ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/04 12h00 GMT
កម្ពុជា

អនុម័ត​ច្បាប់​អង្គការ៖ បក្ស​កាន់អំណាច​អនុម័ត​តែម្នាក់ឯង បក្សប្រឆាំង​ពហិកា សង្គម​ស៊ិ​វិល​ធ្វើបាតុកម្ម

media  
សង្គម​ស៊ីវិល និងសកម្ម​ជនដីធ្លី​បានធ្វើ​បាតុកម្ម​តវ៉ា​ច្បាប់​អង្គការ​។ © siv channa

តាម​ការគ្រោងទុក​រដ្ឋ​សភាជាតិ​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ ទី១៣ កក្កដា បាន​បើក​កិច្ចប្រជុំ​អនុម័ត​ច្បាប់​អង្គការ​សង្គម​ស៊ីវិល​ដ៏​ចម្រូងចម្រាស។ សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម​អនុម័ត​ច្បាប់​នេះ​ទេ។ ដោយឡែក​សង្គម​ស៊ីវិល វិញ​បានធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ច្បាប់​ថ្មី​នេះ។ យ៉ាងណាក៏ដោយ​នៅ​ច្បាប់​នេះ​ត្រូវបាន​អនុម័ត​បញ្ចប់។

រដ្ឋសភា​ដែល​មាន​តែ​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​អង្គកា​តែម្នាក់​ឯង​ដោយ​សំឡេង​៦៨ លើ៦៨​។ ជាការ​អនុម័ត​ដ៏​ចម្រូង​ចម្រាស់​ព្រោះ​តែ​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥ រូប មិន​បាន​ចូលរួម​ប្រជុំ។ ដោយឡែក​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី​លើក​បដា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​ថ្មី​នៅក្រៅ​រដ្ឋសភា។

លោក ស ខេង តំណាង​ឱ្យ​រដ្ឋាភិ​បាល បាន​ឡើង​ការពារ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ។ លោក​បាន​លើកឡើងថា ច្បាប់​ដែល​មាន​៩​ជំពូក ៣៩ មាត្រា នឹង​ជួយ​ឱ្យ​សង្គម​ស៊ីវិល​នៅ​កម្ពុជា អាច​ដំណើរ​ការ​បាន​ស្របច្បាប់​។ បន្ថែម​ពីលើ​នេះ ច្បាប់​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្អឹប​ទុក​ប្រមាណ​ជា​២០​ឆ្នាំ គឺ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​បណ្តា​ប្រទេស​មួយ​ចំនួន​ថែម​ទៀត​ផង។ ក្រៅពី​ការ​ឡើង​ថ្លែង​ពី​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​នោះ សមាជិកសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា​លោក ជាម យៀប លោក ឈាង វ៉ុន និង​លោក ហ៊ូ ស្រ៊ី រួមទាំង​លោក ហ៊ុន ម៉ានី​ជាដើម បាន​ឡើង​បញ្ចេញ​មតិ​រៀងៗ​ខ្លួន។
 
សង្គម​ស៊ីវិល សកម្មជន​ដីធ្លី ដែល​មាន​លោក វ៉ន ពៅ លោកស្រី ទេព វណ្ណី លោក​ស្រី​យ៉ោម បុប្ផា និង​តំ​ណា​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក រៀល ខេមរិន្ទ្រ តាំងពី​ម៉ោង៨​ព្រឹក បាន​ដឹកនាំ​បាតុកម្ម​តវ៉ា​នៅតាម​បណ្តោយ​ព្រះស៊ីសុវត្ថិ ដើម្បី​ប្រឆាំងនឹង​ការសម្រេច​អនុម័ត​របស់​សមាជិក​សភា។ ក្រុម​អ្នក​តវ៉ា​ដែល​មាន​សញ្ញា​ថា «ទេ» ចំពោះ​ច្បាប់​អង្គការ បាន​ស្រែកច្រៀង​ថា ច្បាប់​ស្តីពី​អង្គការ​សង្គម​ស៊ីវិល​នេះ គឺ​រឹតត្បិត​សិទ្ធ​សេរីភាព​សង្គម​ស៊ីវិល និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល។ មិន​តែ​ប៉ុណ្ណោះ សង្គម​ស៊ីវិល បាន​ស​ព្រមាន​បោះឆ្នោត​ទម្លាក់​សមាជិក​សភា​ណា​ដែល​ហ៊ាន​បោះឆ្នោត​លើកដៃ​អនុម័ត​ច្បាប់​សង្គម​ស៊ីវិល​នេះថែម​ទៀត​ផង។ បើទោះ​បី​ជា​មាន​ការ​តវ៉ា ប្រឈម​មុខ​គ្នា​រវាង​ក​ង​កម្លាំង​ប៉ូលិស និង​សន្តិ​សុខខណ្ឌ​ដូនពេញ​ជាមួយ​ប្រជាពល​រដ្ឋ សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី​ប៉ុន្តែ​មិនមាន​អំពើ​ហិង្សា​បានកើត​ឡើង​ទេ។
 
យ៉ាង​ណា​ក៏​ដោយ ច្បាប់​អង្គការ​សង្គម​ស៊ីវិល​ដ៏​ម្រូង​ចម្រាស់​នេះ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ចន្ទ​ទី១៣ កក្កដា។ គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការ​អនុម័ត​ច្បាប់​ថ្មី​នេះ។ លោក យ៉ែម បុញ្ញឫទ្ធិ​បន្ត​ថា គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​ការ​តស៊ូ​មតិ​ប្រឆាំង ហើយ​ថា ខ្លួន​នឹង​ព្យួរ​ច្បាប់​នេះ​នៅពេល​ខ្លួន​អាច​មាន​ឱកាស​បាន​ឡើង​ដឹកនាំ​ប្រទេស។ ដោយឡែក​លោក សឿង សារឿន បាន​បញ្ជាក់​ថា ដៃគូ​ម្ចាស់ជំនួយ​អន្តរជាតិ អាច​សើរើ​មើល​ឡើងវិញ​ពី​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្រោយ​ការ​សម្រេច​របស់​រដ្ឋ​សភា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ