ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

​គណៈ​រដ្ឋ​មន្រ្តី​អនុម័ត​ទាំង​ស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​វិសោធន​កម្ម ​ច្បាប់​សហ​ជីព​

media  
ការប្រជុំគណៈរដ្ឋមន្ត្រីនាពេលកន្លងមក (រូបភាពឯកសារ) @រដ្ឋសភា

នៅក្នុង​កិច្ច​គណៈ​រដ្ឋមន្រ្តី នៅ​ថ្ងៃ​សុក្រ​នេះ រដ្ឋា​ភិបាល​បាន​សម្រេច​អនុម័ត​ទាំង​ស្រុង​ដោយ​គ្មាន​ការ​កែ​ប្រែ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​វិសោធន​កម្ម​ច្បាប់​សហ​ជីព​។ នេះ​បើ​តាម លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​។ ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​នេះ ត្រូវ​បាន​រដ្ឋា​ភិបាល​ការពារ​ថា ដើម្បី​លើក​កម្ពស់​សេរី​ភាព​អង្គ​ការ​វិជ្ជា​ជីវៈ​របស់​អ្នក​បម្រើ​ក្នុង​ផ្ទះ និង​សម្រួល​នីតិ​វិធី​នៃ​ការ​ចុះ​បញ្ជី​សហ​ជីព ព្រម​ទាំង​លើក​កម្ពស់​សិទ្ធិ និង​តួនាទី​របស់​សហ​ជីព​។ 

ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​សហជីព​នៅ​ពេល​នេះ គឺ​កែ​ប្រែ​ទៅ​លើ​មាត្រា​មួយ​ចំនួន រួម​មាន៖ មាត្រា៣ មាត្រា១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៥ មាត្រា​៥៩ នៃ​ច្បាប់​ស្តី​ពី​សហ​ជីព​។ ការ​ធ្វើ​វិសោធន​កម្ម​មាត្រា​ទាំង​នេះ គឺ​សំដៅ​ធានា​អនុ​លោម​ភាព​កាន់​តែ​ប្រសើរ​ឡើង​តាម​បទ​ដា្ឋន​អន្តរ​ជាតិ​ខាង​ការងារ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចា​ប័ន​។ នេះ​បើ​តាម​រដ្ឋា​ភិបាល​កម្ពុជា។

បើ​តាម​លោក ផៃ ស៊ីផាន ការ​កែ​សម្រួល​ច្បាប់​ស្តី​ពី​សហ​ជីព​នេះ​ក៏​ដើម្បី​លើក​កម្ពស់​សេរី​ភាព​អង្គ​ការ​វិជ្ជា​ជីវៈ​របស់​អ្នក​បម្រើ​ក្នុង​ផ្ទះ​ដោយ​ធ្វើ​ការ​រំលេច​ពាក្យ​នេះ​ឲ្យ​នៅ​ក្នុង​មាត្រា​៣(ថ្មី)​។
លើស​ពី​នេះ​ទៀត​ក៏​សម្រួល​នីតិ​វិធី​នៃ​ការ​ចុះ​បញ្ជី​សហ​ជីព ក្នុង​មាត្រា​២០(ថ្មី) និងមាត្រា២១(ថ្មី) ដោយ​មិន​កំណត់​កម្រិត​វប្ប​ធម៌ និង​មិន​តម្រូវ​ឲ្យ​ធ្វើ​សេចក្តី​ប្រកាស​ថា មិន​ធ្លាប់​ទទួល​ផ្តន្ទា​ទោស​ចំពោះ​កម្មករ​និយោ​ជិត​ជា​ជន​បរ​ទេស និង​និយោ​ជក ដែល​ចង់​ក្លាយ​ជា​អ្នក​ដឹក​នាំ និង​អ្នក​ទទួល​ខុស​ត្រូវ​កិច្ច​ការ​រដ្ឋ​បាល​នៃ​អង្គ​ការ​វិជ្ជា​ជីវៈ​។
​ក្រោយ​ការ​ធ្វើ​វិសោធន​កម្ម​រួច ការ​រក្សា​បញ្ជី​កា គឺ​មិន​តម្រូវ​ឲ្យ​សហ​ជីព​ចម្លង​របាយ​ការណ៍​សកម្ម​ភាព​និង​ហិរញ្ញ​វត្ថុ​ជន​ក្រសួង​ការងារ​ទេ ប៉ុន្តែ​មាន​កាតព្វ​កិច្ច​ធ្វើ​សវន​កម្ម​របាយ​ការណ៍​ទាំង​នេះ ក្នុង​ករណី​មាន​ការ​ស្នើ​សុំ​ពី​សមា​ជិក​មួយ​ចំនួន ឬ​ម្ចាស់​ជំនួយ​ណា​មួយ​។

បើ​តាម​រដ្ឋា​ភិបាល​ការ​រៀប​ចំ​សេចក្តី​ព្រាង​ច្បាប់​សេចក្តី​ព្រាង​នេះ បាន​ឆ្លង​កិច្ច​ប្រជុំ​បច្ចេក​ទេស​ចំនួន ៦លើក សិក្ខា​សាលា​ពិគ្រោះ​យោបល់​ត្រី​ភាគី​ថ្នាក់​ជាតិ​ចំនួន ២​លើក ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​អង្គ​ការ ILO កិច្ច​ប្រជុំ​កម្រិត​ថ្នាក់​ដឹក​នាំ​ចំនួន​២​លើក, និង​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​នៅ​ទីស្តី​ការ​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ នា​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ដែល​មាន​ការ​ចូល​រួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ចំនួន​២៧​។

យ៉ាង​ណា​ក៏​ដោយ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ធ្លាប់​បាន​លើក​ឡើង​ថា សេច​ក្ដី​ព្រាង​វិសោធន​កម្ម​ច្បាប់​សហ​ជីព មិន​បម្រើ​ឱ្យ​ផល​ប្រយោជន៍​កម្មករ​ទេ និង​ថែម​ទាំង​មាន​ចរិត​រឹត​បន្តឹង​សេរី​ភាព​សហ​ជីព​ថែម​ទៀត​។ លោក​បន្ត​ថា ការ​ធ្វើ​វិសោធន​កម្ម​នេះ បាន​កែប្រែ​តិច​តួច​ប៉ុណ្ណោះ ហើយ​ច្បាប់​ថ្មី​នេះ​បាន​បង្ក​ឱ្យ​កម្មករ​ពិបាក​បង្កើត​សហជីព កម្មករ​ពិបាក​រក​អ្នក​តំណាង​ពេល​តវ៉ា​ផ្សេងៗ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ