អានតួអត្ថបទ
កម្ពុជា

​សេច​ក្តី​ព្រាង​ច្បាប់​ស្តីពី​អង្គការ​-​សមាគម​ត្រូវ​បាន​កែ​សម្រួល​ មុន​ពេល​បញ្ចូន​ទៅ​រដ្ឋសភា​អនុម័ត​

សេចក្តីព្រាង​ច្បាប់​ដ៏ចម្រូង​ចម្រាស់​ស្តីពី ​សមាគម ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ​ត្រូវ​​បាន​​​ក្រសួង​​មហា​ផ្ទៃ​កែ​សម្រួល​ឡើង​វិញ ​បន្ទាប់​ពី​មាន​ការ​រិះគន់​។ ​កំណែ​ប្រែ​ចុង​ក្រោយ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ ​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​ចាត់​ទុក​ថា​ ​ជា​កាដូ​​មួយ​ ​ដែល​ផ្តល់​ជូន​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​។ ​សេចក្តី​ព្រាង​ច្បាប់​នេះ ​​ទើប​តែ​ត្រូវ​បាន​ទីស្តី​ការគណៈរដ្ឋ​មន្រ្តី​អនុម័ត​កាល​ពី​ថ្ងៃ​ទី៥​មិថុនា​កន្លង​ទៅ​។​​

សម័យ​​ប្រជុំ​​ពេញ​​អង្គ​​​គណៈ​រដ្ឋមន្រ្តី​ នៅ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី ថ្ងៃ​ទី​០៥ ​ខែមិថុនា​ ឆ្នាំ​២០១៥។
សម័យ​​ប្រជុំ​​ពេញ​​អង្គ​​​គណៈ​រដ្ឋមន្រ្តី​ នៅ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី ថ្ងៃ​ទី​០៥ ​ខែមិថុនា​ ឆ្នាំ​២០១៥។ សហការី
ផ្សាយពាណិជ្ជកម្ម

យ៉ាង​ហោច​ណាស់​មាន​មាត្រា​សំខាន់ៗ​ចំនួន​២​ ​ដែល​ក្រសួង​មហាផ្ទៃ​បាន​កែ​សម្រួល​ឡើង​វិញ ​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ ​​បន្ទាប់​ពី​សេច​ក្តី​ព្រាង​ច្បាប់​នេះ ​បាន​ទទួល​រង​ការរិះ​គន់​យ៉ាង​ខ្លាំង​។ ​ចំណុច​ទាំងពីរ​នោះ​រួម​មាន​ ​ទី១​ទាក់​ទង​ទៅ​នឹង​ការ​ចុះ​បញ្ជីរ​បស់​អង្គការ​សមាគម​ និង​ទី២​ គឺ​ទាក់​ទង​ទៅ​នឹង​ការ​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សមាគម​ជាតិ​និង​អន្តរជាតិ​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​លោក ​ខៀវ សុភ័ក្រ ​អ្នកនាំ​ពាក្យក្រសួង​មហាផ្ទៃ ​បាន​ចាត់​ទុក​ថា​ ​ជា​កាដូ​ថ្មី​មួយ​សំរាប់​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

 
បើ​តាម​លោក ​ខៀវ ​សុភ័ក្រ ​កំណែ​ប្រែ​ចុង​ក្រោយ​នៃ​មាត្រា១នៃ​សេចក្តីព្រាង​ច្បាប់​នេះ ​គឺ​មិ​​ន​ចាំ​បាច់​តម្រូវ​ឱ្យ​អង្គការ​សមាគម​ជាតិ ​​និង​អន្តរជាតិ​ចុះ​បញ្ជី​ឡើងវិញ​នៅ​ក្រសួង​មហាផ្ទៃ​និង​ក្រសួង​ការបរទេស​ទៀត​នោះទេ​។ ​មានន័យ​ថា ​អង្គការ​សង្គមស៊ីវិលជាតិ​និង​អន្តជាតិ​មាន​ជាង​៤ពាន់​ដែល​ចុះ​បញ្ជីរួចរាល់​នៅ​ក្រសួង​ទាំង​ពីរ​ ​អាច​បំពេញ​បេសកម្ម​ការងារ​របស់​ខ្លួន​ដដែល​។ ​ចំណែក​ឯលក្ខណ្ឌសំរាប់​អង្គការ​សង្គម​ស៊ីវិល​ជាតិ ​និង​អន្តរជាតិ​ថ្មី​ ដែ​​ល​មាន​បំណង​មក​បំពេញ​បេសកម្មការងារ​នៅ​កម្ពុជា ​ក៍មិន​មាន​ភាព​ស្មុគ​ស្មាញ​ដូច​មុន​នេះ​ដែរ​។​
ចំណែក​ឯ ​មាត្រា​ដែល​បាន​ចែង​ពីការ​ធ្វើ​របាយការណ៍​ប្រចាំឆ្នាំ​របស់​អង្គការ​សង្គម​ស៊ីវិល​វិញ ​ក៍​មិន​តម្រូវ​ឱ្យ​ធ្វើ​របាយការណ៍​មក​កាន់​ក្រសួង​មហាផ្ទៃ​ទៀត​ដែរ​ តែ​ក្រសួង​មហាផ្ទៃ​បាន​ស្នើ​សុំ​ច្បាប់​ចម្លង​មួយនៃ​របាយការណ៍​ប្រចាំ​ឆ្នាំ ដែល​អង្គការ​ទាំង​នោះ ​បាន​ផ្ញើ​ទៅ​កាន់​ប្រទេស​ម្ចាស់​ជំនួយ​ប៉ុណ្ណោះ។
​​
​សេចក្តីព្រាង​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​តាក់​តែង​ឡើង​ដោយ​ក្រសួង​មហាផ្ទៃនេះ​ រួម​មាន​៩ជំពូក ​និង​៣៩​មាត្រា​ ​ត្រូវ​បាន​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ពិភាក្សា​និង​អនុម័ត​កាល​ពី​ថ្ងៃទី​៥មិថុនា​កន្លង​ទៅ។ ​សេចក្តី​ព្រាង​ច្បាប់​នេះ ​ធ្វើ​ឡើង​ក្នុង​បំណង​ធានា​ការ​ពារ​​សិទ្ធិ​សេរីភាព​ ក្នុង​ការ​បង្កើត​សមាគម ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​កម្ពុជា​ ​ដើម្បី​ការ​ពារ​​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ខ្លួន ​និង​ការពារ​ផល​ប្រយោជន៍​សាធារណៈ ។​ ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ ​និង​អន្តរជាតិ ​បាន​រិះគន់​ទៅលើ​សេចក្តី​ព្រាង​ច្បាប់​នេះ​យ៉ាង​ខ្លាំង ​និង​​បាន​ចាត់​ទុក​ថា ​ច្បាប់​នេះ ​នឹង​កាត់​បន្ថយ​សកម្មភាព​ការងារ​របស់អ​ង្គ​ការ​សង្គម​ស៊ី​វិល​​ជាតិ​​និង​អន្តរជាតិ ​ហើយ​អង្គការ​​អន្តរជាតិមួយ​​ចំនួន ​​អាច​​នឹង​​ឈាន​​ទៅ​បិទ​​ការិយា​ល័យ​​របស់​​ខ្លួន​នៅ​កម្ពុជា​ទៀត​ផង​។

​លោក​ សុន ឆៃ ​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ​បាន​បញ្ជាក់​ថា ​គណបក្ស​ប្រឆាំង ​នឹង​មិន​ចូល​រួម​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ទេ ​បើសេចក្តី​ព្រាង​ច្បាប់​នេះ ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ពិភាក្សា​ដោយ​បើកទូលាយ​ទៀតនោះ។ ចំណែកឯ​លោក ​ឈាង វុន ​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ជាតិ​​បាន​បញ្ជាក់​ថា ​រដ្ឋសភា​នៅ​មិន​ទាន់​កំណត់​ពេល​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​ឡើយ​ទេ ​បន្ទាប់​ពីដឹង​ថា ​សេចក្តី​ព្រាងច្បាប់​នេះ ត្រូវ​បាន​បញ្ជូន​ត្រលប់​ទៅ​ក្រសួង​មហាផ្ទៃ​វិញ​ ​ដើម្បី​កែ​សម្រួល។​

បើ​តាម​ព័ត៌មាន​ចុងក្រោយ ​សេចក្តី​ព្រាង​ច្បាប់​នេះ បា​ន​កែ​សម្រួល​រួចរាល់ហើ​យ ​នឹង​ត្រៀម​បញ្ជូ​ន​ទៅ​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី​ជា​ថ្មី ​មុន​ពេល​បញ្ជូន​ទៅ​ឱ្យ​រដ្ឋសភា​ពិភាក្សា​និង​អនុម័ត​៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ