អានតួអត្ថបទ
កម្ពុជា

លីកាដូ​ថា ច្បាប់​ស្ដីពី​ទូរគមនាគមន៍​ជា​ផ្នែក​មួយ​គម្រាម​ដល់​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ

អង្គការ​លីកាដូ​នៅ​ថ្ងៃ​នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ កម្រាស​ប្រាំ​ទំព័រ​ ក្រោម​ចំណង​ជើង​ថា ច្បាប់​ថ្មី​ស្ដី​ពី​«ទូរគមនាគមន៍​ប៉ះពាល់​ដល់​សិទ្ធិ​ និង​សេរីភាព​បុគ្គល»។ លីកាដូ​ចាត់​ទុក​ច្បាប់​នេះ​ជា​ផ្នែក​មួយ​នៃ ការ​គម្រាម​កំហែង​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ​លើ​ប្រព័ន្ធ​អ៊ិនធើណេត និង​ទំនាក់​ទំនង​ឯកជន។

សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធ​មនុស្ស​ លីកាដូ។​
សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធ​មនុស្ស​ លីកាដូ។​ LICADHO Facebook Page
ផ្សាយពាណិជ្ជកម្ម

អង្គការ​លីកាដូ​បាន​ធ្វើការ វិភាគ​ទៅ​លើ​មាត្រា​ជា​ច្រើន​នៃ​ច្បាប់​ស្ដីពី​ទូរគមនាគមន៍​នេះ​ដោយ​ពិនិត្យ​ឃើញ​ថា មាន​ការ​រឹត​ត្បឹតយ៉ាង​ខ្លាំង ហើយ​វា​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​អាជ្ញាធរ​ជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​ជីវិត​ឯកជន​របស់​បុគ្គល​ម្នាក់​ៗ។ វិធាន​ការ​ដ៏​លើស​លុប​របស់​ច្បាប់​នេះ​ជា​ពិសេស​មាត្រា​ដែល​ចែង​ពី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ថ្មី​ៗ​បង្ហាញ​នូវ​គោល​បំណង​ពិត​របស់​ច្បាប់​នេះ ដើម្បី​បំភិត​បំភ័យ​បុគ្គល​ម្នាក់​ៗ ដោយ​ដាក់​ទណ្ឌ​កម្ម​ដល់​ការ​អនុវត្ត​សិទ្ធិ​ និង​សេរីភាព​ជាមូល​ដ្ឋាន​និង​កាត់​បន្ថយ​ឬ​ក្រុម​ជំទាស់។

លីកាដូ ជឿថា ពី​ពេល​នេះ​រហូត​ដល់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ ហាក់​ដូចជា​រដ្ឋាភិបាល​បាន​រៀបចំ​មធ្យោបាយ​ថ្មី​មួយ​ដែល​ជា​ការ​ទប់ស្កាត់​ និង​រារាំង​សង្គម​ស៊ីវិល។ ច្បាប់​ស្ដី​ពី​ទូរគមនាគមន៍ បាន​ផ្ដល់​សិទ្ធិ​អំណាច​ដល់​អាជ្ញាធរ​រដ្ឋ​ដោយ​សម្ងាត់​ក្នុង​ការ​ចូលរួម​ស្ដាប់​គ្រប់​ប្រព័ន្ធ​ទូរគមនាគមន៍ និង​ដាក់​ទណ្ឌ​កម្ម​ចំពោះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍​អេឡិច​ត្រូនិច​រវាង​បុគ្គល​និង​បុគ្គល ដែល​ផ្ដល់​ផល​វិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។ ច្បាប់​នេះ​ក៏​អនុញ្ញាត​ឲ្យ​ព្រះរាជ​អាជ្ញា​អាច​បញ្ជា​ឲ្យ​បំផ្លាញ​ភស្ដុតាង​ដែល ហាមឃាត់​ឬ​មាន​គ្រោះថ្នាក់​មុន​ពេល​មាន​ការ​ជំនុំ​ជម្រះ។

លោក​ស្រី ណាលី ពីឡូក នាយិកា​អង្គការ​លីកាដូ​បាន​ទាញ​យក​ករណី​ច្បាប់​នេះ​ជាមួយ​នឹង​ការ​ផ្ដន្ទាទោស​ និង​ការ​ដាក់​ពន្ធនាគារ​មិន​ត្រឹម​ត្រូវ​ទៅ​លើ​និស្សិត​ឈ្មោះ គង់ រ៉ៃយ៉ា ដោយសារ​ការ​បង្ហោះ​សារ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​នោះ។ ទង្វើ​នេះ​លោក​ស្រី​នាយិកា​ចាត់​ទុក​ថា ជា​ការ​បង្ហាញ​ថា អាជ្ញាធរ​មាន​ឆន្ទៈ​រួច​ស្រេច​ក្នុង​ការ​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​ការ​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ិនធើណេត។

នៅ​ផ្នែក​ចុង​ក្រោយ​នៃ​របាយការណ៍​របស់​ខ្លួន​លីកាដូ បាន​បន្ទោស​ទៅ​លើ​គ្រប់​តំណាក់​កាល​តាំង​ពី​ការ​ធ្វើ​សេចក្ដី​ព្រាង​រហូត​ដល់​ការ​អនុម័ត​ គឺ​ពោពេញ​ដោយ​កង្វះ​ខាត​តម្លាភាព​ និង​ការ​ពិភាក្សា​ដ៏​មាន​អត្ថន័យ។ ហើយ​ច្បាប់​នេះ​ឥលូវ​ក្លាយ​ជា​ឧបករណ៍​ផ្នែក​ច្បាប់​របស់​អាជ្ញាធរ​រដ្ឋ ជាមួយ​នឹង​ច្បាប់​ស្ដី​ពី​សមាគមន៍​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ សូម​បញ្ជាក់​ថា ច្បាប់​ស្ដី​ពី​ទូរគមនាគមន៍​អនុម័ត​កាល​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ