អានតួអត្ថបទ
កម្ពុជា-ច្បាប់

សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ដើម្បី​ដក​ហូត​អាសនៈ​បក្ស​ដែល​ត្រូវ​រំលាយ ត្រូវ​បញ្ជូន​បន្ត​ទៅ​គណៈកម្មការ​ជំនាញ

សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ​ ដែល​មាន​ខ្លឹមសារ​ដក​ហូត​អសនៈ​គណបក្ស​ដែល​ត្រូវ​រំលាយ​យក​ទៅ​ចែក​ឲ្យ​គណបក្ស​ដទៃ​ទៀត​នោះ ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ពិភាក្សា​ចប់​ហើយ​នៅ​ព្រឹក​នេះ ព្រម​ទាំង​បញ្ជូន​ ទៅ​គណៈកម្មាធិការ​ជំនាញ​រដ្ឋសភា ដើម្បី​ពិនិត្យ។ ​សេចក្តី​ស្នើ​ច្បាប់​ទាំង​នេះ​ ​ធ្វើ​ឡើង​ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រង​បណ្តឹង​ស្នើ​សុំ​រំលាយ​ចោល​នៅ​តុលាការ​កំពូល​។

រដ្ឋសភា​អនុម័ត​​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយកន្លងមក
រដ្ឋសភា​អនុម័ត​​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយកន្លងមក
ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ អ៊ឹង ប៊ុនថន

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​RFI​នៅ​មុន​នេះ​បន្តិច​ថា សេចក្តី​ស្នើ​ច្បាប់​ទាំង​បួន​នោះ ត្រូវ​បាន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​ពិភាក្សា​ចប់​នៅ​ព្រឹក​នេះ ហើយ​ត្រូវ​បាន​ដាក់​បញ្ជូន​ទៅ​គណៈកម្មាធិការ​នីតិកម្ម និង​យុត្តិធម៌ ដើម្បី​ពិនិត្យ និង​សិក្សា​ស្រាវ​ជ្រាវ។ ប៉ុន្តែ​លោក​មិន​ច្បាស់​ថា សេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​សភា​ពេញ​អង្គ​ប្រជុំ​អនុម័ត​នៅ​ពេល​ណា​ឡើយ។

សេចក្តី​ស្នើ​ច្បាប់​ទាំង​៤ មាន​ដូច​ជា៖ ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ព្រឹទ្ធសភា ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​តាំង​ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ ​និង ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​។ ខ្លឹមសារ​នៃ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​នេះ កំណត់​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ត្រូវ​បែង​ចែក​អាសនៈ​របស់​បក្ស​ដែល​ត្រូវ​រំលាយ ក្នុង​រយៈ​ពេល​យ៉ាង​យូរ​៧​ថ្ងៃ ទៅ​ឲ្យ​គណបក្ស​នយោបាយ​នានា ដែល​បាន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​រាជធានី​ខេត្ត​ជាមួយ​គ្នា ដោយ​មិន​គិត​បញ្ចូល​គណបក្ស​ដែល​ត្រូវ​រំលាយ និង​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។

គួរ​ជម្រាប​ថា ការ​បញ្ជូន​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ ទៅ​គណៈកម្មការ​ជំនាញ ធ្វើ​ឡើង​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ មុន​ពេល​រដ្ឋសភា​​ដែល​ទើប​តែ​ចូល​កង​វិញ បើក​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៩ នីតិ​កាល​ទី​៥ ដោយ​មាន​វត្ត​មាន​លោក​នា​យក​រដ្ឋ​មន្រ្តី ហ៊ុន សែន ចូល​រួម​ផង​ដែរ។

ក៏​ប៉ុន្តែ​តំ​ណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង ​បាន​ធ្វើ​ពហិ​កា​មិន​ចូល​ប្រជុំ​សភា​ពេញ​អង្គ​នៅ​ថ្ងៃ​នេះ​ទេ ដោយ​លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្រ្ត​គណ​បក្ស​សង្រ្គោះ​ជាតិ​ប្រាប់​វិទ្យុ​បារាំង​ដោយ​ខ្លី​ថា លោក​ជាប់​រវល់​ប្រជុំ។

​កិច្ចប្រជុំ​ពេញ​អង្គ​រដ្ឋសភា​នា​ថ្ងៃ​ទី​១២​តុលា​នេះ មានរបៀបវារៈ​ចំនួន៦គឺព្រះរាជសារព្រះ​មហា​ក្សត្រ របាយការណ៍​ស្តី​ពី​សកម្ម​ភាព​រដ្ឋសភា ការអនុម័ត​ច្បាប់​ស្តីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម ច្បាប់ស្តីពីការទទួលស្គាល់​សុពលភាព​នៃប្រកាស​នីយបត្រកម្ម​អ៊ឺរ៉ុបនិង​កម្ពុជា ការធ្វើ​សោធនកម្ម​មាត្រា​មួយចំនួន​នៃប្រកាស​នីយបត្រកម្ម​វិញ្ញាបនបត្រម៉ូដែលមាន​អត្ថ​ប្រយោជន៍និង​គំនូរឧស្សាហកម្ម​ និង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចរវាង​អាស៊ាននិងចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ