អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជិត​១០០​នាក់​ ឆ្លង​ខេត្ត​កោះកុងមក​រងចាំ​ដំណោះស្រាយ​ក្នុង​វត្ត​សាមគ្តីរង្ស៊ី ក្រុង​ភ្នំពេញ​

តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាង​ដប់​ឆ្នាំ​មក​ហើយ​ ជាមួយ​នឹង​ក្រុមហ៊ុន​ស្ករអំពៅ ខេត្ត​កោះកុង ប្រមាណ ៨០នាក់ កំពុង​រងចាំ​ដំណោះ​ស្រាយ​យ៉ាង​អន្ទះសារ​នៅ​ក្នុង​វត្ត​មួយ ឯ​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​ដំណើរ​ឆ្លង​ខេត្ត​ ដើម្បី​មក​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​ក្រសួង​ពាក់ព័ន្ធ​កាល​ពី​សប្តាហ៍​មុន។ តំណាង​ពលរដ្ឋ​ដែល​បាន​ឡើង​មក​តវ៉ា​បាន​បញ្ជាក់​ថា​ ប្រសិន​បើ​នៅ​តែ​មិនមាន​ដំណោះ​ស្រាយ ពលរដ្ឋ​មក​ខេត្ត​កោះកុង​ទាំង​នោះ​ នឹង​នាំ​គ្នា​ហែ​ញត្តិ​ទៅ​ដល់​ផ្ទះ​លោក​នាយក​រដ្ឋ​មន្រ្តី តែម្តង។ ញត្តិ​ដែល​មាន​ខ្លឹមសារ សុំ​ទាមទារ​កាត់​ដី ៧៨២.១៦ ហិកតា ពី​ក្រុម​ហ៊ុន Koh Kong Sugar និង Koh Kong Plantation មក​ជូន​ពលរដ្ឋ ១៤៧​គ្រួសារវិ​ញ។

រូបភាពតំណាង៖​ ប្រជាជន​មាន​ទំនាស់ដី​ធ្លី​ ធ្វើការដា​ក់ញត្តិ​នៅ​ទីក្រុង​ភ្នំពេញ នា​ពេល​កន្លង​មក។​
រូបភាពតំណាង៖​ ប្រជាជន​មាន​ទំនាស់ដី​ធ្លី​ ធ្វើការដា​ក់ញត្តិ​នៅ​ទីក្រុង​ភ្នំពេញ នា​ពេល​កន្លង​មក។​ RFI
ផ្សាយពាណិជ្ជកម្ម

ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​អូស​បន្លាយ​ជាង​ដប់​ឆ្នាំ​មក​ហើយ រវាង​ពលរដ្ឋ​រស់នៅ​ស្រុកស្រែ​អំបិល ជាមួយ​នឹង​ក្រុមហ៊ុន​ស្ករ​អំពៅ នៅ​ខេត្ត​កោះកុង ហាក់​មិន​ទាន់​រក​ឃើញ​ដំណោះ​ស្រាយ​ឆាប់​ៗ​ឡើយ បើទោះបី​ជា​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដី​ជាង​មួយ​រយ​គ្រួសារ បាន​ឆ្លង​ខេត្ត​ មក​ស្នាក់​នៅ​ក្នុង​វត្ត​ ដើម្បី​ដាក់ញត្តិ​សុំ​អន្តរគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ នៅ​រាជធានី​ភ្នំពេញ​ ហើយ​រងចាំ​ដំណោះ​ស្រាយ​តាំង​ពី​សប្តាហ៍​មុន។

អ្នកស្រី យី គន្ធា តំណាង​ប្រជាពលរដ្ឋ ភូមិព្រែកជីក ឃុំជីខក្រោម ស្រុក​ស្រែ​អំបិល បាន​បញ្ជាក់​ថា ពលរដ្ឋ​ប្រមាណ ៨០​នាក់ ដែល​រងគ្រោះ​បាត់បង់​ដីស្រែ​ចំការ​ផ្ទះ​សម្បែង​ដូចគ្នា កំពុង​ស្នាក់នៅ​ហាលភ្លៀង ត្រូវ​មូសខាំ និង​ខ្វះខាត​ការ​ហូបចុក ក្នុង​វត្ត​សាមគ្គី​រង្ស៊ី​ បន្ទាប់​ពី​ពួកគាត់​ បាន​ឡើង​មក​ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍ពី​ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ សហភាព​អឺរ៉ុប រដ្ឋសភា និង​ក្រសួង​កសិកម្ម តាំង​ពី​ថ្ងៃ​ទី​៤ សីហា។ អ្នក​ស្រី​បន្ថែម​ថា ញត្តិ​តំណាង​អោយ​ពលរដ្ឋ​ ១៤៧ គ្រួសារ ក្នុង​ស្រុក​ស្រែ​អំបិល​ គឺ​ការ​ទាមទារ​កាត់ដី ៧៨២.១៦ ហិកតា ពីក្រុមហ៊ុន Koh Kong Sugar និង​Koh Kong Plantation ជូន​ពលរដ្ឋ​វិញ។ បើ​តាម​អ្នកស្រី យី គន្ធា ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ ពលរដ្ឋ​រងគ្រោះ​ទាំងអស់​ នឹង​ហែ​ញតិ្ត ទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋ​មន្រ្តី និង​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី​ក្នុង​ពេល​ឆាប់​ៗ។

អ្នកនាំពាក្យ ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ លោក ជាម សុផល​មករា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្រសួង​បាន​ទទួល​ញត្តិ​នោះ​ហើយ​កាល​ពី​សប្តាហ៍​មុន​ ព្រម​ទាំង​បាន​ផ្តោះប្តូរលេខ​ទំនាក់​ទំនង​គ្នា​ជាមួយ​នឹង​ពលរដ្ឋ​ផងដែរ ដើម្បី​បកស្រាយ និង​ប្រមូល​បញ្ហា​ពាក់ព័ន្ធ​នឹង​ដំណើរ​វិវត្តន៍​នៃ​សំណុំរឿង​កំពុង​មាន​ទំនាស់​។ អ្នក​នាំពាក្យ​រូប​នេះ ​បាន​បន្ថែមថា ជាគោលការណ៍ គ្រប់​ទំនាស់ដែល​ក្រសួងដែនដី​បានទទួល ​ត្រូវតែ​មាន​ដំណោះស្រាយ ​គ្រាន់តែ​ត្រូវការ​ពេល​វេលា​បន្តិច​ និង​អាស្រ័យ​លើ​ឆន្ទះ​ដោះស្រាយ​របស់​ភាគី​ទំនាស់​ប៉ុណ្ណោះ។

តំណាង​ពលរដ្ឋ​រងគ្រោះ​ម្នាក់​ទៀត គឺ​អ្នកស្រី ផាវ ញើង បាន​អះអាង​ថា ពលរដ្ឋ​បាន​ទទួល​រួច​ហើយ លេខ​ទំនាក់​ទំនង​របស់​មន្រ្តី​ក្រសួង​ដែនដី ហើយ​បានដាក់​ក្តី​សង្ឃឹម​ខ្លាំង​ទៅ​លើ​ដំណោះស្រាយ​ពី ក្រសួង​ដែនដី។ តំណាង​ពលរដ្ឋ​រូប​នេះ​ ចង់​បាន​ការ​កំណត់​ពេល​វេលា​ជាក់​លាក់​ណាមួយ ពី​ក្រសួង​ដែនដី ដើម្បី​ចុះ​ពិនិត្យ​ដោះស្រាយ​មុនពេល​ដក​ខ្លួន​វិញ​ទៅ​ខេត្ត​កោះកុង​វិញ។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំខេត្ត​កោះកុង លោក អ៊ិន គង់ជិត បាន​បញ្ជាក់​ថា ការ​ឡើង​ទៅ​ដាក់​ញត្តិ ដល់​រាជធានី របស់​ពលរដ្ឋ​ខេត្ត​កោះកុង គឺ​ធ្វើឡើង​បន្ទាប់​ពី​គ្មាន​ដំណោះស្រាយ​ពី​ថ្នាក់ឃុំ​ ស្រុក និងថ្នាក់​ខេត្ត​។ បើ​តាម​មន្រ្តី​សង្គម​ស៊ីវិល​រូប​នេះ តាំង​ពី​ខែ​សីហា ២០០៦ ក្រសួង​កសិកម្ម បាន​ផ្តល់ដី​ពីរ​ទីតាំង ក្នុង​ទំហំ ៩៤០០ ហិកតា និង​ ៩៧០០ ហិកតា ទៅ​អោយ​ក្រុមហ៊ុន​ស្ករ​អំពៅ Koh Kong Sugar និង Koh Kong Plantation ដោយ​​មិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់ ដល់​ពលរដ្ឋ ដែល​បាន​ប្រើប្រាស់​ដី កន្លង​មក​ទើប​មាន​ទំនាស់​រ៉ាំរ៉ៃ មក​ដល់​សព្វថ្ងៃ​។ លោក អ៊ិន គង់ជិត បាន​ស្នើ​អោយ​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធ គួរ​តែ​ដោះស្រាយ​ជា​បន្ទាប់​ដោយ​ ការ​កាត់​ដី​មក​អោយ​ពលរដ្ឋ​ធ្លាប់​ប្រើប្រាស់​ដី​ជាក់ស្តែង​វិញ ដើម្បី​រំដោះ ពលរដ្ឋ​មូលដ្ឋាន​ពី​បំណុល​សេដ្ឋកិច្ច​ និង​ការ​បន្ត​ធ្វើ​ចំណាកស្រុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ