ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/11 12h00 GMT
កម្ពុជា

ក្រុម​មេធាវី​ទាម​ទារ​ឲ្យ​ចៅក្រម​នាំ​ខ្លួន​លោក​កឹម សុខា មក​សួរ​ចម្លើយ​នៅ​តុលាការ​ក្រុង​ភ្នំពេញ

media  
លោក កឹម សុខា ប្រធាន​​​គណបក្ស​​សង្គ្រោះ​​ជាតិ REUTERS/Samrang Pring

ចុង​សប្ដាហ៍​នេះ ក្រុម​មេធាវី​លោក​កឹម សុខា ទាំង​៨​រូប​នឹង​ជួប​ប្រជុំ​គ្នា​ដើម្បី​សរសេរ​លិខិត​ស្នើ​សុំ​ឲ្យ​ចៅ​ក្រម​ស៊ើប​សួរ​នាំ​ខ្លួន​លោក​កឹម សុខា មក​សួរ​ចម្លើយ​នៅ​តុលាការ​ក្រុង​ភ្នំពេញ។ គម្រោង​ស្នើ​សុំ​នេះ​គឺ​បន្ទាប់​ពី​ចៅក្រម​ស៊ើប​សួរ​តុលាការ​ក្រុង​ភ្នំពេញ​គ្រោង​ចុះ​ទៅ​សួរ​ចម្លើយ​លោក​កឹម សុខា ដោយ​ផ្ទាល់​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា​ខាង​មុខ​នេះ។ សម្រាប់​ក្រុម​មេធាវី ការ​ចុះ​សួរ​ចម្លើយ​ក្នុង​ពន្ធនាគារ​នេះ​គឺ​ខុស​នឹង​នីតិវិធី​ច្បាប់។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​អះអាង​ថា គេ​អាច​ធ្វើ​ទៅ​បាន។

មាន​មូល​ហេតុ​សំខាន់​ពីរ​ដែល​ក្រុម​មេធាវី​គណបក្ស​ប្រឆាំង​ចង់​ឲ្យ​នាំ​ខ្លួន​លោក​កឹម សុខា មក​សួរ​ចម្លើយ​នៅ​ក្នុង​តុលាការ​ក្រុង​ភ្នំពេញ។ ទី​មួយ គឺ​វា​ជា​ការ​គោរព​សិទ្ធិ​ជន​សង្ស័យ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ហើយ​ស្រប​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ដែល​ជា​ការ​ផ្តល់​យុត្តិធម៌​ដល់​លោក​កឹម សុខា។ ទី​ពីរ ប្រសិន​បើ​លោក​កឹម សុខា ត្រូវ​បាន​សួរ​ចម្លើយ​នៅ​ក្នុង​តុលាការ​ក្រុង​ភ្នំពេញ នោះ​លោក​នឹង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព និង​សន្តិសុខ​ជាង​នៅ​ក្នុង​ពន្ធនាគារ។ នេះ​បើ​តាម​ការ​អះ​អាង​របស់​លោក​សំ សុគង់ សហមេធាវី​ម្នាក់​របស់​លោក​កឹម សុខា។ លោក​សំ សុគង់ ដែល​បាន​ទៅ​ជួប​លោក​កឹម សុខា នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ប្រាប់​ពី​ការ​គ្រោង​ចុះ​ទៅ​សួរ​ចម្លើយ​លោក​ដោយ​ផ្ទាល់​ពី​សំណាក់​ចៅក្រម​ស៊ើប​សួរ​លោក​គី ឬទ្ធី។

លោក គី ឬទ្ធី ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ចុះ​ទៅ​សួរ​ចម្លើយ​លោក​កឹម សុខា​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​តែ​ម្តង​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា។ ជា​ដំណើរ​ទៅ​សួរ​ចម្លើយ​ដែល​លោក​មេធាវី​សំ សុគង់​ថា មិន​ដែល​បាន​ជួប​ទេ​ក្នុង​អាជីព​ជា​មេធាវី​របស់​លោក​ជិត​១៥​ឆ្នាំ​មក​នេះ។ បើ​តាម​លោក​សំ សុគង់ ការ​សួរ​ចម្លើយ​ក្នុង​ពន្ធនាគារ​បែប​នេះ គឺ​គ្មាន​ការ​ចំណេញ​សោះ​ឡើយ​ដល់​កូន​ក្តី​របស់​លោក ដោយ​ហេតុ​ថា វា​ខុស​នឹង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ និង​ធ្វើ​ឲ្យ​លោក​កឹម សុខា​មិន​មាន​អារម្មណ៍​សុវត្ថិភាព​ក្នុង​ការ​ឆ្លើយ​ដោះ​បន្ទុក។ មួយ​វិញ​ទៀត សិទ្ធិ​មេធាវី​ការពារ​ក្តី​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ផង​ដែរ។ ដូច្នេះ​ហើយ​ទើប​ក្រុម​មេធាវី​ចង់​ឲ្យ​សួរ​ចម្លើយ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​វិញ។

ប៉ុន្តែ​លោក​លី សុផាណា អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា លោក​គី ឬទ្ធី​អាច​ចុះ​ទៅ​សួរ​ចម្លើយ​លោក​កឹម សុខា ដល់​ពន្ធនគារ​បាន។ បើ​តាម​លោក​លី សុផាណា ចៅក្រម​ស៊ើប​សួរ​អាច​ចុះ​ទៅ​ដល់​ទី​កន្លែង​និង​ប្រើ​ប្រាស់​នូវ​វិធានការ​ស្រាវជ្រាវ​នានា​ដែល​កំណត់​ដោយ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ក្នុង​ក្របខណ្ឌ​នៃ​ការ​ស៊ើប​សួរ​ទៅ​លើ​ជន​ត្រូវ​ចោទ​និង​បុគ្គល​ដែល​ពាក់​ព័ន្ធ។

ជា​ការ​កត់​សម្គាល់ មុន​នឹង​ចូល​ដល់​ដំណាក់​កាល​សាក​សួរ​របស់​ចៅក្រម​ស៊ើប​សួរ​នេះ ក្រុម​ព្រះរាជអាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ​ចំនួន​៣​នាក់​បាន​ចុះ​ទៅ​សួរ​ចម្លើយ​លោក​កឹម សុខា ដល់​ពន្ធនាគារ​ម្តង​រួច​ហើយៗ​បាន​សម្រេច​ចោទ​ប្រកាន់​លោក កឹម សុខា ជា​ផ្លូវ​ការ​ពី​បទ​ឃុប​ឃិត​ជាមួយ​បរទេស​ក្បត់​ជាតិ​ខ្លួន​ឯង។ សម្រាប់​លោក​មេធាវី​សំ សុគង់ នីតិវិធី​បែប​នេះ វា​ជា​រឿង​ចម្លែក​ដែល​លោក​ពុំ​ធ្លាប់​បាន​ឃើញ​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ លោក​អះអាង​ថា ក្រុម​មេធាវី​ទាំង​៨​រូប​នឹង​ចូល​រួម​ក្នុង​កិច្ច​សួរ​ចម្លើយ​លោក​កឹម សុខា ប្រសិន​បើ​ការ​ទាមទារ​របស់​ខ្លួន​មិន​ទទួល​បាន​លទ្ធផល​ទេ​នោះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ