បើរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣នៃប្រទេសកម្ពុជា ចារឹកយកលទ្ធិប្រជាធិបេតយ្យសេរីពហុបក្សជ្រុលទៅហើយ ម្តេចឡើយរដ្ឋាភិបាល អង្គការនិងសមាគមមិនមែនរដ្ឋាភិបាល និងគណបក្សប្រឆាំងនៅកម្ពុជា មិនរួមគ្នាលើកតម្កើងនីតិរដ្ឋ? នីតិរដ្ឋត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹងលទ្ធិប្រជាធិបតេយ្យ។ លទ្ធិនេះចាក់ឫសជ្រៅទៅក្នុងសង្គមកម្ពុជា ល្គឹកណាតែគ្រប់គ្នារិះរេកែទម្លាប់ទ្រាប់ច្បាប់អង្គុយ។
សញ្ញាជាច្រើនបង្ហាញថា នៅកម្ពុជាមិនមាននីតិរដ្ឋទេ ព្រោះច្បាប់មិនទាន់ត្រូវបានបង្កើត និងអនុវត្តឱ្យបានត្រឹមត្រូវ និងស័ក្តិសិទ្ធិនៅឡើយ។ កុំថាតែពលរដ្ឋសាមញ្ញដែលមិនសូវយល់ដឹងអំពីច្បាប់ សូម្បីតែអ្នកតំណាងរាស្ត្រដែលជាអ្នកអនុម័តច្បាប់ មន្ត្រីរដ្ឋាភិបាលដែលជាអ្នកពង្រឹងច្បាប់ និងមន្ត្រីអង្គការនិងសមាគមមិនមែនរដ្ឋាភិបាលដែលជាអ្នកត្រូវគោរពច្បាប់ ក៏សុទ្ធតែអាចក្លាយជាភ្នាក់ងារនាំអាទិ៍ឱ្យមានការរំលោភច្បាប់ដែរ។ ការណ៍នេះបញ្ជាក់ថា ទម្លាប់គោរព និងអនុវត្តច្បាប់ ពិបាកចាក់ឫសក្នុងសង្គមកម្ពុជា ហើយលទ្ធិប្រជាធិបតេយ្យសេរីនៃប្រទេសនេះ ទំនងមិនអាចរឹងមាំឡើយ បើគ្មាននីតិរដ្ឋ ឬធម្មាធិបតេយ្យ ដែលអាចនិយាយឱ្យខ្លីថា ការយកច្បាប់ជាធំ ឬការគោរព និងអនុវត្តតាមច្បាប់។
ជាយូរមកហើយ ការបង្កើតច្បាប់ដើម្បីតែការពារអំណាច និងការអនុវត្តច្បាប់ច្របូកច្របល់ ជាចំណុចខ្សោយមួយរបស់អ្នកកាន់ចង្កូតនាវាកម្ពុជា។ នៅក្រោយសង្គ្រាមដ៏រ៉ាំរ៉ៃ អយុត្តិធម៌ អំពើពុករលួយ ភាពគ្មានទោស ការនិយមបក្សពួក ការរំលោភច្បាប់ និងការបំពារបំពានសិទ្ធិមនុស្ស សុទ្ធជាពាក្យពណ៌នានៅជាប់នឹងប្រព័ន្ធតុលាការ ការតាក់តែងច្បាប់ និងការអនុវត្តច្បាប់ដោយភ្នាក់ងារមានសមត្ថកិច្ចមួយចំនួននៃរដ្ឋាភិបាលខ្មែរ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ថ្វីបើរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ប្រកាន់យកលទិ្ធប្រជាធិបតេយ្យសេរីពហុបក្សក៏ដោយ ក៏ការបណ្តេញប្រជាពលរដ្ឋចេញពីផ្ទះសម្បែងដោយបង្ខំ ការជំនុំជម្រះរឿងក្តីតាមទំនើងចិត្ត ការរកឃាតករឱ្យមកទទួលទោសមិនឃើញ ការផ្តល់តួនាទីសំខាន់ៗក្នុងស្ថាប័នរដ្ឋឱ្យតែញាតិមិត្ត ការបំភ័យបំភិត និងការបង្ក្រាបអ្នកប្រឆាំង ការប្រើអំណាចខុសនីតិវិធី ព្រមទាំងការធ្វើច្បាប់ដោយមិនស្តាប់មតិអ្នកពាក់ព័ន្ធជាដើម នៅតែជាបញ្ហាចោទក្នុងសង្គមកម្ពុជា។ ការណ៍នេះឆ្លុះឱ្យឃើញកង្វះខាតក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យដោយរដ្ឋាភិបាលដែលធ្លាប់តែអង្គុយលើច្បាប់។
ងាកមកមើលគណបក្សប្រឆាំង និងអង្គការ សមាគមមិនមែនរដ្ឋាភិបាលនៅកម្ពុជាវិញ។ ដោយលើកតែពីយុត្តិធម៌ អព្យាក្រឹតភាព ភាពស្អាតស្អំ តម្លាភាព ការអនុវត្តតាមច្បាប់ សិទ្ធិ និងសេរីភាព មន្ត្រី និងបុគ្គលិកដែលរិះគន់រដ្ឋាភិបាលឥតសំចៃមាត់ ក៏មិនសុទ្ធតែជាអ្នកទូលច្បាប់ ហើយគោរពនិងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ទាំងអស់ដែរ។ ជាទូទៅ សម្ដី និងសកម្មភាពរបស់គណបក្សទាំងឡាយនៅក្រៅរដ្ឋាភិបាល ច្បាស់ណាស់ គឺសំដៅដណ្តើមប្រជាប្រិយភាពពីគណបក្សកំពុងកាន់អំណាច ដើម្បីឈានទៅដឹកនាំរដ្ឋាភិបាលជំនួស។ នៅលើសង្វៀននយោបាយ យោងទៅតាមកាលៈទេសៈ មធ្យោបាយគ្រប់យ៉ាងសុទ្ធតែមានប្រយោជន៍សម្រាប់គណបក្សប្រឆាំង៖ និយាយកុហក ធ្វើប្រជាភិថុតិ ញុះញង់ ដើរបរិហារ ជេរប្រមាថ ប្រើសិទ្ធិហួសព្រំដែន និងជួនកាលធ្វើសកម្មភាពល្មើសច្បាប់ក៏សឹងមាន។ គណបក្សនយោបាយដែលព្យាយាមបង្កើនសំឡេងគាំទ្រពីប្រជាពលរដ្ឋដើម្បីដណ្តើមអំណាច ក៏មានជំនាញណាស់ដែរ ខាងបង្ហាញជំហរគាំទ្រនីតិរដ្ឋ ធ្វើឱ្យលទ្ធិប្រជាធិបតេយ្យរីកចម្រើន និងការពារសិទ្ធិមនុស្ស ស្រដៀងគ្នានឹងអង្គការ និងសមាគមមិនមែនរដ្ឋាភិបាលមួយចំនួននៅកម្ពុជាដែរ។
ដោយជាញឹកញាប់តាំងខ្លួនជាអ្នកតំណាងឱ្យសង្គមស៊ីវិលទូទាំងប្រទេសកម្ពុជា អង្គការ និងសមាគមមិនមែនរដ្ឋាភិបាលទាំងនោះ ធ្វើប្រតិបត្តិការបានដោយសារថវិកាជំនួយបរទេស ហើយតែងធ្វើយុទ្ធនាការតស៊ូមតិ និងធ្វើអំពើប្រឆាំងនឹងឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា ខ្លាំងជាងគណបក្សប្រឆាំងទៀតផង។ ក្រោមមូលហេតុថាការពារសិទ្ធិមនុស្ស លើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋក្នុងព្រះរាជាណាចក្រមួយដែលជាមិត្តល្អនៃប្រទេសកុម្មុយនីស្ត និងស្ថិតក្រោមការដឹកនាំរបស់អតីតជនបដិវត្តន៍ «សង្គមស៊ីវិល»ទាំងនោះចេញមុខការពារពលរដ្ឋដែលបញ្ចេញមតិដោយបិទផ្លូវសាធារណៈ ដែលតវ៉ាដោយបំផ្លាញទ្រព្យសម្បត្តិរដ្ឋនិងឯកជន និងដែលធ្វើការទាមទារដោយបង្កកុបកម្ម។ អង្គការ និងសមាគមមិនមែនរដ្ឋាភិបាលខ្លះទៀត បដិសេធសេចក្តីព្រាងច្បាប់ស្នើឡើងដោយស្ថាប័នរដ្ឋដែលមាននីត្យានុកូលភាពតែម្តង ខណៈដែលពួកគេអះអាងពីការលើកស្ទួយសិទ្ធិមនុស្ស នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ។
តាមពិត នីតិរដ្ឋត្រូវបានអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ កូហ្វី អាណាន់ (Kofi Annan) ឱ្យនិយមន័យបែបទូលាយថា៖ «គោលការណ៍នៃអភិបាលកិច្ចដែលក្នុងនោះ មនុស្សគ្រប់រូប គ្រប់ស្ថាប័ន អង្គភាពសាធារណៈ និងឯកជន រួមទាំងរដ្ឋខ្លួនឯងផង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែលអនុម័តជាសាធារណៈ ពង្រឹងដោយស្មើភាព និងវិនិច្ឆ័យតាមដោយឯករាជ្យ ហើយដែលស្របទៅតាមកម្រិត និងនិយាមអន្តរជាតិនៃសិទ្ធិមនុស្ស។ វាទាមទារនូវវិធានការនានា ដើម្បីធានាឱ្យមាន៖ ការប្រកាន់ខ្ជាប់គោលកាណ៍ទាំងឡាយនៃធម្មាធិបតេយ្យ (ការយកច្បាប់ជាធំ), សមភាពចំពោះមុខច្បាប់, ទំនួលខុសត្រូវចំពោះមុខច្បាប់, ភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់, ការបែងចែកអំណាច, ការចូលរួមក្នុងការធ្វើសេចក្តីសម្រេច, ភាពច្បាស់លាស់នៃច្បាប់, ការចៀសវាងអំពើតាមទំនើងចិត្ត, ព្រមទាំងតម្លាភាពនៃនីតិវិធី និងគតិយុត្តិ»។
អង្គការសហប្រជាជាតិគូសបញ្ជាក់ថា សិទ្ធិមនុស្ស នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ពាក់ព័ន្ធគ្នា និងជួយពង្រឹងគ្នាទៅវិញទៅមក។ នីតិរដ្ឋដែលការពារដោយតុលាការឯករាជ្យ ដើរតួនាទីសំខាន់ណាស់ តាមរយៈការធានាថា សិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ និងសេរីភាពរបស់ប្រជាជន មានសុវត្ថិភាព និងធានាថាសមភាព និងកិត្តិយសពលរដ្ឋទាំងអស់ មិនប្រឈមនឹងគ្រោះថ្នាក់។ នីតិរដ្ឋ បើគិតក្នុងន័យថាជាវិធានដែលសង្គមទាំងមូល រាប់ទាំងរដ្ឋាភិបាលផងត្រូវអនុវត្តតាម ហើយមិនមែនគិតក្នុងន័យត្រឹមតែជាឧបករណ៍របស់រដ្ឋាភិបាលនោះ នីតិរដ្ឋនេះជាមូលដ្ឋានគ្រឹះនៃការធ្វើឱ្យលទ្ធិប្រជាធិបតេយ្យកាន់តែរីកចម្រើន។ ដូច្នេះ ទាំងរដ្ឋាភិបាល ទាំងគណបក្សនៅក្រៅរដ្ឋាភិបាល ទាំងអង្គការ និងសមាគមមិនមែនរដ្ឋាភិបាល គួរតែសហការគ្នាលើកកម្ពស់នីតិរដ្ឋទាំងអស់គ្នា ដើម្បីជម្រុញឱ្យលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលចារឹកនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ចាក់ឫសជ្រៅទៅក្នុងសង្គមកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ