ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
កម្ពុជា

​រយៈ​ពេល​៦​ខែ៖ ឧត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​បាន​ចុះ​ដោះ​ស្រាយ​បញ្ហា​ពលរដ្ឋ​ជាង​១០០​លើក ភាគ​ច្រើន​ជា​ជម្លោះ​ដីធ្លី​

media ការបើកអង្គប្រជុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @សហការី

ដូច​ការ​គ្រោង​ទុក លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី ២៨ កុម្ភៈ​នេះ បាន​បើក​កិច្ច​ប្រជុំ​ប្រចាំ​ឆមាស​លើក​ទី០១ ជាមួយ​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នៃ​គណបក្ស​នយោបាយ​ចំនួន​១៦​។ ជា​កិច្ច​ប្រជុំ​ដើម្បី​ពិនិត្យ​មើល​លទ្ធផល​ការងារ និង​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះ​ស្រាយ ក្នុង​រយៈ​ពេល​៦ខែ​នេះ​។ បើ​តាម​របាយ​ការណ៍ ក្នុង​រយៈ​ពេល​០៦​ខែ​មក​នេះ ឧត្តម​ក្រុម​ប្រឹក្សា​នេះ បាន​ចុះ​បេសកកម្ម​ទៅ​តាម​បណ្តា​ខេត្ត ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ជាង​១០០​លើក ហើយ​ភាគ​ច្រើន​ពាក់​ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​ដីធ្លី​។ 

ក្រោយ​ពី​ចាប់​ដំណើរ​ការងារ​អស់​រយៈ​ពេល​៦ខែ​មក​នេះ ក្រុម​ប្រតិ​ភូ​មក​ពី​គណបក្ស​នយោបាយ​ទាំង​១៦ ដែល​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បាន​ចុះ​បេសកកម្ម​ទៅ​តាម​បណ្តា​ខេត្ត ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ជាង​១០០​​លើក​។ ហើយ​ភាគ​ច្រើន​ពាក់​ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​ដីធ្លី ដែល​ពួក​គេ​បាន​បញ្ជូន​របាយការណ៍​ទាំង​នេះ ដាក់​ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ពិនិត្យ​មុន​ចេញ​ដំណោះ​ស្រាយ​។

តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នា​នា ដោយ​បាន​ស្រង់​សម្តី លោក ឈឹម ផល​វរុណ ប្រធាន​លេខា​ធិការដ្ឋាន​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​បាន​អះ​អាង​ថា «សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ទាំង​ជម្លោះ​ដីធ្លី បទ​ល្មើស​នេសាទ និង​បទ​ល្មើស​ព្រៃ​ឈើ​ជា​ដើម សុទ្ធ​តែ​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​បុគ្គល​ជា​មន្ត្រី​ទាំង​នៅ​ថ្នាក់​ជាតិ និង​នៅ​តាម​មូល​ដ្ឋាន»។ គួរ​ជំរាប​ជូន​ថា នៅ​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ​នេះ គឺ​ជា​កិច្ច​ប្រជុំ​លើក​ដំបូង​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជាមួយ​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នៃ​គណបក្ស​នយោបាយ​ចំនួន​១៦ ដើម្បី​ពិនិត្យ​មើល​លទ្ធ​ផល​ការងារ និង​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះ​ស្រាយ ក្នុង​រយៈ​ពេល​៦ខែ​នេះ​។

ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ដែល​មាន​ចំនួន​៣២​រូប​មក​ពី​គណបក្ស​នយោបាយ​ចំនួន​១៦ ដែល​សុទ្ធ​សឹង​តែ​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋ​មន្ត្រី និង​រដ្ឋ​មន្ត្រី​នេះ ត្រូវ​បាន​បង្កើត​ឡើង កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៨ ក្រោម​ការ​ផ្តួច​ផ្តើម​គំនិត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ក្រោយ​ពេល​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី០៦​ឆ្នាំ​២០១៨​។ ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​នេះ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ប្រមូល​ធាតុ​ចូល ទស្សនៈ ពហុ​គំនិត និង​ជា​ប្រយោជន៍​ដល់​ការ​ស្ថាបនា​ជាតិ ដោយ​មាន​ការ​ចូល​រួម​ពី​គណបក្ស​នយោបាយ​ដែល​គ្មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​។ តាម​រយៈ​ទំព័រ​ហ្វេស​បុក​នៅ​ថ្ងៃ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​យន្ត​ការ​ថ្មី​នេះ​ថា គឺ​ជា​ដំណើ​ការ​នៃ​លទ្ឋិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​។ ហើយ​ថា ការ​ចូល​រួម​ផ្តល់​នូវ​មតិ​យោបល់​ល្អៗ​ពី​គណបក្ស​នយោបាយ​ទាំង​អស់​ដល់​រាជ​រដ្ឋា​ភិបាល គឺ​ជួយ​ជំរុញ​ដល់​ការ​កសាង​ប្រទេស​ឲ្យ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​។

សូម​បញ្ជាក់​ដែរ​ថា ចាប់​តាំង​ពី​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​កញ្ញា ឆ្នាំ ២០១៨​មក ឧត្តម​ក្រុម​ប្រឹក្សា​នេះ បាន​បើក​កិច្ច​ប្រជុំ​សរុប​ចំនួន​១៣​លើក និង​បាន​កោះ​អញ្ជើញ​ថ្នាក់​ដឹក​នាំ​ក្រសួង​មក​ឆ្លើយ​បំភ្លឺ​លើ​បញ្ហា​នានា​ចំនួន​៣​លើក​។ ក្នុង​នោះ​រួម​មាន ក្រសួង​រៀប​ចំ​ដែន​ដី នគរូប​នីយកម្ម និង​សំណង់ ក្រសួង​មហាផ្ទៃ និង​ក្រសួង​បរិស្ថាន ជា​ដើម​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ