អានតួអត្ថបទ
កម្ពុជា-សង្គម

​អនុ​វត្ត​សាល​ដីកា​នៅ​ខេត្ត​ព្រះ​សីហនុ​៖ ​ពល​រដ្ឋ​៦​នាក់​ត្រូវ​ចាប់​ខ្លួន ​ក្នុង​នោះ​២​នាក់​បាន​រង​របួស​

យ៉ាង​ហោច​ណាស់ ពលរដ្ឋ​៦​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​នោះ​ពីរ​នាក់​រង​របួស​ស្រាល​និង​ធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​ រវាង​ប្រជាពល​រដ្ឋ​និង​អាជ្ញាធរ​ខេត្ត​។ ការ​ប៉ះ​ទង្គិច​ដោយ​ដុំ​ថ្ម និង​គ្រាប់​កាំភ្លើង​នេះ គឺ​នៅ​ក្នុង​ការ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល នៅ​ថ្ងៃ​ទី ២៤ មករា នេះ​។ ក្រៅ​ភាគី​ប្រជាពល​រដ្ឋ ភាគី​អាជ្ញាធរ​ពីរ​នាក់​ក៏​រង​របួស​ដោយ​សារ​ដុំ​ថ្ម​របស់​ប្រជាពល​រដ្ឋ​ផង​ដែរ​។ 

ស្ថានភាពហេតុការណ៍ជម្លោះដីធ្លី ដែលបានកើតឡើងក្នុងខេត្តព្រះសីហនុ
ស្ថានភាពហេតុការណ៍ជម្លោះដីធ្លី ដែលបានកើតឡើងក្នុងខេត្តព្រះសីហនុ @FB
ផ្សាយពាណិជ្ជកម្ម

ការ​ប៉ះ​ទង្គិច​គ្នា​នេះ បាន​កើត​ឡើង​នៅ​ចន្លោះ​ម៉ោង​ពី​១០ ដល់​ម៉ោង ១ រសៀល ថ្ងៃទី ២៤ មករា​នេះ បន្ទាប់​ពី​ប្រជាពល​រដ្ឋ​នៅ​ភូមិ​គគីរ ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាន​នាំ​គ្នា​ដុត​កង់​ឡាន និងបិទផ្លូវ ដើម្បី​ប្រឆាំង​នឹង​ការ​ចុះ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល​។ សាល​ដីកា​របស់​តុលាការ​កំពូល ដែល​បាន​កាត់​ក្តី​ឲ្យ​ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ ចាញ់​លោក​ឧកញ៉ា​ម្នាក់​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ជាង​៧០​ហិច​តា​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​យល់​ព្រម​នោះ​ទេ ដោយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ដុត​កង់​ឡាន បិទ​ផ្លូវ និង​គប់​ដុំ​ថ្ម ស្រោច​ទៅ​លើ​សមត្ថកិច្ច ខណៈ​ដែល​ភាគី​អាជ្ញាធរ​ចំរុះ​ដែល​ប្រដាប់​ដោយ​ខែល ដំបង និង​អាវុធ​គ្រប់​ដៃ ឡាន​ទឹក បាន​បាញ់​ពន្លត់​ភ្លើង​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ឆេះ​សន្ធោ​សន្ធៅ​។

យ៉ាង​ណា​ក៏​ដោយ ការ​ប៉ះ​ទង្គិច​គ្នា​លើក​ទី០១ ភាគី​ខាង​អាជ្ញាធរ​បាន​ដក​ថយ​បន្តិច ខណៈ​ដែល​ប្រជាពលរដ្ឋ​បាន​គប់​ដុំ​ថ្ម​យ៉ាង​សន្ធាប់ ទៅ​លើ​សមត្ថកិច្ច​ចម្រុះ​ដែល​ដឹក​នាំ​ដោយ​ព្រះរាជ​អាជ្ញា​លោក ហួត វិចិត្រ ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពីរ​នាក់​បាន​រង​របួស​ក្បាល ហើយ​ខូច​ខាត​រថយន្ត​មួយ​ចំនួន​ផង​។ យ៉ាង​ណា​ក៏​ដោយ នៅ​ទី​បំផុត​ទៅ គឺ​ភាគី​អាជ្ញាធរ​ឯណេះ​ទេ ដែល​បាន​គ្រប់​គ្រង​ទាំង​ស្រុង​លើ​ស្ថាន​ការណ៍​នេះ​វិញ បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ជា​លើក​ទី០២​។ ជា​លទ្ធផល មនុស្ស​៦នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ហើយ​ក្នុង​ចំណោម​នោះ​មាន​ពីរ​នាក់​រង​របួស ម្នាក់​របួស​ធ្ងន់​ត្រង់​ស្មា ខណៈ​ម្នាក់​ទៀត​របួស​ស្រាល​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​។ នេះ​បើ​តាម​តុល្យការ​ចុង​ក្រោយ ដែល​ផ្តល់​ដោយ​លោក​ស្រី ជាប សុធារី មន្រ្តី​សម្រប​សម្រួល​សមាគម​អាដ​ហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ​។ លោក​ស្រី ជាប សុធារី បាន​ប្រៀប​ប្រដូច​ស្ថាន​ការណ៍​នេះ ទៅ​នឹង​សមរភូមិ​មួយ ដែល​មាន​ការ​ត្រៀម​ប្រយុទ្ធ​ទាំង​សង​ខាង​។ ភាគី​ខាង​ប្រជា​ពលរដ្ឋ​បាន​ដុត​កង់​ឡាន ចោល​ដប​សាំង និង​ដុំថ្ម​ទៅ​លើ​សមត្ថកិច្ច​។ ចំណែក​ឯភាគី​ខាង​សមត្ថ​កិច្ច​វិញ ក៏​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ដំបង ខែល គ្រឿង​ចក្រ និង​អម​ដោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជាមួយ​ផង​។

អ្វី​ជា​ការ​កត់​សំគាល់ ជម្លោះ​ដីធ្លី​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ហាក់​កំពុង​ផ្ទុះ​ឡើង​ជា​បន្ត​បន្ទាប់ នារយៈ​ពេល​ចុង​ក្រោយ​នេះ​។ កាល​ពី​ថ្ងៃទី ២១ មករា ជម្លោះ​ដីធ្លី​មួយ​កន្លែង​ទៀត ស្ថិត​នៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុង​ព្រះ​សីហនុ អាជ្ញាធរ​បាន​ឃាត់​ខ្លួន​មនុស្ស​ពីរ​នាក់ គឺ​លោក ឆាយ រដ្ឋ និង​ឈ្មោះ ទេព សុផា បញ្ជូន​ទៅ​កាន់​តុលាការ​។ អាជ្ញាធរ​បាន​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ​ថា បាន​ដើរ​បំផុស​បំផុល និង​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ដទៃ​ទៀត មាន​សកម្មភាព​ពុះ​កញ្ជ្រោល​ក្នុង​ការ​តវ៉ា​។ បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​ដែល​ម្នាក់ គឺ​លោក ឆាយ រដ្ឋ ត្រូវ​បាន​គេ​អះអាង​ថា ជា​អតីត​សមាជិក​គណបក្ស​ប្រឆាំង និង​ម្នាក់​ទៀត គឺលោក ទេព​ សុផា​ ជា​បុគ្គលិក​ស្ម័គ្រ​ចិត្ត​របស់​សហភាព​ការងារ​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ​។ យ៉ាង​ណា​ក៏​ដោយ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះ​សីហនុ បាន​អះអាង​ថា អាជ្ញាធរ​បាន​ខិត​ខំ​សម្រប​សម្រួល​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ជា​ច្រើន​ករណី​រួច​មក​ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ