អានតួអត្ថបទ
កម្ពុជា

អ្នក​នាំ​ពាក្យ​៖ សកម្មភាព​បោក​ក្បាល​របស់​អ្នក​ភូមិ​បឹង​កក់​ អាច​ជា​ការ​រៀប​ចំ​ឡើង ​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​

អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​កម្ពុជា​បាន​ហៅ​សកម្ម​ភាព​នៃ​អំពើ​កូដ​កម្ម​ឈាន​ទៅ​ដល់​ការ​បោក​ក្បាល​របស់​សកម្មជន​បឹង​កក់​បី​រូប​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគា​ព្រៃសរ​ថា ​អាច​ជា​ការ​រៀប​ចំ​បង្កើត​ឡើង​ ក្នុង​គោល​បំណង​ ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​សាធារណៈ​មតិ​ខាង​ក្រៅ​។ ​ប៉ុន្តែ​ស្វាមី​របស់​អ្នក​ស្រី ​ទេព​ វណ្ណី ​សកម្មជន​អ្នក​ភូមិ​បឹង​កក់​បញ្ជាក់​ថា ​កូដកម្ម​ដែល​ឈាន​ទៅ​ដល់​ការ​បោក​ក្បាល​ទៅ​នឹង​ជញ្ជាំង​ គឺ​ដើម្បី​បញ្ជាក់​ថា ​អ្នក​ភូមិ​បឹង​កក់​ជា​អ្នក​ស្អាត​ស្អំ។​​

សាលា​ឧទ្ធរណ៍សម្រេច​ទោស​អោយ​អ្នក​ភូមិ​​បឹងកក់​មានសេរីភាព​​
សាលា​ឧទ្ធរណ៍សម្រេច​ទោស​អោយ​អ្នក​ភូមិ​​បឹងកក់​មានសេរីភាព​​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ព័ត៌​មាន​នៃ​បាតុភាព​ដែល​បាន​កើត​ឡើង​ នៅ​ក្នុង​ពន្ធនាគា​ព្រៃ​សរ​ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ទី​៣មេសា ដោយ​សកម្ម​ជន​អ្នក​ភូមិ​បឹង​កក់​បីនាក់​បាន​រង​របួស​បែក​ក្បាល​នោះ​ នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ ​ដោយ​ភាគី​នីមួយៗ​បាន​បក​ស្រាយ​ផ្ទុយ​គ្នា។
 
គួរ​រំលឹក​ជូន​ថា​ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ទី៣​មេសា​ម្សិល​ម៉ិញ ​សកម្ម​ជន​អ្នក​ភូមិ​បឹង​កក់​បី​រូប​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនា​គារ​ព្រៃ​សរ​ គឺ​អ្នក​ស្រី ​ទេព វណ្ណី, ​អ្នក​ស្រី ​គង់​ ចន្ថា,​ និង​អ្នក​នាង ​បូ ឆវី បាន​ធ្វើ​កូដ​កម្ម​ដោយ​ការ​បោក​ក្បាល​របស់​ខ្លួន​ឯង​ទៅ​នឹង​ជញ្ជាំង​ថ្ម​ ដែល​បណ្តាល​អោយ​បែកក្បាល​ហូរ​ឈាម​ ក្នុង​នោះ ​អ្នក​ស្រី ​គង់​ ចន្ថា​ របួស​ធ្ងន់​ជាង​គេ​ ហើយ​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត ​រឺ​មន្ទីរ​ពេទ្យ​រូស្ស៊ី​ ដើម្បី​ព្យាបាល។
 
ក្រោយ​ហេតុ​ការណ៍​នេះ​ភ្លាម​ អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​កម្ពុជា ​បាន​ចេញ​សេច​ក្តី​ពន្យល់​ថា ​ជន​ជាប់​ឃុំ​ជា​ស្ត្រី​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី២​ (ព្រៃស)​ ទាំង​៣រូប ​បាន​របួស​បែក​ក្បាល ​ដោយ​សារតែ​ពួក​គេ​បាន​ឡើង​លើ​របង​សុវត្ថិភាព​ដែល​មាន​កម្ពស់​១,៥ម៉ែត្រ ​ហើយ​បាន​ទម្លាក់​ខ្លួន​ចុះ​មក​បោក​នឹង​ថ្ម​ បណ្តាល​ឱ្យ​រង​របួស​បែក​ក្បាល។​ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​កម្ពុជា​បាន​ចាត់​ទុក​ថា ​ហេតុ​ការណ៍​នេះ ​អាច​ជា​ការ​រៀប​ចំឡើង ​ក្នុង​គោល​បំណង​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​សាធារណៈមតិ​ខាង​ក្រៅ ​ហើយ​ថា​ ពុំ​មាន​អំពើ​ហឹង្សា ឫ​ទារុណកម្ម​ណា​មួយ បាន​កើត​ឡើង​ទៅ​លើ​ពួក​គេ​នោះ​ទេ។
 
អំពើ​ហិង្សា ​ឬ​ទារុណកម្ម​ ពិត​ជា​មិន​បាន​កើត​ឡើង​មែន​ ក៍​ប៉ុន្តែ​ដើមចម​នៃ​ការ​ឈាន​ទៅ​ដល់​ការ​ធ្វើ​កូដកម្ម​ដោយ​បោក​ក្បាល​ទៅ​នឹង​ជញ្ជាំង​ថ្ម​នេះ ​មិន​ត្រូវ​បាន​បញ្ជាក់​នោះ​ឡើយ​។  
បើតាម​លោក ​អ៊ូ គង់​ជា​ ស្វា​ម៉ី​អ្នក​ស្រី ​ទេព វណ្ណី​ ដែល​បាន​ចូល​ជួប​ភរិយា​និង​អ្នក​រង​របួស​ទាំង​ពីរ កាល​ពី​ព្រឹក​ថ្ងៃ​សៅរិ៍​ទី៤មេសា ​មុន​មាន​ហេតុការណ៍​នេះ​ អ្នក​ទោស​ជា​ច្រើន​បាន​ខឹង​សម្បារ​ទៅ​នឹង​ឆ្មាំ​គុក​ពីរ​នាក់​ ដែល​បាន​ចាក់​សោរ​ទ្វារ​មិន​អោយ​ពួក​គេ​ចេញ​មក​ក្រៅ​ដើម្បី​ទទួល​ពន្លឺ​ថ្ងៃ​ដូច​សព្វមួយ​ដង។​ ហេតុ​ផល​ត្រូវ​បាន​ឆ្មាំ​គុក​ទាំង​ពីរ​បញ្ជាក់ថា ​គឺ​មក​ពី​អ្នក​ទោស​ជា​អ្នក​បឹងកក់។ ​លឺ​ដូច​នេះ អ្នក​ទោស​ជា​អ្នក​ភូមិ​បឹង​កក់​មិន​សុខ​ចិត្ត​ទេ​ ដោយ​បាន​នាំ​គ្នា​បោក​ក្បាល​ទៅ​នឹង​ជញ្ជាំង​ថ្ម ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​របស់​ពួកគេ។
 
លោក ​អ៊ូ គង់​ជា​ បញ្ជាក់​ថា ​តាម​ពិត​ទៅ ​មិន​មែន​មក​ពី​បញ្ហា​អ្នក​ភូមិ​បឹង​កក់​នេះ​ទេ ​ដែល​ធ្វើ​អោយ​ឆ្មាំ​គុក​ចាក់​សោ​ទ្វារ​មិន​អោយ​ចេញ​មក​ក្រៅ​នោះ​ តែ​មក​ពី​ឆ្មាំ​គុក​ទាំង​ពីរ​មាន​ទំនាស់​ផល​ប្រយោជន៍ រឿង​លក់ដូរ​នៅ​ក្នុង​ពន្ធនាគា​ប៉ុណ្ណោះ។
 
សូម​បញ្ជាក់ថា ​កន្លង​ទៅ ​អ្នក​ទោស​ជា​អ្នក​ភូមិ​បឹងកក់​ក៍​ធ្លាប់​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង​ដែរ ដើម្បី​បញ្ជាក់​ថា ​ពួក​គេ​មិន​មាន​ទោស​ពៃ​នោះ​ទេ។
 
យ៉ាង​ណា​ក៍ដោយ​ ក្រុម​អ្នក​ច្បាប់​អង្គការ​សិទ្ធិ​មនុស្ស ​លីកាដូ​ បាន​អះអាង​ថា ​ពួក​គេ​នឹង​បើក​ការស៊ើប​អង្កេត​លើ​រឿង​នេះ ​នៅ​សប្តាហ៍​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ