អានតួអត្ថបទ
កម្ពុជា-សង្គម

​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះ​សីហនុ​៖ សាល​ដីកា​តុលាការ​កំពូល​នៅ​តែ​បន្ត​អនុវត្ត ​ខណៈ​ពលរដ្ឋ​៦​នាក់​ត្រូវ​បាន​ដោះ​លែង​

ព្រះ​រាជ​អាជ្ញា​រង​នៃ​ខេត្ត​ព្រះ​សីហនុ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ពលរដ្ឋ​៦នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ល្ងាច​ថ្ងៃ​ទី២៥​មករា​ម្សិល​មិញ បាន​ទទួល​សេរីភាព​របស់​ខ្លួន​វិញ​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ ខណៈ​សាល​ដីកា​តុលាការ​កំពូល​នៅ​តែ​បន្ត​អនុវត្ត​ដដែល​។ ពលរដ្ឋ​ទាំង​៦នាក់ ត្រូវ​បាន​ចាប់​ខ្លួន ដោយ​ជាប់​ទាក់​ទង​អំពើ​ហិង្សា​មួយ​ រវាង​ពលរដ្ឋ​និង​អាជ្ញាធរ ក្នុង​ការ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល ក្នុង​សំណុំ​ដីធ្លី​។ 

ស្ថានភាពហេតុការណ៍ជម្លោះដីធ្លី ដែលបានកើតឡើងក្នុងខេត្តព្រះសីហនុ
ស្ថានភាពហេតុការណ៍ជម្លោះដីធ្លី ដែលបានកើតឡើងក្នុងខេត្តព្រះសីហនុ @FB
ផ្សាយពាណិជ្ជកម្ម

ព្រះ​រាជ​អាជ្ញារង​នៃ​ខេត្ត​ព្រះសីហនុ​លោក ហួត​ វិចិត្រ បាន​គូស​បញ្ជាក់​ថា ការ​ដោះ​លែង​ពលរដ្ឋ​ទាំង​៦នាក់​នេះ​ធ្វើ​ឡើង​ជាមួយ​នឹង​កិច្ច​សន្យា​បិទ​បញ្ចប់​បញ្ហា​រវាង​តុលាការ​ខេត្ត​ព្រះសីហនុ​និង​ពលរដ្ឋ​ទាំង​៦នាក់​។ ទោះ​បីជា​ពួក​គេ​ត្រូវ​បាន​ដោះ​លែង​ក៏​ដោយ តែ​សាល​ដីកា​របស់​តុលាការ​កំពូល​នៅ​បន្ត​អនុវត្ត ខណៈ​ស្ថាន​ភាព​ទូទៅ​នៅ​កន្លែង​ប៉ះ​ទង្គិច ស្ថិត​នៅ​ភូមិ​គគីរ ឃុំ​បិទ​ត្រាំង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ មាន​សភាព​ស្ងប់​ស្ងាត់​គិត​មក​ដល់​ពេល​នេះ​។

សូម​បញ្ជាក់​ថា សាល​ដីកា​របស់​តុលាការ​កំពូល ​បាន​កាត់​ក្តី​ឲ្យ​ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ ចាញ់​លោក​ឧកញ៉ា​ម្នាក់​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ជាង​៧០​ហិច​តា​។ ប៉ុន្តែប្រជាពលរដ្ឋ​មិន​យល់​ព្រម​សេចក្ដីសម្រេចនេះឡើយ ទើប​នាំ​គ្នា​ដុត​កង់​ឡាន បិទ​ផ្លូវ និង​គប់​ដុំ​ថ្ម ទៅ​លើ​សមត្ថកិច្ច​ចំរុះ​​ប្រដាប់​ដោយ​ខែល ដំបង និង​អាវុធ​គ្រប់​ដៃ​។

ជា​ការ​កត់​សម្គាល់ ហេតុ​ការណ៍​ប៉ះ​ទង្គិច​ឈាន​ដល់​ការ​ប្រើ​ហិង្សា​រវាង​អាជ្ញាធរ និង​ពលរដ្ឋ​នេះ បាន​បណ្ដាល​ឲ្យ​មាន​ការ​រិះគន់​ទៅ​លើ​ចំណាត់​ការ​របស់​អាជ្ញាធរ​។ លោក​ស្រី ជាប សុធារី មន្រ្តី​សម្រប​សម្រួល​សមាគម​អាដ​ហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ​ បាន​ប្រៀប​ប្រដូច​ស្ថាន​ការណ៍​នេះទៅ​នឹង​សមរភូមិ​មួយ ដែល​មាន​ការ​ត្រៀម​ប្រយុទ្ធ​ទាំង​សង​ខាង​។ ប៉ុន្តែ​អាជ្ញាធរ​បាន​ថ្លែង​ការពារ​ថា ខ្លួន​ក៏​បាន​ក្លាយ​ជា​ជន​រង​គ្រោះ​ដែរ តាម​រយៈ​សកម្មភាព​ពលរដ្ឋ​បណ្ដាល​ឲ្យ​សមត្ថកិច្ច​ពីរ​នាក់​រង​របួស​ក្បាលនិងខូច​ខាត​រថយន្ត​មួយ​ចំនួន​ថែម​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ