អានតួអត្ថបទ
កម្ពុជា

ក្រសួង​វប្បធម៌ គ្រោង​រៀបចំ​​ក្រម​ប្រតិបត្តិ សម្រាប់​អ្នក​និពន្ធ​ទំនុក​ច្រៀង

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ គ្រោង​រៀបចំ​ឲ្យ​មាន​​​ក្រម​ប្រតិបត្តិ​សម្រាប់​អ្នក​និពន្ធ​ទំនុក​ច្រៀង​នៅ​កម្ពុជា​។ គម្រោង​នេះ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​មួយ​រវាង​តំណាង​ក្រសួង​វប្បធម៌ និងអ្នក​និពន្ធ ព្រម​ទាំង​​តំណាង​ក្រុមហ៊ុន​ផលិត​ចម្រៀង នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ សម្រាប់​ក្រសួង​វប្បធម៌ ការ​បង្កើត​ក្រម​ប្រតិបត្តិ​សម្រាប់​អ្នក​និពន្ធ​ទំនុក​ច្រៀង​ មាន​គោល​ដៅ​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង ក៏​ដូច​ជា​រំលឹក​ដាស់​​តឿន​ដល់​អ្នក​និពន្ធ​អំពី​សីលធម៌​ក្នុង​ការ​តែង​និពន្ធ​។

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​គ្រោង​រៀបចំ​ឲ្យ​មាន​ក្រម​ប្រតិបត្តិ​សម្រាប់​អ្នក​និពន្ធ​ទំនុក​ច្រៀង​នៅ​កម្ពុជា។
ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​គ្រោង​រៀបចំ​ឲ្យ​មាន​ក្រម​ប្រតិបត្តិ​សម្រាប់​អ្នក​និពន្ធ​ទំនុក​ច្រៀង​នៅ​កម្ពុជា។ @HEAM Chetra
ផ្សាយពាណិជ្ជកម្ម

អ្នក​និពន្ធ និង​តំណាង​ក្រុមហ៊ុន​ផលិត​ចម្រៀង​នៅ​កម្ពុជា​ប្រមាណ​៥០​នាក់ ត្រូវ​បាន​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​កោះ​ហៅ​ទៅ​​ដុះ​ក្អែល​នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់​ពី​មាន​ការ​ចេញផ្សាយ​បទ​ចម្រៀង​គ្មាន​សីលធម៌ប៉ុន្មាន​បទ​កាល​ពី​ដើម​ខែ​កក្កដា​។ នៅ​ក្នុង​ជំនួប​នេះ ទាំង​អ្នក​និពន្ធ តំណាង​ក្រុមហ៊ុន​ផលិត​ចម្រៀង ព្រម​ទាំង​ក្រសួង​វប្បធម៌ បាន​ផ្លាស់​ប្ដូរ​យោបល់​និង​ចំណេះ​ដឹង​អំពី​ការ​តែង​និពន្ធ​បទ​ចម្រៀង ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ឃ្លោង​ឃ្លា​នៅ​ក្នុង​ទំនុក​ច្រៀង ធ្វើ​យ៉ាង​ណា​ឲ្យ​សម​ស្រប​ទៅ​នឹង​វប្បធម៌​ប្រពៃណី​ខ្មែរ។

ក្រៅ​ពី​នេះ អង្គ​ប្រជុំ​ក៏​បាន​​​លើក​ឡើង​ផង​ដែរ​អំពី​ការ​ពិនិត្យ​លើ​ស្នាដៃ​ចម្រៀង​ជា​មុន​សិន មុន​នឹង​អនុញ្ញាត​ឲ្យ​ចេញ​ផ្សាយ​។ ប៉ុន្តែ​តំណាង​ក្រសួង​បាន​លើក​ឡើង​ថា ការ​ពិនិត្យ​ស្នាដៃ​ជាមុន​ដូច្នេះ គឺ​ជា​ការ​រំលោភ​លើ​សេរីភាព​នៃ​គំនិត​ច្នៃ​ប្រឌិត​ ក៏​ដូច​ជា​ជំនាញ​វិជ្ជាជីវៈ របស់​អ្នក​និពន្ធ​និង​សិល្បករ​។ ក្រសួង​សម្រេច​អនុវត្ត​តាម​គោលការណ៍​ដែល​មាន​ស្រាប់ គឺ​គ្មាន​ការ​ឆ្លង​ស្នាដៃ​ជាមុន​ឡើយ សម្រាប់​បទ​ចម្រៀង​មាន​តែ​សំឡេង​។ ប៉ុន្តែ​ក្រសួង​រក្សា​សិទ្ធិ​ណែនាំ​ដល់​សិល្បករ និង​ហាម​ប្រាម​ដល់​ស្នាដៃ​ណា​ដែល​ចេញ​ផ្សាយ​ទៅ​ហើយ មាន​ការ​ប៉ះពាល់​ដល់​ភាព​ថ្លៃ​ថ្នូរ​និង​សីលធម៌​សង្គម​។

លើស​ពី​នេះ ដើម្បី​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​គ្រោង​រៀបចំ​ឲ្យ​មាន​ក្រម​សីលធម៌ និង​ក្រម​ប្រតិបត្តិ​សម្រាប់​អ្នក​និពន្ធ​ទំនុក​ច្រៀង​នៅ​កម្ពុជា​។ សម្រាប់​ក្រសួង​វប្បធម៌ ​ក្រម​ប្រតិបត្តិ​សម្រាប់​អ្នក​និពន្ធ​ទំនុក​ច្រៀង​ មិន​ត្រឹម​តែ​អាច​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​ប៉ុណ្ណោះ​ទេ វា​ក៏​រួម​ចំណែក​​រំលឹក​ដាស់​​តឿន​ដល់​អ្នក​និពន្ធ​អំពី​សីលធម៌​ក្នុង​ការ​តែង​និពន្ធ​ផង​ដែរ​​។

គួរ​ជម្រាប​ជូន​ថា សព្វ​ថ្ងៃ​នេះ ការ​ដេញ​តាម​ទីផ្សារ​របស់​ផលិតកម្ម​ផលិត​ចម្រៀង កំពុង​តែ​ធ្វើ​ឲ្យ​គុណភាព​នៃ​បទ​ចម្រៀង​ធ្លាក់​ចុះ​។ អ្នក​និពន្ធ​ទំនុក​ច្រៀង​​​មួយ​ចំនួន​ដែល​​មានគ្រឹះ​នៃ​ការ​តែង​និពន្ធ​មិន​សូវ​រឹង​មាំ មិន​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​អំពី​ខ្លឹមសារ​នៃ​បទ​ចម្រៀង​របស់​ខ្លួន​ទេ​។ ទំនុក​ច្រៀង​ខ្លះ​គ្មាន​សីលធម៌ ខ្លះ​មាន​ខ្លឹមសារ​អាស​អាភាស និង​ខ្លះ​ទៀត​គ្មាន​ខ្លឹមសារ​ទាល់​តែ​សោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ