ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/10 12h00 GMT
កម្ពុជា

ក្រុម​មេធាវី​នឹង​ទៅ​ជួប​លោក កឹម សុខា សប្ដាហ៍​ក្រោយ​ដើម្បី​ប្រាប់​ពី​បណ្ដឹង​រំលាយ​គណបក្ស

media លោកកឹម សុខា @Kem Sokha

លោក ហែម សុជាតិ មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ការ​ពារក្ដី​លោក កឹម សុខា ទាំង​ប្រាំរូប បាន​បង្ហើប​ពី​គម្រោង​ទៅ​ជួប លោក កឹម សុខាប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ។ នៅ​ក្នុង​ជំនួប​នោះ លោក​មេធាវី​គ្រោង​ជម្រាប​ជូន​លោក កឹម សុខា ជុំវិញ​បណ្ដឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដែល​ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ទើប​តែ​ដាក់​ទៅ​កាន់​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។

លោកមេធាវី ហែម សុជាតិ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ជៀស​មិន​ផុត​ទេ​ដែល​ក្រុម​មេធាវី​ត្រូវ​ប្រាប់​ព័ត៌មាន​ជុំ​វិញ​បណ្ដឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ទៅ​កាន់​លោក កឹម សុខា នោះ ព្រោះ​សំណុំ​រឿង​ទាំងពីរ​គឺ​បាន​ផ្សារ​ភ្ជាប់​គ្នា​រវាង​លោក កឹម សុខា និង​គណបក្ស។ បើ​តាម​ការ​សន្និដ្ឋាន​របស់​លោក ហែម សុជាតិ ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ក៏​ទំនង​ជា​កាន់​សំណុំ​រឿង​បណ្ដឹង​រំលាយ​គណបក្ស​នេះ​ដែរ។ ប៉ុន្តែ​ត្រូវ​រង​ចាំ​ការ​ផ្ដល់​សិទ្ធ​ពី​ខាង​គណបក្ស​សិន។ នេះ​បើ​តាម​លោក​មេធាវី ហែម សុជាតិ​។

សូម​ជម្រាប​ជូន​ដែរ​ថា ក្រៅ​ពី​លោក​មេធាវី ​ហែម សុជាតិ, លោក ជួង ជូងី មេធាវីការ​ពារ​ក្ដីម្នាក់​របស់​លោក កឹម សុខា បាន​ធ្វើ​ដំណើរ​ទៅ​ជួប​លោក កឹម សុខា នៅថ្ងៃសៅរ៍​នេះ​ដែរ​ តែ​ត្រូវ​បាន​មន្ត្រី​ពន្ធធនាគារ​បដិសេធ​មិន​ឲ្យ​ចូល​ទៅ​ជួប​លោក កឹម សុខា ទេ។ មន្ដ្រី​ពន្ធនាគារ​ពន្យល់​ប្រាប់​លោក​មេធាវី​ថា មិន​ឲ្យ​ចូល​ទៅ​ជួប ព្រោះ​ពន្ធនាគាឈប់សម្រាក​នៅ​​រៀង​រាល់​ថ្ងៃសៅរ៍ និង​អាទិត្យ។

ដោយឡែក ទាក់ទង​បច្ចុប្បន្ន​ភាព​ការងារ​របស់​មេធាវី​ការ​ពារ​ក្ដី​លោក កឹម សុខា ពួកគេ​កំពុង​ស្វែង​រក​វីដេអូឃ្លីបពេញ​របស់​លោក​កឹម សុខា ថ្លែង​នៅ​ប្រទេស​អូស្ត្រាលី ដែលមាន​រយៈ​ពេល​ជិត​២ម៉ោង ដើម្បី​យក​មក​ចង​ក្រង​ចេញ​ជា​ឯកសារ ហើយ​រក្សា​ទុក​ជាភស្តុតាង​ក្នុង​ការ​តតាំង​ក្ដី។ នេះ​បើ​តាម​លោក ហែម សុជាតិ ។ រហូត​ទល់​នឹង​ពេល​នេះលោក ហែម សុជាតិ នៅ​តែ​អះអាង​ថា វីដេអូ​ឃ្លីប​ដែល​កំពុង​បន្ត​ចែក​ផ្សាយ​រាល់​ថ្ងៃ​នេះ មិន​អាច​យក​ជាមូលដ្ឋាន​គ្រឹះ​ចោទ លោក កឹម សុខា ពី​បទ​ក្បត់ជាតិ​បានទេ។

ជា​ការ​កត់​សម្គាល់ វីដេអូ​ឃ្លីប​របស់​លោក កឹម សុខា ថ្លែង​នៅ​ប្រទេស​អូស្ត្រាលី​នោះ មិន​មែន​គ្រាន់​តែ​ជា​ភស្តុតាង​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក កឹម សុខា ប៉ុណ្ណោះ​ទេ​។ វីដេអូ​ឃ្លីប​នោះ ក៏​ជាភស្តុតាង​នៅ​ក្នុង​សំណុំ​រឿង​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្រុម​មេធាវី​នៃ​ក្រសួង​មហាផ្ទៃ យក​ទៅ​ដាក់​នៅ​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​៦​តុលា​ផង​ដែរ​។ លោក គី តិច មេធាវីរបស់ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ថា ក្រសួង​មហាផ្ទៃ​បាន​រក​ឃើញ​វីដេអូឃ្លីបចំនួន​បី ដែលបង្ហាញថា គណបក្សសង្គ្រោះជាតិបាន​សហការនិងត្រូវ​បាន​គាំពារដោយបរទេស។​

ឃ្លីប​វីដេអូ​ទាំង​នេះ បូក​រួម​នឹង​ភស្តុតាង​ផ្សេង​ទៀត​សរុប​២១​កញ្ចប់ គឺ​ជា​មូលដ្ឋាន​ដ៏​រឹង​មាំ​ដែលតុលាការកំពូលអាចរំលាយគណបក្សសង្គ្រោះជាតិបានដោយស្របច្បាប់។ នេះ​បើ​តាមលោក​មេធាវី គី តិច៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ