អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ខឹម វាសនា ស្នើឲ្យ គ.ជ.ប កំណត់​យក​សញ្ញា​ធិក តែ​មួយ​គត់​សម្រាប់​គូស​លើ​សន្លឹក​ឆ្នោត

ក្នុង​លិខិត​ផ្ញើ ទៅ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត គ.ជ.ប កាលពី​ថ្ងៃទី១១ ខែកក្កដា លោក ខឹម វាសនា បាន​ស្នើ​ឲ្យ​ស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត​មួយ​នេះ ធ្វើ​វិសោធកម្ម កំណត់​យក​សញ្ញា​ធិក(√) តែ​មួយ​ប៉ុណ្ណោះ សម្រាប់​គូស​ក្នុង​ប្រអប់​បួន​ជ្រុង​ទ្រវែង​តូច​នៃ​គណបក្ស​នយោបាយ​ណា​មួយ ដែល​អ្នក​បោះ​ឆ្នោត​ពេញ​ចិត្ត។

@LDP Photo
ផ្សាយពាណិជ្ជកម្ម

លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ (LDP) តាម​រយៈ​លិខិត​ផ្ញើ​ទៅ​កាន់ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បាន​បញ្ជាក់​ថា​ ការ​អនុញ្ញាត​ឲ្យ​អ្នក​បោះឆ្នោត​អាច​គូស​សញ្ញា​គាំទ្រ​គណបក្ស​នយោបាយ​ក្នុង​ចំណោម​គំនូស​សញ្ញាដ៏​ច្រើន​ប្រភេទ គឺ​ជា​ការ​សម្រេច​ចិត្ត ដែល​ខ្វះ​សុក្រិត​ភាព ព្រោះ​បង្ក​ឲ្យ​មាន​ការ​ទិញ​លក់​សន្លឹក​ឆ្នោត និង​គំរាម​កំហែង​អ្នក​បោះ​ឆ្នោត​ជា​ដើម​។

បើតាម​លោក​ ខឹម វាសនា ភាព​មិន​ច្បាស់​លាស់​នៃ​ការ​កំណត់​គំនូស​សញ្ញា​គាំទ្រ​គណបក្ស​នយោបាយ​លើ​សន្លឹក​ឆ្នោត នឹង​នាំ​ឲ្យ​មាន​វិវាទ​ក្នុង​ការ​បក​ស្រាយ និង​អនុវត្ត ចាប់​តាំង​ពី​ដំណាក់​កាល​គណៈកម្មការ​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត រហូត​ដល់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទៀត​ផង។

លោក ចិន ថុន អគ្គ​លេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​ឲ្យ​ដឹង​ថា​ជុំវិញ​បញ្ហា​នៃ​កំណត់​សញ្ញា​គាំទ្រ​នេះ ត្រូវ​បាន​គណបក្ស​យក​ទៅ​ប្រាប់​ស្ថានទូត​ជប៉ុន អាមេរិក អូស្រ្តាលី និង​បារាំង​ជា​ដើម ដើម្បី​ឲ្យ​ស្ថាន​ទូត​ទាំង​នោះ ដឹង​ពី​ភាព​មិន​ប្រក្រតី​មួយ​នេះ​។ បើ​តាម លោក ចិន​ ថុន គណបក្ស​ក៏​គ្រោង​ធ្វើ​សន្និសីទ​កាសែត​ដែរ ប្រសិន​បើ គ.ជ.ប មិន​ព្រម​ដោះ​ស្រាយ​បញ្ហា​នេះ​។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បាន​បញ្ជាក់​ថា គ.ជ.ប លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​បោះឆ្នោត​គូស​សញ្ញា​ធិក(√)​ ប៉ុន្តែ​កន្លង​មក​ធ្លាប់​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​អាច​គូស​សញ្ញាធិក(√) ទើប គ.ជ.ប កាល​ពី​អាណត្តិ​មុន ទទួល​ស្គាល់​ថា​គំនូស​សញ្ញា​ណា​ក៏​ដោយ ដែល​មិន​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​អ្នក​បោះ​ឆ្នោត គឺ​អាច​យក​ជាការ​បាន​។ អ្នក​នាំ​ពាក្យ​រូប​នេះ បន្ថែម​ថា ការ​ប្រើ​គំនូស​សញ្ញា​ច្រើន​ប្រភេទ ដើម្បី​គូស​បង្ហាញ​ការ​គាំទ្រ​ចំពោះគណបក្ស​នយោបាយ​ណា​មួយ ត្រូវ​បាន​ប្រើប្រាស់​ជា​យូរ​មក​ហើយ មិន​មែន​មាន​នៅ​ពេល​នេះ​ទេ។

ជុំវិញ​ការ​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​កំណត់​ឲ្យ​បាន​ច្បាស់​លាស់​ពី​ការ​ប្រើ​គំនូស​សញ្ញា​គាំទ្រ​លើ​សន្លឹក​ឆ្នោត លោកហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប សង្កត់​ធ្ងន់​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ គឺ​មិន​មែន​ជា​តួនាទី​របស់ គ.ជ.ប នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ