អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​​ការ​រើស​អើង​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពីថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​២៣​ឧសភា​ខាង​មុខ​នេះ សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា បាន​ប្រមូល​ផ្ដុំ​គ្នា​​រៀបចំ​សប្ដាហ៍​មោទកភាព ដើម្បីអបអរ​ទិវា​អន្ដរជាតិ​ប្រឆាំង​នឹង​ការ​ស្អប់​ខ្ពើម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​។ ថ្វី​ត្បិត​តែ​បាន​ប្រារព្ធ​ពិធី​អបអរ​ទិវា​នេះ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា ការ​រើស​អើង​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា នៅ​តែ​កើត​មាន​នៅ​ឡើយ​។

ការ​រើស​អើង​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា
ការ​រើស​អើង​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា កន្លង​មក សំឡេង​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ត្រូវ​បាន​បំបិទ​តាម​រយៈ​ការ​គាប​សង្កត់​និង​ការ​មាក់​ងាយ។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា មាន​លក្ខណៈ​រឹងមាំ​ជាង​មុន។ ពួក​គេ​ហ៊ាន​បង្ហាញ​ជា​សាធារណៈ​អំពី​អត្តសញ្ញាណ​ពិត​ប្រាកដ​របស់​ខ្លួន ព្រម​ទាំង​ហ៊ាន​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ដើម្បី​ជា​ប្រយោជន៍​របស់​ក្រុម​ខ្លួន និង​សង្គម​ជាតិ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គេ​នៅ​តែ​សង្កេត​ឃើញ​ថា ការ​រើស​អើង ការ​មាក់​ងាយ ក៏​ដូច​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា CCHR នៅ​ឆ្នាំ​២០១៦ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​បង្ហាញ​ថា អ្នក​ប្ដូរ​ភេទ​ជា​ស្ដ្រី​ចំនួន​៦៩​ភាគ​រយ មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សមាជិក​ក្រុម​គ្រួសារ ខណៈ​ដែល​១៥​ភាគរយ​នៃ​អ្នក​ទាំង​នេះ ត្រូវ​បាន​គ្រួសារ​បណ្ដេញ​ចេញ​ពី​ផ្ទះ និង​៤៩​ភាគ​រយ​មាន​អារម្មណ៍​ថា​ខ្លួន​ត្រូវ​តែ​ចាក​ចេញ​ពី​ផ្ទះ​។ របាយការណ៍​ដដែល​រក​ឃើញ​ថា យុវជន​ដែល​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ងាយ​រង​គ្រោះ​ខ្លាំង​ចំពោះ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត និង​ធ្លាប់​គិត​ចង់​ធ្វើ​អត្តឃាត​ដោយ​សារ​តែ​ការ​រើស​អើង​ថែម​ទៀត​ផង​។

ជា​ការ​ពិត ការ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា មាន​តាំង​ពី​នៅ​ក្នុង​គ្រួសារ សាលា​រៀន រហូត​ទៅ​ដល់​សង្គម​ទូទៅ។ នៅ​ក្នុង​គ្រួសារ ការ​មិន​ទទួល​ស្គាល់​របស់​ឪពុក​ម្ដាយ​ចំពោះ​កូន​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា បាន​ជំរុញ​ឲ្យ​ពួក​គេ​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​គ្រួសារ ដើម្បី​ទៅ​រស់​នៅ​តែលតោល​ប្រថុយ​ប្រថាន​នៅ​ខាង​ក្រៅ។ នៅ​សាលា​រៀន អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នេះ ក៏​ត្រូវ​ទទួល​រង​នូវ​សម្ពាធ​រើស​អើង​ពី​សំណាក់​មិត្ត​រួម​ថ្នាក់ ដែល​អាច​បង្ខំ​ឲ្យ​ពួក​គេ​បោះ​បង់​ការ​សិក្សា​​ផង​ដែរ​។

ចំណែក​​ការ​មាក់ងាយ​និង​រំលោភ​សិទ្ធិ​មនុស្ស​ពី​សំណាក់​សង្គម​ទូទៅ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ត្រូវ​រស់​នៅ​លាក់​ខ្លួន និង​មិន​បាន​ទទួល​នូវ​សេវា​សុខភាព​សាធារណៈ​ដែល​ពួក​គេ​គួរ​តែ​ទទួល​បាន​។ ទាំង​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​បាត់​បង់​ឱកាស ព្រមទាំង​​សិទ្ធិ​ទទួល​បាន​សមភាព​នៅ​ក្នុង​សង្គម​។ ហើយ​វា​ក៏​បាន​ក្លាយ​ជា​​ឧបសគ្គ ដែល​រារាំង​មិន​ឲ្យ​​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ចូលរួម​ឲ្យ​បាន​ពេញ​លេញ​ក្នុង​កិច្ច​ការ​សង្គម សេដ្ឋកិច្ច នយោបាយ ការ​អប់រំ ការ​ថែ​ទាំ​សុខភាព និង​ការងារ​ផង​ដែរ។

ថ្វី​ត្បិត​តែ​គ្មាន​ការ​ដាក់​ទោសទណ្ឌ​សម្រាប់​ការ​ស្រឡាញ់​ភេទ​ដូចគ្នា ប៉ុន្តែ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​កំពុង​តែ​រង​គ្រោះ​ដោយ​ពុំ​មាន​ច្បាប់​ការពារ​ពួក​គេ​ឡើយ។ មតិ​មួយ​ចំនួន​លើក​ឡើង​ថា ការ​ការពារ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា គឺ​ប្រៀប​បាន​ទៅ​នឹង​ការ​ជួយ​បំផ្លាញ​អនាគត​របស់​ពួក​គេ គ្រួសារ និង​សង្គម​ជាតិ។ ប៉ុន្តែ​ក្រុម​អ្នក​សិទ្ធិ​មនុស្ស​បាន​បក​ស្រាយ​ថា ច្បាប់​ការពារ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា មិន​មែន​ជា​ការ​លើក​ទឹក​ចិត្ត​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​ឲ្យ​សង្គម​ខ្មែរ​ទទួល​ស្គាល់​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា និង​ជា​ពិសេស គឺ​ដើម្បី​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក​។ អវត្តមាន​នៃ​ច្បាប់​ការពារ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ធ្វើ​ឲ្យ​រាល់​ការ​រំលោភ​បំពាន​លើ​ពួក​គេ​ត្រូវ​បាន​បំភ្លេច​ចោល ឬ​មើល​រំលង​។ នេះ​បើ​តាម​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​។

វា​ជា​ការ​ពិត​ហើយ​ថា ច្បាប់​ការពារ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ជា​រឿង​ចាំ​បាច់។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ការ​បញ្ជ្រាប​ចំណេះដឹង ដើម្បី​បញ្ឈប់​ការ​រើសអើង​ចំពោះ​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ក៏​ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ដូច​គ្នា។ អង្គការ​សហប្រជាជាតិ​បាន​ទទួល​ស្គាល់​ហើយ​ថា កើត​មក​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ គឺ​មិន​មែន​ជាជំងឺ​ទេ។

ដូច្នេះ សង្គម​គួរ​តែ​ផ្តោត​អារម្មណ៍​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ ការ​សិក្សា​របស់​ពួក​គេ និង​អនាគត​របស់​ពួក​គេ មិន​មែន​ផ្តោត​តែ​ទៅ​លើ​ភេទ និង​សេចក្ដី​ស្នេហា​របស់​ពួក​គេ​ឡើយ។ ព្រោះ​ថា ភាព​ជា​មនុស្ស បើ​ទោះបី​ជា​ស្រឡាញ់​ភេទ​ដូច​គ្នា​ក៏​ដោយ ក៏​ពួក​គេ​មាន​តម្លៃ មាន​សេចក្ដី​ថ្លៃ​ថ្នូរ និង​មាន​សមត្ថភាព​រៀង​ៗ​ខ្លួន។ ភាព​ជា​មនុស្ស បើ​ទោះ​បី​ជា​ស្រឡាញ់​ភេទ​ដូច​គ្នា​ក៏​ដោយ ក៏​ពួក​គេ​អាច​ធ្វើ​អំពើ​ល្អ​សម្រាប់​សង្គម​ផង​ដែរ​។ មនុស្ស​គ្រប់​រូប មិន​ថា​កើត​មក​ជា​ប្រុស ជា​ស្រី ឬ​ជា​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​ក៏​ដោយ គឺ​គួរ​តែ​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ មិន​មែន​ដោយ​ភេទ​របស់​ពួក​គេ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ