អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​មួយ​ក្នុង​ចំណោម​៦​បដិសេធ​ផ្លូវ​ការ​មិន​យក​អាសនៈ​បក្ស​សង្រ្គោះ​ជាតិ

មក​ដល់​ពេល​នេះ មាន​គណបក្ស​មួយ​ក្នុង​ចំណោម ​គណបក្ស​នយោបាយ​ចំនួន​៦​ បាន​ចេញ​លិខិត​បដិសេធ​ជា​ផ្លូវ​ការ ដោយ​មិន​ទទួល​យក​អាសនៈ​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ត្រូវ​បាន​រំលាយ​នោះ​ឡើយ។ ការ​បដិសេធ​នេះ​ធ្វើ​ឡើង​ជា​ឆ្លើយ​តប​ទៅ​នឹង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) កាល​ពី​ថ្ងៃ​ទី​១៨ វិចិ្ឆកា ដែល​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ដល់​គណបក្ស​ក្រៅ​រដ្ឋសភា​ចំនួន​៦​ឲ្យ​ផ្តល់​ព័ត៌មាន​ចាំ​បាច់​មួយ​ចំនួន​ដល់​ខ្លួន ដើម្បី​បែង​ចែក​អាសនៈ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល។

ប្រមុខ​បក្ស​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ។
ប្រមុខ​បក្ស​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ។
ផ្សាយពាណិជ្ជកម្ម

អត្ថបទ​ដោយ៖ អ៊ឹង ប៊ុនថន

គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​ចេញ​លិខិត​បដិសេធ​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ទី​២០​វិច្ឆិកា​នេះ ដោយ​ថា​ខ្លួន​មិន​ទទួល​យក​អាសនៈ​ណា​មួយ​ដែល​ផ្តល់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​នោះ​ឡើយ។

ថ្វី​ត្បិត​តែ​ក្នុង​លិខិត​ផ្លូវ​ការ គណបក្ស​នេះ មិន​បញ្ជាក់​ពី​មូលហេតុ​របស់​ខ្លួន​ក៏​ដោយ ​ប៉ុន្តែ លោកខឹម វាសនា ដែល​ជា​ប្រមុខ​បក្ស​នេះ ធ្លាប់​បាន​គូស​បញ្ជាក់​កន្លង​មក​ថា ដោយ​សារ​តែ​លោក​មិន​ឲ្យ​តម្លៃ​ទៅ​លើ​អាសនៈ​ទាំង​នោះ។ លោក​ខឹម វាសនា​ លើក​ឡើង​ថា ពលរដ្ឋ​ជា​អ្នក​បោះ​ឆ្នោត​ទាំង​នោះ​គ្មាន​តំលៃ​បន្តិច​ណា​សោះ​ដែល​សក្តិសម​នឹង​លោក​ធ្វើ​តំណាង​ឲ្យ​ពួក​គាត់។

សូម​បញ្ជាក់​ថា គណបក្ស​នយោបាយ​ទាំង​៦​ដែល​មាន​សិទ្ធិ​ទទួល​បាន​កៅអី​សភា​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នោះ រួម​មាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។ គណបក្ស​នយោបាយ​ទាំង​នេះ សុទ្ធ​តែ​បាន​ចូល​រួម​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​នៅ​ក្នុង​ឆ្នាំ​២០១៣ តែ​មិន​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​សូម្បី​តែ​មួយ​កៅអី​ក៏​គ្មាន​ដែរ។

ក្នុង​ចំណោម​គណបក្ស​ទាំង​៦​នេះ មាន​គណបក្ស​យ៉ាង​ហោច​ណាស់​ចំនួន​៣ សុទ្ធ​តែ​ធ្លាប់​បាន​ប្រកាស​ទទួល​យក​អាសនៈ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​តាំង​តែ​ពី​មុន​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា​មួយ​នេះ​ត្រូវ​បាន​រំលាយ​មក​ម្លេះ។ គណបក្ស​ទាំង​បី​នោះ​រួម​មាន គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុម​ព្រះនរោត្តម រណឫទ្ធិ គណបក្ស​សញ្ជាតិ​កម្ពុជា និង គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច។

ប៉ុន្តែ​សម្រាប់​គណបក្ស​ខ្មែរ​ឈប់​ក្រ​វិញ តាម​រយៈ​អ្នក​នាំ​ពាក្យ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ល្ងាច​នេះ​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​នេះ​កំពុង​តែ​ប្រជុំ​គ្នា​នៅ​ឡើយ​ពោល​នៅ​មិន​ទាន់​ដឹង​ថា​ប្តូរ​ជំហរ​យ៉ាង​ណា​ទេ ខណៈ​កាល​ពី​មុន​មក លោក ក្រវ៉ាញ ដារ៉ន ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ ធ្លាប់​បាន​ប្រកាស​មិន​ទទួល​យក​អាសនៈ​គណបក្ស​សង្រ្គោះ​ជាតិ​ឡើយ ដោយ​ថា​ជា​រឿង​គ្មាន​ន័យ និង​អយុត្តិធម៌​សម្រាប់​បក្ស​ប្រឆាំង។

ដោយ​ឡែក​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វិញ លោកចាន់ យ៉េត ប្រធាន​ស្តី​ទី​គណបក្ស​នេះ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា គណបក្ស​ត្រូវ​ការ​ប្រជុំ​ពិភាក្សា​ជាមួយ​គណៈកម្មាធិការ​នាយក​សិន មុន​នឹង​សម្រេច​បែប​ណា​នោះ។ បើ​តាម​លោក​ចាន់ យ៉េត ការ​សម្រេច​យ៉ាង​ណា​របស់​គណបក្ស​នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​អំឡុង​សប្តាហ៍​ក្រោយ​នេះ។

សូម​បញ្ជាក់​ថា ការ​បែង​ចែក​អាសនៈ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ទើប​ត្រូវ​បាន​រំលាយ​ចោល​នេះ គឺ​អនុវត្ត​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ដែល​ត្រូវ​បាន​រដ្ឋសភា​ខ្មែរ​មាន​តែ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​វិសោធនកម្ម ដែល​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា​ជឿ​ជាក់​ថា​មាន​ខ្លឹមសារ​ទាក់​ទង​ទៅ​នឹង​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​នា​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ