អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ប្រជាធិបតេយ្យ​ពិត ត្រូវ​គិត​ពី​នីតិរដ្ឋ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បើ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​នៃ​ប្រទេស​កម្ពុជា ចារឹក​យក​លទ្ធិ​ប្រជាធិបេតយ្យ​សេរី​ពហុបក្ស​ជ្រុល​ទៅ​ហើយ​ ម្តេច​ឡើយ​រដ្ឋាភិបាល អង្គការ​និង​សមាគម​មិនមែន​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា មិន​រួម​គ្នា​លើក​តម្កើង​នីតិរដ្ឋ? នីតិរដ្ឋ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ។ លទ្ធិ​នេះ​ចាក់​ឫស​ជ្រៅ​ទៅ​ក្នុង​សង្គម​កម្ពុជា ​ល្គឹក​ណា​តែ​គ្រប់គ្នា​រិះរេ​កែ​ទម្លាប់​ទ្រាប់​ច្បាប់​អង្គុយ។

ពលរដ្ឋ​ប្រឆាំង​តវ៉ា ​នៅ​មុខ​រដ្ឋសភា​ ចំពោះ​ច្បាប់​សហជីព​ សមាគម​ និង​អង្គការ​
ពលរដ្ឋ​ប្រឆាំង​តវ៉ា ​នៅ​មុខ​រដ្ឋសភា​ ចំពោះ​ច្បាប់​សហជីព​ សមាគម​ និង​អង្គការ​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សញ្ញា​ជា​ច្រើន​បង្ហាញ​ថា នៅ​កម្ពុជា​មិន​មាន​នីតិរដ្ឋ​ទេ ព្រោះ​ច្បាប់​មិន​ទាន់​ត្រូវ​បាន​បង្កើត​ និង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ និង​ស័ក្តិសិទ្ធិ​នៅ​ឡើយ។ កុំ​ថា​តែ​ពលរដ្ឋ​សាមញ្ញ​ដែល​មិន​សូវ​យល់​ដឹង​អំពី​ច្បាប់ សូម្បី​តែ​អ្នក​តំណាង​រាស្ត្រ​ដែល​ជា​អ្នក​អនុម័ត​ច្បាប់ មន្ត្រី​រដ្ឋាភិបាល​ដែល​ជា​អ្នក​ពង្រឹង​ច្បាប់ និង​មន្ត្រី​អង្គការ​និង​សមាគម​មិន​មែន​រដ្ឋាភិបាល​ដែល​ជា​អ្នក​ត្រូវ​គោរព​ច្បាប់ ក៏​សុទ្ធ​តែ​អាច​ក្លាយ​ជា​ភ្នាក់ងារ​នាំ​អាទិ៍​ឱ្យ​មាន​ការ​រំលោភ​ច្បាប់​ដែរ។ ការណ៍​នេះ​បញ្ជាក់​ថា​ ទម្លាប់​គោរព និង​អនុវត្ត​ច្បាប់ ពិបាក​ចាក់​ឫស​ក្នុង​សង្គម​កម្ពុជា ហើយ​លទ្ធិប្រជាធិបតេយ្យ​សេរី​នៃ​ប្រទេស​នេះ​ ទំនង​មិន​អាច​រឹងមាំ​ឡើយ​ បើ​គ្មាន​នីតិរដ្ឋ ឬ​ធម្មាធិបតេយ្យ ដែល​អាច​និយាយ​ឱ្យ​ខ្លីថា ការ​យក​ច្បាប់​ជា​ធំ ឬ​ការ​គោរព និង​អនុវត្ត​តាម​ច្បាប់។

ជា​យូរ​មក​ហើយ ការ​បង្កើត​ច្បាប់​ដើម្បី​តែ​ការពារ​អំណាច និង​ការ​អនុវត្ត​ច្បាប់​ច្របូក​ច្របល់​ ជា​ចំណុច​ខ្សោយ​មួយ​របស់​អ្នក​កាន់​ចង្កូត​នាវា​កម្ពុជា។​ នៅ​ក្រោយ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ អយុត្តិធម៌ អំពើ​ពុករលួយ​ ភាព​គ្មាន​ទោស ការ​និយម​បក្ស​ពួក ការ​រំលោភ​ច្បាប់ និង​ការ​បំពារ​បំពាន​សិទ្ធិ​មនុស្ស សុទ្ធ​ជា​ពាក្យ​ពណ៌នា​នៅ​ជាប់​នឹង​ប្រព័ន្ធ​តុលាការ ការ​តាក់តែង​ច្បាប់​ និង​ការ​អនុវត្ត​ច្បាប់​ដោយ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​ខ្មែរ​ ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ថ្វី​បើ​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ប្រកាន់​យក​លទិ្ធប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ក៏​ដោយ ​ក៏​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង​ដោយ​បង្ខំ ការ​ជំនុំ​ជម្រះ​រឿង​ក្តី​តាម​ទំនើង​ចិត្ត ការ​រក​ឃាតករ​ឱ្យ​មក​ទទួល​ទោស​មិន​ឃើញ ការ​ផ្តល់​តួនាទី​សំខាន់​ៗ​ក្នុង​ស្ថាប័ន​រដ្ឋ​ឱ្យ​តែ​ញាតិមិត្ត ការ​បំភ័យ​បំភិត​ និង​ការ​បង្ក្រាប​អ្នក​ប្រឆាំង ការ​ប្រើ​អំណាច​ខុស​នីតិវិធី ព្រម​ទាំង​ការ​ធ្វើ​ច្បាប់​ដោយ​មិន​ស្តាប់​មតិ​អ្នក​ពាក់ព័ន្ធ​ជា​ដើម នៅ​តែ​ជា​បញ្ហា​ចោទ​ក្នុង​សង្គម​កម្ពុជា។ ការណ៍​នេះ​ឆ្លុះ​ឱ្យ​ឃើញ​កង្វះ​ខាត​ក្នុង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ដោយ​រដ្ឋាភិបាល​ដែល​ធ្លាប់​តែ​អង្គុយ​លើ​ច្បាប់។

ងាក​មក​មើល​គណបក្ស​ប្រឆាំង និង​អង្គការ សមាគម​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​វិញ។ ដោយ​លើក​តែ​ពី​យុត្តិធម៌ អព្យាក្រឹតភាព ភាព​ស្អាតស្អំ តម្លាភាព ការ​អនុវត្ត​តាម​ច្បាប់ សិទ្ធិ និង​សេរីភាព មន្ត្រី និង​បុគ្គ​លិក​ដែល​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់​ ក៏​មិន​សុទ្ធ​តែ​ជា​អ្នក​ទូល​ច្បាប់ ហើយ​គោរព​និង​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​ទាំង​អស់​ដែរ។ ជាទូទៅ សម្ដី និង​សកម្មភាព​របស់​គណបក្ស​ទាំង​ឡាយ​នៅ​ក្រៅ​រដ្ឋាភិបាល ច្បាស់​ណាស់ គឺ​សំដៅ​ដណ្តើម​ប្រជាប្រិយ​ភាព​ពី​គណបក្ស​កំពុង​កាន់​អំណាច ដើម្បី​ឈាន​ទៅ​ដឹក​នាំ​រដ្ឋាភិបាល​ជំនួស។ នៅ​លើ​សង្វៀន​នយោបាយ យោង​ទៅ​តាម​កាលៈទេសៈ មធ្យោ​បាយ​គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​ប្រយោជន៍​សម្រាប់​គណបក្ស​ប្រឆាំង៖ និយាយ​កុហក ធ្វើ​ប្រជាភិថុតិ ញុះ​ញង់ ដើរ​បរិហារ ជេរប្រមាថ ប្រើ​សិទ្ធិ​ហួស​ព្រំដែន និង​ជួន​កាល​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់​ក៏​សឹង​មាន។ គណបក្ស​នយោបាយ​ដែល​ព្យាយាម​បង្កើន​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដើម្បី​ដណ្តើម​អំណាច ក៏​មាន​ជំនាញ​ណាស់​ដែរ ខាង​បង្ហាញ​ជំហរ​គាំទ្រ​នីតិរដ្ឋ ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​រីក​ចម្រើន​ និង​ការពារ​សិទ្ធិ​មនុស្ស ស្រដៀង​គ្នា​នឹង​អង្គការ និង​សមាគម​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​កម្ពុជា​ដែរ។

ដោយ​ជា​ញឹក​ញាប់​តាំង​ខ្លួន​ជា​អ្នក​តំណាង​ឱ្យ​សង្គម​ស៊ីវិល​ទូទាំង​ប្រទេស​កម្ពុជា អង្គការ និង​សមាគម​មិនមែន​រដ្ឋាភិបាល​ទាំង​នោះ ធ្វើ​ប្រតិបត្តិការ​បាន​ដោយសារ​ថវិកា​ជំនួយ​បរទេស ហើយ​តែង​ធ្វើ​យុទ្ធនា​ការ​តស៊ូ​មតិ និង​ធ្វើ​អំពើ​ប្រឆាំង​នឹង​ឆន្ទៈ​របស់​រដ្ឋាភិបាល​កម្ពុជា ខ្លាំង​ជាង​គណបក្ស​ប្រឆាំង​ទៀត​ផង។ ក្រោម​មូល​ហេតុ​ថា​ការពារ​សិទ្ធិ​មនុស្ស លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ក្នុង​ព្រះរាជាណាចក្រ​មួយ​ដែល​ជា​មិត្ត​ល្អ​នៃ​ប្រទេស​កុម្មុយនីស្ត ​និង​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​អតីត​ជន​បដិវត្តន៍ «សង្គម​ស៊ីវិល»ទាំង​នោះ​ចេញ​មុខ​ការពារ​ពលរដ្ឋ​ដែល​បញ្ចេញ​មតិ​ដោយ​បិទ​ផ្លូវ​សាធារណៈ ដែល​តវ៉ា​ដោយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រដ្ឋ​និង​ឯកជន និង​ដែល​ធ្វើ​ការ​ទាមទារ​ដោយ​បង្ក​កុបកម្ម។ អង្គការ និង​សមាគម​មិន​មែន​រដ្ឋាភិបាល​ខ្លះ​ទៀត បដិសេធ​សេចក្តី​ព្រាង​ច្បាប់​ស្នើ​ឡើង​ដោយ​ស្ថាប័ន​រដ្ឋ​ដែល​មាន​នីត្យានុកូលភាព​តែ​ម្តង​ ខណៈ​ដែល​ពួក​គេ​អះអាង​ពី​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស នីតិរដ្ឋ និង​លទ្ធិ​ប្រជាធិបតេយ្យ។

តាម​ពិត នីតិរដ្ឋ​ត្រូវ​បាន​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ កូហ្វី អាណាន់ (Kofi Annan) ឱ្យ​និយមន័យ​បែប​ទូលាយ​ថា៖ «គោលការណ៍​នៃអភិបាល​កិច្ច​ដែល​ក្នុង​នោះ មនុស្ស​គ្រប់​រូប គ្រប់​ស្ថាប័ន ​អង្គភាព​សាធារណៈ និង​ឯកជន​ រួម​ទាំង​រដ្ឋ​ខ្លួន​ឯង​ផង ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ដែល​អនុម័ត​ជា​សាធារណៈ ពង្រឹង​ដោយ​ស្មើភាព និង​វិនិច្ឆ័យ​តាម​ដោយ​ឯករាជ្យ ​ហើយ​ដែល​ស្រប​ទៅ​តាម​កម្រិត​ និង​និយាម​អន្តរជាតិ​នៃ​សិទ្ធិ​មនុស្ស។ វា​ទាមទារ​នូវ​វិធាន​ការ​នានា ដើម្បី​ធានា​ឱ្យ​មាន៖ ការ​ប្រកាន់​ខ្ជាប់​គោលកាណ៍​ទាំង​ឡាយ​នៃ​ធម្មាធិបតេយ្យ (ការ​យក​ច្បាប់​ជា​ធំ), សមភាព​ចំពោះ​មុខ​ច្បាប់, ទំនួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់, ភាព​ត្រឹមត្រូវ​ក្នុង​ការ​អនុវត្ត​ច្បាប់, ការ​បែងចែក​អំណាច, ការ​ចូលរួម​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច, ភាព​ច្បាស់លាស់​នៃ​ច្បាប់, ការ​ចៀសវាង​អំពើ​តាម​ទំនើងចិត្ត, ព្រម​ទាំង​តម្លាភាព​នៃ​នីតិវិធី​ និង​គតិយុត្តិ»។

អង្គការ​សហប្រជាជាតិ​គូស​បញ្ជាក់​ថា សិទ្ធិ​មនុស្ស នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ ពាក់ព័ន្ធ​គ្នា និង​ជួយ​ពង្រឹង​គ្នា​ទៅ​វិញ​ទៅ​មក។ នីតិរដ្ឋ​ដែល​ការពារ​ដោយ​តុលាការ​ឯករាជ្យ ដើរ​តួនាទី​សំខាន់​ណាស់ តាម​រយៈ​ការ​ធានាថា សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ និង​សេរីភាព​របស់​ប្រជាជន មាន​សុវត្ថិភាព និង​ធានា​ថា​សមភាព និង​កិត្តិយស​ពលរដ្ឋ​ទាំង​អស់ មិន​ប្រឈម​នឹង​គ្រោះថ្នាក់។ នីតិរដ្ឋ បើ​គិត​ក្នុង​ន័យ​ថា​ជា​វិធាន​ដែល​សង្គម​ទាំង​មូល រាប់​ទាំង​រដ្ឋាភិបាល​ផង​ត្រូវ​អនុវត្ត​តាម​ ហើយ​មិនមែន​គិត​ក្នុង​ន័យ​ត្រឹម​តែ​ជា​ឧប​ករណ៍​របស់​រដ្ឋាភិបាល​នោះ​ នីតិរដ្ឋ​នេះ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​កាន់​តែ​រីក​ចម្រើន។ ដូច្នេះ ទាំង​រដ្ឋាភិបាល ទាំង​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល ទាំង​អង្គការ និង​សមាគម​មិន​មែន​រដ្ឋាភិបាល គួរ​តែ​សហការ​គ្នា​លើក​កម្ពស់​នីតិរដ្ឋ​ទាំង​អស់​គ្នា ដើម្បី​ជម្រុញ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស​ដែល​ចារឹក​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ចាក់​ឫស​ជ្រៅ​ទៅ​ក្នុង​សង្គម​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ