន​ទៅ​ឲ្យ​ប្រជាជន​វៀតណាម។ © ប៉ែន បូណា
ផ្សាយពាណិជ្ជកម្ម

នៅ​ខែវិច្ឆិកាឆ្នាំ២០១៥ លោក​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា បាន​ចេញ​សារាចរណែនាំ​ដល់​គ្រប់​អភិបាល​ខេត្ត​ទាំង​អស់ ដែល​នៅជាប់ប្រទេស​វៀតណាម ថៃ និងឡាវ ឲ្យ​បញ្ឈប់​សកម្មភាព​ជួលដី​នៅ​តាម​ព្រំដែន ទៅឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងអស់នេះ។ នោះ​គឺដោយ​សំអាង​ហេតុថាជៀស​វាង​កុំ​ឲ្យ​លំបាកក្នុង​ការ​គ្រប់គ្រង និងដែល​អាចបង្កឲ្យមានភាព​​ស្មុគស្មាញ​នានា​។ មិនតែប៉ុណ្ណោះ គឺដើម្បីចៀសវាងបញ្ហា ​ដីខ្មែរស្រែឡាវ ​ ឬដីខ្មែរស្រែថៃ ឬក៏ដីខ្មែរ ស្រែវៀតណាម ជាដើម។

ជិត​មួយ​ឆ្នាំ​ក្រោយ​មក! ពោល​គឺ​ពីពេល​ថ្មីៗ​​នេះតែម្តង​ ប្រមុខ​រដ្ឋាភិបាល បាន​ប្រកាស​ជា​ថ្មី​ទៀត គឺ​ហាមដាច់ខាតការជួលដីឲ្យ​ប្រជាជនវៀតណាម។ នេះគឺជាការក្រើនរម្លឹ​ក​ជាថ្មី​ម្តង​ទៀតរបស់ថ្នាក់​ដឹកនាំប្រទេស​ ទៅកាន់ប្រជាពលរដ្ឋនិងអាជ្ញាធរខេត្តទាំងអស់ ដែលនៅ​ជាប់​ព្រំដែនជាមួយនឹងប្រទេសវៀតណាម។

ក្រៅ​ពីនេះ ប្រមុខ​រដ្ឋាភិបាល ក៏បានណែនាំឲ្យអាជ្ញាធរខេត្តខណ្ឌ​ជាប់​ព្រំដែន​ ទប់ស្កាត់​អំពើ​នេសាទ​ខុសច្បាប់ និងពន្លឿនការបោះបង្គោល​ព្រំដែន​ឲ្យ​បានលឿនបំផុត តាមដែល​អាច​ធ្វើ​ទៅ​បាន ថែមទៀត​ផង​។

បើ​ទោះ​បី​សារាចរណែនាំលើកទី១ ពុំសូវ​​មាន​​ប្រសិទ្ធភាពក៏ដោយ ក៏​ចំណាត់​ការតាម​រយៈ​​ការ​ក្រើន​រម្លឹកជា​​ថ្មី​នេះ ត្រូវ​បាន​ទទួល​ការ​សាទរ​ជា​ច្រើន។ ហើយ​ទោះ​ចង់​មិនចង់! វិធាន​ការ​នេះ គឺ​ទំនង​ជា​កំពុង​​​បង្ហាញ​ពី​ឆន្ទៈ ក្នុង​ការ​លុប​បំបាត់​ ការ​ចោទប្រកាន់ដែលថា រដ្ឋអំណាច​បណ្តោយ​ឲ្យ​​គេ​លួចរំកិលចូល​ដីខ្មែរ​។

ទន្ទឹម​នឹង​នេះ គេ​ក៏ប្រហែល​ជា​ត្រូវ​ចោទ​សួរ​ដែរថា តើ​ហេតុអ្វី​ពលរដ្ឋ​ខ្មែរ​ដែល​ជាអ្នក​ស្រឡាញ់​​​ទឹក​ដី​របស់ខ្លួន​ផង​នោះ ម្តេច​ក៏​ទៅ​ជួល​ដី​ឲ្យ​ជន​បរទេស​ទៅវិញ?
ពិត​ណាស់ ពល​រដ្ឋ​​ខ្មែរ​ភាគ​ច្រើន​នៅតាម​បណ្តោយ​ព្រំដែន គឺ​ជា​កសិករធ្វើ​ស្រែចម្ការ​។ ក៏ប៉ុន្តែ ពួក​គេ​ពុំ​មាន​លទ្ធ​ភាព​​​បង្កបង្កើន​ផល​បាន​ពេញ​លេញ លំបាកគ្រប់​សព្វបែប​​យ៉ាង ព្រោះ​​ថា គ្មាន​ប្រព័ន្ធធារាសាស្ត្រ​​គ្រប់​គ្រាន់ គឺ​ជា​ចំណោទ​មួយ ហើយខណៈ​ដែល​ដំណើរការ​ផលិត​ចំណាយ​ទុនច្រើនផង​ តែ​​ដល់ពេលលក់ចេញ គឺ​ត្រូវ​ឈ្មួញ​បរទេស​ជាប់​ព្រំដែន បន្ថោក​តម្លៃ​ទៅវិញ​។ នេះ​ក៏​ជា​ការ​ប្រឈម​មុខ​ធំមួយ​ទៀត​។​

ដូច្នេះ​ចំពោះ​កសិករ​ខ្មែរ​​ទាំង​នោះ មធ្យោបាយ​ល្អ គឺមាន​តែ​ជួល​ដី​ឲ្យសាសន៍​ដទៃ​ ហើយ​ចាំ​តែ​អង្គុយ​រយ​ភាគ​លាភវិញ ប្រហែលជា​​ល្អជាង។

ម្យ៉ាង​វិញទៀត នៅក្នុង​ស្ថានភាព​បែប​​នេះ បើ​ហាម​ប្រាម​ពួក​គេ​មិន​ឲ្យ​ជួល​ដី​ឲ្យ​ជន​បរទេស​ទៀតនោះ​ គឺ​ទំនង​ជាអាច​នឹង​បណ្តាល​ឲ្យ​​ដាច់​កម្រៃ​របស់​ពួក​គេ​ ថែមទៀត​ផង ​ក៏ថាបាន​។

ដូច្នេះ តើ​អ្វីទៅ​ជា​ដំណោះស្រាយ​ដ៏​​ប្រសិទ្ធភាព​​ចំពោះ​អ្នក​នៅតាម​ព្រំដែន​ទាំង​នោះ?

ជំហានមួយ​ក្នុង​ចំណោម​វិធី​សាស្ត្រ​ទាំងឡាយ គឺ​ការ​ប្រែក្លាយ​ទី​ស្មសាននៅ​តាម​ព្រំដែន​​ ឲ្យ​ទៅជា​ទីប្រជុំជន​។ ពោល​គឺ​នៅ​តាម​ព្រំប្រទល់​ដែន ត្រូវតែ​​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​សង្គម​ សាង​សង់​សាលារៀន មន្ទីរពេទ្យ វត្ត​អារាម និង​ផ្សារលក់​ដូរ​​ផ្សេង​ៗ​ព្រម​ទាំងកសាង​​​បណ្តាញ​ផ្លូវ​ថ្នល់ និង​ផ្លូវ​ជាតិ​ជា​ដើម។

ជា​ពិសេស​ទៀត​នោះ គឺ​ប្រព័ន្ធ​ធារាសាស្ត្រ ដែលធំនិង​រឹង​មាំ គឺ​ជា​តម្រូវ​ការ​ចាំបាច់ណាស់​​សម្រាប់​ប្រជាកសិករខ្មែរ​។ លើស​ពីនេះ ការ​ជួយ​សម្រប​សម្រួល​ និង​រក​ទីផ្សារ​លក់​ដូរ​ផលិត​ផល​កសិកម្ម ដល់​ពួក​គេ​ទាំង​នោះ​ គឺជា​អ្វី​ដែល​រដ្ឋ​អំណាច​ មិនអាច​​មើល​រំលងបាន​​នោះ​ឡើយ។

ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​គមនាគមន៍​គ្រប់​គ្រាន់ នៅ​តាម​ខ្សែព្រំដែន គឺ​នឹង​បង្ក​លក្ខណៈ​ងាយស្រួល​ ឲ្យ​ពលរដ្ឋខ្មែរ ទៅ​រស់​នៅ​ទីនោះ​កាន់តែ​ច្រើន ហើយ​ បើ​ធ្វើ​បាន​ដូច្នេះ ប្រាកដណាស់ ពួក​គេ​នឹង​មាន​ជីវភាព​ធូរធារ។ នៅពេល​នោះ​ ច្បាស់​ជា នឹង​​​អាច​កាត់​បន្ថយ​បញ្ហា​ចំណាក​ស្រុក​ បាន​ផង​ដែរ។

ក្រៅ​ពី​យក​ប្រជា​ពលរដ្ឋ​ជា​របង​​ការពារ​ព្រំដែន​ហើយ​នោះ គេ​ក៏ត្រូវសាង​សង់​​សំណង់​​រឹង​មាំផ្សេងទៀត ព្រ​មទាំង​​​កសាងរោងចក្រធំៗ​ជា​ដើម​។ ចំណែក​ការ​សាង់សង់​តែ​កាស៊ីណូធំៗ​នៅតាម​ព្រំដែនតែមួយ​មុខ ​ក៏​ពុំមែន​ជា​ដំណោះស្រាយល្អ​គ្រប់​គ្រាន់​​នៅឡើយ​​ដែរ។

រីឯ​សាខាបក្ស​នយោបាយ​ និង​សង្គម​ស៊ីវិលផ្សេងៗ​ ក៏គួរតែ​ត្រូវ​បង្កើត​​មូលដ្ឋានរបស់​ខ្លួន​​នៅ​ព្រំដែន​ឲ្យ​បាន​ច្រើនដែរ ដើម្បីតំណាង​ឲ្យ​សំឡេង​របស់​ពួកគេទាំង​នោះ​ ហើយ​ស្ថាប័ន​អស់​នោះ ក៏​អាច​​ជា​ជំហរដល់​ពួកគេ​ និង​​អាច​​ជួយ​ប្រឹក្សាយោបល់​ផ្សេង​ៗ ​ដល់​ពលរដ្ឋទាំង​នោះ​ផង​ដែរ​​។

ជារួម ការ​​ហាមប្រាមមិន​ឲ្យ​ជួលដីជាប់ព្រំដែនឲ្យ​ជន​បរទេសតែមួយ​មុខ គឺ​នៅ​មិនទាន់​​គ្រប់​គ្រាន់​នោះទេ។ គឺ​ប្រការ​សំខាន់ ត្រូវ​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរដែល​​នៅតាម​បណ្តោយ​ព្រំដែន ក្លាយ​ជា​របង​ការ​ពារ​ដ៏​រឹង​មាំ និង​ជាព្រំដែន​សន្តិភាព​ ទើបជា​ការ​ប្រសើរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ